រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានបើកក្នុងល្បឿនលឿន ដើម្បីអោយផុតស្តុប ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរបានទាញចង្កូតគេចយានយន្ត ហើយចូលចំណែកផ្លូវបញ្ច្រាស់ ហើយជ្រុលឡើងចិញ្ចើមសួនខណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយក្រឡាប់ដេកស្តូក ចាក់ដីចោល បណ្តាលអោយរថយន្តដាច់កាឡេ តែសំណាងល្អពុំបណ្តាលអោយមនុស្សរងរបួសឡើយ ។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១០និង២៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុបមហាវិថីឈ្នះឈ្នះ កែងផ្លូវភ្នំពេញហាណូយ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តដែលក្រឡាប់នោះជារថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D.១២៧៣ បើកបរដោយបុរសម្នាក់ឈ្មោះ រតនា អាយុ២៥ឆ្នាំ ។
តាមអ្នកបើកបរបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តដឹកដីចេញពីរណ្តៅ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ពេលបើកឆ្លងស្តុប ស្រាប់តែហ្វ្រាំងមិនស៊ី ក៏ទាញចង្កូតគេចរថយន្ត និងម៉ូតូដែលបើកឡើងពីផ្លូវភ្នំពេញហាណូយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចូលទៅចំណែកផ្លូវបញ្ច្រាស់ ។
តាមអ្នកបើកបរបានអោយដឹងទៀតថា ខណៈនោះស្រាប់តែមានរថយន្តធ្វើដំណើរមកពីមុខទៀតក៏បានបង្ខំចិត្តទាញចង្កូតគេចឡើងសួនក៏បានក្រឡាប់ចាក់ដេកស្តូកចាក់ដីចោល តែសំណាងល្អមិនបណ្តាលអោយមានអ្នករងរបួសឡើយ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់អ្នកបើករបបានទាក់ទងហៅថៅកែមកហើយចាត់ចែងយកគ្រឿងចក្រមកកាយ យកដីសេងដាក់រថយន្តមួយគ្រឿងទៀត និងហៅរថយន្តមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ព្រោះពុំបង្កអោយខូចខាតទ្រព្យសម្បត្តិសាធារណៈនោះឡើយ ៕
ចែករំលែកព័តមាននេះ