ព្រះពុទ្ធសាសនាមានន័យទូលំទូលាយណាស់ដែលពុទ្ធមាមកជនឈ្វេងយល់នូវចំណុចសំខាន់មួយចំនួនដូចខាងក្រោមនេះ ។
១-ព្រះពុទ្ធសាសនា គឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលទ្រង់សម្តែងកាលពីជាង២៥០០ឆ្នាំកន្លងទៅ ។
២-ព្រះពុទ្ធសាសនា សំដៅដល់ចតុរារិយសច្ចៈពោលគឺ ទុក្ខសច្ចៈ សមុទយសច្ចៈ និរោធសច្ចៈ និងមគ្គសច្ចៈ ។
៣- ព្រះពុទ្ធសាសនា សំដៅដល់បរិយត្តិធម៌ពោលគឺព្រះត្រៃបិដក ដែលផ្ទុកដោយព្រះធម៌ទាំង៨ម៉ឺន៤ពាន់ព្រះធម្មក្ខន្ធរបស់ព្រះស្រីសក្យមុនី សម្មាសម្ពុទ្ធ ។
៤- ព្រះពុទ្ធសាសនា សំដៅដល់បដិបត្តិធម៌ពោលគឺ ត្រៃសិក្ខា សីល, សមាធិ, បញ្ញា ។
៥- ព្រះពុទ្ធសាសនា សំដៅដល់បដិវេធធម៌ពោលគឺ នវលោកុត្តរធម៌គឺ មគ្គ៤ ផល៤ និព្វាន១ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ អរហត្តមគ្គ១ រួមជាមគ្គ៤ និងសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ រួមជាផល៤ និងព្រះនិព្វាន១ ជា លោកុត្តរធម៌៩ ឬនវលោកុត្តរធម៌ ។
៦-ព្រះពុទ្ធសាសនាសំដៅដល់ធុរៈទាំង២ គឺគន្ថធុរៈ និងវិបស្សនាធុរៈ ។
៧- ព្រះពុទ្ធសាសនាសំដៅដល់សេចក្ដីពិតនៅក្នុងធម្មជាតិ ឬហៅថាសច្ចធម៌ ច្បាប់ធម្មជាតិ ដែលព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់ដឹងហើយទ្រង់លើកយកមកសម្តែងលាតត្រដាងដល់សត្វលោក ពោលគឺមនុស្សនិងទេវតាឱ្យបដិបត្តិតាមដើម្បីសម្រេចបាននូវមោក្ខធម៌ពោលគឺ ព្រះនិព្វាន ជាទីរលត់ទាំងស្រុងនៃវដ្តទុក្ខ ។
៨-ព្រះពុទ្ធសាសនាសំដៅដល់ពុទ្ធោវាទ៣ប្រការគឺ ១-សព្វបាបស្ស អករណំ កិរិយាមិនធ្វើបាបទាំងពួង ២-កុសលស្សូបសម្បទា កិរិយាបំពេញនូវអំពើជាកុសល ៣-សចិត្តបរិយោទបនំ កិរិយាសម្អាតចិត្តឱ្យផូរផង់ចាកគ្រឿងសៅហ្មងនៃចិត្តពោលគឺ លោភៈ ទោសៈ និងមោហៈ ។ ឯតំ ពុទ្ធាន សាសនំ ទាំងនេះគឺជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
៩- ព្រះពុទ្ធសាសនា គឺសំដៅដល់សេចក្ដីមិនធ្វេសប្រហែសក្នុងកុសលធម៌ និងជីវិត ។
ទាំង៩ចំណុចនេះជាខ្លឹមសាររួមនៃពាក្យថា ព្រះពុទ្ធសាសនាដែលបរិស័ទអ្នកគោរពព្រះពុទ្ធសាសនាគួរឈ្វេងយល់ ដើម្បីជាវត្តប្រតិបត្តិតទៅទៀត ៕ សាន សារិន
ចែករំលែកព័តមាននេះ