ខេត្តកោះកុង ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងនាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) ថ្ងៃនេះ បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។
ពិធីលែងនេះ បានធ្វើឡើងក្រោមគម្រោងមួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប(EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង TSA ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសម្បុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។
នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី១-ទី៣ ក្នុងឆ្នាំ២០១៥-២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «ខ្ញុំសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាន និងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។
លោក វិបុល ក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានថ្លែងថា អណ្តើកហ្លួងទាំង ១០ក្បាល(ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis)) ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីវាបានញាស់នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦-២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គ.ម ភាគអាគ្នេយ៍ក្រុងកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាប និងអណ្តើកគោកចំនួន២៥ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិតឆ្នាំ ២០០៥។ ដោយសារមានការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
សត្វអណ្តើកទាំងនេះកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។ ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួង ឬអណ្តើកសរសៃបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។ ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ។ សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះរួមមាន កម្មវិធីការពារសម្បុកអណ្តើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍ ក្រោមការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយជាច្រើន រួមមាន សហភាពអឺរ៉ុប និងឧទ្យានសត្វព្រៃសឹង្ហបុរី (WRS)។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្តើកហ្លួងទាំងនេះ ហើយនេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ សហភាពអឺរ៉ុប បាន និងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសម្បុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយ រដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។
សហភាពអឺរ៉ុប ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ។ បណ្ឌិត សុនចា ឡូហ្ស (Dr Sonja Luz) នាយកឧទ្យានសត្វព្រៃ WRS បានមានប្រសាសន៍ថា «វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកយើង ដោយឃើញគម្រោងនេះសម្រេចបានលទ្ធផលល្អ ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ជាក់ស្តែង អណ្តើកហ្លួងជិត ១០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងអង្គការអភិរក្សសត្វព្រៃផ្សេងទៀតដែលបានប្រឹងប្រែងធ្វើការរួមគ្នា ក្នុងគោលបំណងជួយសង្គ្រោះប្រភេទនេះកុំឱ្យវិនាសផុតពូជ។
យើងខ្ញុំប្តេជ្ញាបន្តធ្វើការជាមួយដៃគូជាច្រើនទៀតដើម្បីការពារប្រភេទអណ្តើកដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះនៅក្នុងតំបន់ ដូចជា ប្រភេទអណ្តើកហ្លួងរបស់កម្ពុជានេះជាដើម។» លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា «កម្មវិធីការពារសំបុកអណ្តើក ដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រភេទសត្វអណ្តើកដ៏កម្រ និងជិតផុតពូជទាំងនេះ តាមរយៈការលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋានក្នុងការការពារ និងថែរក្សាសម្បុកអណ្តើក រហូតដល់ពេលកូនអណ្តើកញាស់ចេញដោយជោគជ័យ»៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ