ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង«​ធនធាន​ជលផល​តាម​វាលស្រែ​»៖ ជួយ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​​ជម្រក​ត្រីសម្រាប់​ត្រី​មេ​ពូជ​ក្នុង​រដូវប្រាំង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ «​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​» នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​កម្ពុជា ដំណាក់កាល​ទី​២ មាន​រយៈពេល​ប្រាំ​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ត្រូវ​បាន​ទទួលយក​ទៅ​អនុវត្ត​ដោយ…

ខេត្តសៀមរាប​៖ «​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​» នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​កម្ពុជា ដំណាក់កាល​ទី​២ មាន​រយៈពេល​ប្រាំ​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ត្រូវ​បាន​ទទួលយក​ទៅ​អនុវត្ត​ដោយ អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា ដោយ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី USAID តាម​រយៈ​អង្គការ​វើ​ល​ហ្វី​ស WorldFish សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​អង្គការ Feed the future​។ គម្រោង​នេះ​បាន​ជួយ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ស្រះ​ជម្រក​ត្រី​សហគមន៍ ដែល​ផ្តល់​ទីជម្រក​សុវត្ថិភាព​សម្រាប់​ត្រី​មេ​ពូជ​ក្នុង​រដូវប្រាំង នៅ​ក្នុង​តំបន់​ទទួល​ជំនន់​ទឹកភ្លៀង​។

កសិករ​ប្រើប្រាស់​គោ​យន្ត ដើម្បី​បូមទឹក​ចាប់​ត្រី។ ​រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

ថ្មី​ៗ​នេះ​តាម​រយៈ​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បានឱ្យ​ដឹង​ថា គម្រោង​នេះ ស្ថិត​នៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​។

លោក ស៊ុន ឃុន​សេន ប្រធាន​គ្រប់គ្រង​គម្រោង «​ធនធាន​ជលផល​តាម​វាលស្រែ​» របស់​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា បានឱ្យ​ដឹង​ថា គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ​នេះ គឺ​បង្កើត​ឡើង​ដើម្បី​ជួយ​សហ​គម​ន៏ ឲ្យ​មាន​ធនធាន​ជលផល​តាម​វាលស្រែ​ក្នុង​រដូវ ដែល​បាន​បាត់បង់​មួយ​រយៈ​កន្លង​មក​នោះ កើត​មាន​ឡើង​វិញ​។

លោក ស៊ុន ឃុន​សេន មាន​ប្រសាសន៍​ថា ៖ «​ស្រះ​សហគមន៍​ទាំងអស់​មាន​ចំនួន ៤៤​ស្រះ ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​ប្រាំពីរ នៅ​ក្នុង​ខេត្តសៀមរាប​។ គ្រប់​ស្រះ​សហគមន៍ សុទ្ធតែ​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​សម្រាប់​ឲ្យ​ត្រី​ចេញ​នា​រដូវវស្សា និង​ចូល​វិញ នា​រដូវប្រាំង​។ បន្ថែម​ពីលើ​នេះ ក៏​មាន​គណៈកម្មការ​ដើម្បី​ការពារ​ស្រះ ដោយ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ដែនដី​ផង​ដែរ​។ យើង​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​ត្រី​មេ​ពូជ ដោយ​កំណត់ព្រំដែន​ការពារ​ស្រះ ចម្ងាយ​ពី ៥០ ទៅ​១០០​ម៉ែត្រ ពី​មាត់​ស្រះ​។ នៅ​ក្នុង​ដែន​ការពារ​នេះ គឺ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​ចូល​ធ្វើ​នេសាទ​ទេ​»​។

​រូបភាព​ពីលើ​អាកាស នៃ​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង។​ រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

លោក ចិត្ត ស៊​ត ប្រធាន​គណៈកម្មការ​ស្រះ​ជម្រក​ត្រី​សហ​គន៍ គោក​ល្ហុង ដែល​ស្ថិត​នៅ​ក្នុងភូមិ​ល្ហុង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កាលពី​មិន​ទាន់​មាន​ស្រះ​ជម្រក​ត្រី​សហគមន៍ បទល្មើស​នេសាទ ដោយ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់ កើតឡើង​ច្រើន​នៅ​ក្នុងភូមិ​។ ប៉ុន្តែ បន្ទាប់​ពី​ស្រះ​ជម្រក​ត្រី​សហគមន៍ និង​ក្រុម​ល្បាត​ត្រូវ​បាន​បង្កើត​សហគមន៍​មក បទល្មើស​ទាំងនោះ​ពុំ​មាន​ទៀត​ទេ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា ផល​ត្រី​នៅ​តាម​វាលស្រែ​ក្នុងភូមិ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​បាន​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​មក​។ ចំណែកឯ​បទល្មើស​នេសាទ​វិញ ក៏​ពុំ​មាន​កើត​ដូច​ពី​មុន​ដែរ ដោយ​ពួក​យើង​ដាក់​វេន​គ្នា​ល្បាត​»​។

គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​បន្ត​ថា ជា​ប្រធាន​សហគមន៍​ស្រះ​ជម្រក​ត្រី គោក​ល្ហុង ដែល​មាន​សមាជិក ១១​នាក់ លោក ចិត្ត ស៊​ត បាន​ដាក់​ក្តី​សង្ឃឹមថា នឹង​អាច​បន្តសកម្មភាព​គ្រប់គ្រង​របស់​ខ្លួន​ត​ទៀត បើ​មានការ​ជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន ពេល​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​នានា​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្ឃឹមថា នឹង​មានការ​ជួយ​គាំទ្រ​ពី​អាជ្ញាធរ​ដែន បន្ទាប់​ពី​គម្រោង​ឧបត្ថម្ភ​ត្រូវ​បាន​បញ្ចប់​។ ព្រោះ​វា​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ក្នុងភូមិ​ទាំងមូល​។ បើ​ពុំ​ដូច្នោះ​ទេ ពួក​យើង​មិន​អាច​បន្តការងារ​នេះ​បាន​ទៀត​ទេ​»​។

សកម្មភាព​ចាប់​ត្រី បន្ទាប់​ពី​បាន​បូមទឹក​ចេញ​អស់ហើយ​។ រូបភាព ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ

ក្នុង​ទឹកមុខ​ញញឹមញញែម សប្បាយ​រីករាយ ពេល​ទទួល​បាន​ផល​ចាប់​ត្រី​បាន​ច្រើន និង​ចម្រុះ​ប្រភេទ លោក សុំ បាន ជា​កសិករ​រស់នៅ​ក្នុងភូមិ ដែល​ទទួលផល​ពី​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​បង្កើត​ស្រះ​ជម្រក​ត្រី​សហគមន៍​មក ផល​ចាប់​ត្រី​ក្នុង​ស្រះ​តាម​វាលស្រែ​នៅ​ក្នុងភូមិ​របស់​គាត់​មានការ​កើនឡើង​។ ប៉ុន្តែ ត្រី​ចូល​ក្នុង​ស្រះ​របស់​គាត់​តិច​ជាង​ឆ្នាំ​មុន​។

លោក សុំ បាន និយាយ​ថា​៖ « ខ្ញុំ​ប្រមូល​ផល​ចាប់​ត្រី​បាន​តិច​ជាង​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​គិត​ថា​បាន​ច្រើន​។ ព្រោះ​ស្រះ​ត្រី​តាម​វាលស្រែ​ក្នុងភូមិ​បាន​កើនឡើង​ច្រើន​។ អ្នក​ភូមិ​គាត់​ឃើញ​ខ្ញុំ​ប្រមូល​ផល​ត្រី​បាន​ច្រើន​រាល់​ឆ្នាំ ដូច្នេះ ពួក​គាត់​ក៏​ជីក​ស្រះ​នៅ​ក្នុង​ស្រែ​ដែរ​ទៅ​។ គ្រួសារ​ខ្លះ ជីក​មួយ​ស្រះ ខ្លះ​ជីក​ពីរ​ស្រះ​។ ដូច្នេះ ត្រី​ដែល​ចេញពី​ស្រះ​ជម្រក​ត្រី​សហគមន៍ គោក​ល្ហុង ក៏​បែងចែក​ចូល​តាម​ស្រះ​អ្នក​ភូមិ​ទាំងនោះ​ទៅ​។​»​។

គួរ​បញ្ជាក់​ថា ការ​បង្កើត​ស្រះ​ជម្រក​ត្រី​នេះ គឺ​ដើម្បី​ឱ្យត្រី​មេ​ពូជ​ចូល​ទៅ​ជ្រកកោន​ក្នុង​រដូវប្រាំង​។ ត្រី​មេ​ពូជ​ទាំងនោះ នឹង​ពង​-​កូន​។ រដូវវស្សា​ចូល​មក​ដល់ ជំនន់​ទឹកភ្លៀង​បាច​ហាច​ព្រៀប​ប​មាត់​ស្រះ ពួក​វា​ក៏​ចាក​ចេញពី​ស្រះ​សហគមន៍ ចូល​ទៅ​តាម​វាលស្រែ​ដើម្បី​រក​ចំណី និង​ធំធាត់​។ រដូវប្រាំង​ចូល​មក​ដល់ វា​ក៏​ត្រឡប់​ចូល​មក​លាក់ខ្លួន​នៅ​ក្នុង​ស្រះ​ជម្រក​ត្រី​សហគមន៍​វិញ​។ ប៉ុន្តែ ត្រី​មួយ​ចំនួន​ធំ ក៏​បន្ត​រស់នៅ​ក្នុង​ស្រះ​តាម​វាលស្រែ​របស់​អ្នក​ភូមិ​នោះ​ទៅ​៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង