រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បានបើករថយន្តម៉ាកព្រូសជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ បណ្តាលឱ្យដួលរងរបួស ហើយរថយន្ដនោះបានរ៉េចង្កូតជ្រុលទៅបុកចូលផ្ទះលក់ខោអាវជជុះដែលនៅក្បែរនោះ បណ្តាលឱ្យរងខូចខាតបន្ថែមទៀត ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង២ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំនុចផ្លូវ១៤៣កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ភាគីខាងរថយន្តមួយគ្រឿងខាងលើម៉ាកព្រូស ពណ៌ស បើកបរដោយនារីម្នាកមិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់ទៀតជាអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស រ៉េវ៉ូ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AM 4205 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី ស្មាសរ៉េវ៉ូ ធ្វើដំណើរតាមផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមាននារីវ័យក្មេងម្នាក់ជាអ្នកបើករថយន្តម៉ាកព្រូស រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៍ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ រងរបួសរលាត់ដៃជើង និងពកមុខពកមាត់ និងបែកទូរសព្ទ័ម៉ាក iphone 11 pro អស់១គ្រឿងទៀត ។
តាមប្រភពព័ត៌មានបានបន្តថា ភ្លាមៗនោះដែរ រថយន្តម៉ាកព្រូសនៅមិនទាន់អស់ល្បឿន នៅឡើយទេ ក៍បានរ៉េចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកទ្វារផ្ទះលក់ខោអាវជជុះ ធ្វើឲ្យរងខូចខាត អស់ចំនួន២ប្រលោះ ទើបកល់រថយន្តជាប់ទៅមុខលែងរួច ហើយភ្លាមៗនោះនារីវ័យក្មេងជាអ្នកបើករថយន្តបានចុះពីលើរថយន្តនិយាយទាំងធុំក្លិនស្រាថា គាត់បានបើកគេចពីម៉ូតូមួយគ្រឿង ទើបបង្កគ្រោះថ្នាក់បែបនេះ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត និងភាគីខាងម៉ូតូបានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបានសងទៅខាងម៉ូតូចំនួន១៥០ដុល្លារ និងសងថ្លៃការខូចខាតទៅអោយម្ចាស់ផ្ទះចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ