រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២១ ថាបានព្យាបាលពលករខ្មែរមកពីប្រទេសថៃចំនួន៤នាក់ ដែលឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន១នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរ មិនពាក់ព័ន្ធនឹងអ្នកដំណើរមកពីប្រទេសថៃនោះទេ គាត់ជា បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពី ប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន រាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា មានករណីជាសះស្បើយសរុបចំនួន ៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃក្នុងនោះមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
២- បុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
៣- បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្លែង ឃុំស្រណោល ស្រុកក្រឡាញ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
៤- ស្ត្រីជនជាតិខ្មែរ អាយុ ៨២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
ក្រសួងក៏បានកត់សម្គាល់ថា បុគ្គលទាំង ៤រូបខាងលើនេះ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយ មានជ័យ ។
សូមជម្រាបថា គិតមកដល់ពេលនេះក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ជាសះស្បើយសរុបចំនួន៤៥១នាក់ក្នុងចំណោមអ្នកឆ្លងសរុប៤៦៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៦នាក់៕
ចែករំលែកព័តមាននេះ