ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​បន្តិច​ក្រោយ​ស្ងប់ស្ងាត់​អស់​ជិត​មួយ​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ទេសចរ​ជា​ច្រើន​នាក់​រង​ផល​ប៉ះពាល់ ដោយសារ​តែ​គ្មាន​ភ្ញៀវ​ទេសចរ បរទេស​ឬ​ក្នុងស្រុក​ទៅ​កម្សាន្ត និង​លំហែ ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​បាត់បង់​ចំណូល និង​បង្ខំចិត្ត​ផ្លាស់​ប្តូរ​របរ​ដើម្បី​រក​ចំណូល ។…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ទេសចរ​ជា​ច្រើន​នាក់​រង​ផល​ប៉ះពាល់ ដោយសារ​តែ​គ្មាន​ភ្ញៀវ​ទេសចរ បរទេស​ឬ​ក្នុងស្រុក​ទៅ​កម្សាន្ត និង​លំហែ ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​បាត់បង់​ចំណូល និង​បង្ខំចិត្ត​ផ្លាស់​ប្តូរ​របរ​ដើម្បី​រក​ចំណូល ។

រូបបច្ចុប្បន្ន

ចូល​ដល់​ឆ្នាំ​២០២១ សហគមន៍​ទេសចរណ៍​ជា​ច្រើន​នៅ​តែ​ប៉ះពាល់ តែបើ​ធៀប​នឹង​ឆ្នាំ​២០២០ ឃើញ​ថា មាន​សកម្មភាព​បន្តិច​ឡើង​វិញ ។ អ្នក​បើកទូក​ទេសចរណ៍​មួយ​រូប នៅ​តំបន់​ទេសចរណ៍ធម្មជាតិ កំពង់​ភ្លុក បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ ពេញ​មួយ​ឆ្នាំ ចាប់តាំងពី​កូ​វី​ដ​១៩​មក តំបន់​ទេសចរណ៍​កំពង់​ភ្លុក មិន​មាន​ភ្ញៀវ​មក​លេង​ទេ ធ្វើ​ឱ្យ​ទូក​ទេសចរណ៍​ទាំង​តូច​ទាំង​ធំ ត្រូវ​ចត​ចោល​ដូចដែល​បានឃើញ គឺ​យូរ​ៗ​ចេញ​មួយ​ទូក​ប៉ុណ្ណោះ ជា​ពិសេស​សម្រាប់​ទូក​ធំ​ៗ គឺ​ស្ងាត់ឈឹង​តែ​ម្ដង គឺ​ចេញ​តែ​ទូក​ៗ​ប៉ុណ្ណោះ តែ​ទូក​ខ្លះ​មួយ​ខែ​ចេញ​ម្ដង​ឬ​ក៏​ពីរ​បី​ខែ​ទើប​ចេញ​ម្ដង ព្រោះ​ត្រូវ​ចេញ​តាម​លេខ​រៀង ។

រូបកាលពីឆ្នាំមុន

លោក​បន្ត​ថា កាលពីមុន​ទូក​ខ្លះ​ចេញដំណើរ​ដឹក​ភ្ញៀវ​ទេសចរ​ហោច​ណាស់​ក៏​១​ជើង​ឬ​ពីរ​ជើង​ដែរ តែ​ចូល​ដល់​កូ​វី​ដ​១៩ ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​បរទេស​គឺ​អត់​មាន​ទាំងស្រុង​តែ​ម្ដង ដោយ​មាន​តែ​ភ្ញៀវ​ក្នុងស្រុក​មួយ​ថ្ងៃ​ពីរ​បី​ទូក ហើយ​ថ្ងៃ​ខ្លះ​ក៏​អត់​មាន​ភ្ញៀវ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នេះ​ដែរ ។ ដោយសារ​តែ​អត់​មាន​ភ្ញៀវ​មក​ទស្សនា​នៅ​រមណីយដ្ឋាន​បែប​នេះ អ្នក​បើកទូក​មួយ​ចំនួន​ក៏​ប្តូរ​មុខរបរ​ទៅ​នេសាទ ឬ​ធ្វើ​អ្វី​ផ្សេង​ជំនួស​វិញ​ជា​ជាង​នៅ​ចាំ​ភ្ញៀវ​ត្រលប់​មក​វិញ ។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ​នៅ​តំបន់​ទេសចរណ៍​កំពង់​ភ្លុក​មាន​ទូក​ទេសចរណ៍​ខ្នាត​តូច​ប្រមាណ​៧០០​គ្រឿង​និង​ទូក​ទេសចរណ៍​ខ្នាត​ធំ​ជិត​១០០​គ្រឿង​ទៀត ដូច្នេះ​ការ​ចេញ​ត្រូវ​ចាំ​វេ​ណ​ម្ដងម្នាក់ ។ បើ​ទូក​តូច​ៗ​មាន​ចេញ​ជា​ហូរហែ តែ​ទូក​ធំ​ៗ​វិញ​ជិត​កន្លះ​ឆ្នាំ​ទើប​ដល់​វេ​ណ​ចេញ​ដឹក​អ្នកទេសចរ ទៅ​កម្សាន្ត​។ លោក​ថា​៖« ចូល​ដល់​ឆ្នាំ​២០២១​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក៏​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត ធ្វើ​ឱ្យ​សកម្មភាព​ទេសចរណ៍​ក្នុង​តំបន់​ទេសចរណ៍​កំពង់​ភ្លុក​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ » ។

រូបបច្ចុប្បន្ន

អ្នកស្រី​តិ សា​រិ​ក ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទូក​ទេសចរណ៍​មួយ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​ក្រោម ចុង​ឃ្នៀស ខេត្តសៀមរាប បាន​និយាយ​ថា ទេសចរ​ក្នុងស្រុក​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២១​នេះ ធ្វើ​ឱ្យ​សកម្មភាព​ផ្គត់ផ្គង់​សេវា​ទេសចរណ៍​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ ក៏​បាន​ខ្លះ​ៗ​មក​វិញ ក្រោយ​ពេល​ឆ្នាំ​២០២០ សកម្មភាព​ស្ងប់ស្ងាត់​សឹងតែ​ពេញ​មួយ​ឆ្នាំ ។ អ្នកស្រី​បន្ត​ថា ទូក​ទេសចរណ៍​តូច​ៗ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​ក្រោម ចុង​ឃ្នៀស បាន​ចាប់ផ្ដើម​ចេញ​ដឹក​ភ្ញៀវ​ទេសចរ​កម្សាន្ត​បណ្ដើរ​ឡើង​វិញ​ខណៈ​ធំ​ៗ​នៅ​មិន​ទាន់​បាន​ចេញ​នៅឡើយ ដោយសារ​តែ ទេសចរ​មក​កម្សាន្ត​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​និង​មាន​ចំនួន​តិចតួច ។

រូបកាលពីឆ្នាំមុន

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ឆ្នាំ​២០២១​នេះ ប្រតិបត្តិ​ករ​ទេសចរ​នឹង​អាច​រក​ចំណូល​បាន​មក​វិញ​ខ្លះ ដោយ​រំពឹង​ពី​ការ​ហូរ​ចូល​មក​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក្នុង​ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ក៏​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​បណ្ដើរ​ៗ ។ លោក​ជំទាវ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១៩​បាន​ល្អ និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ឡើង​វិញ ដូច្នេះ​ប្រតិបត្តិ​ករ​ទេសចរ ក៏​គួរតែ​ត្រៀម​សេវាកម្ម​នានា​ឡើង​វិញ​សម្រាប់​បម្រើ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ។

តែ​យ៉ាងណា​ដោយសារ ភាព​ច្បាសលាស់​នៃ​វិស័យ​នេះ នៅ​តែ​មិន​ទាន់​ប្រាកដ​នៅឡើយ ដោយសារ​តែ​ការ​រង់ចាំ​មើល​ពី​គុណភាព​នៃ​វ៉ាក់សាំង​កូ​វី​ដ​១៩ ។ យ៉ាងណា​ក្តី យើង​រំពឹង​ថា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​អាច​ត្រលប់​មក​កម្សាន្ត​បណ្ដើរ​ៗ ឡើង​វិញ ក្នុង​ឆ្នាំ​២០២១​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ