កាលពីថ្ងៃទី២៦ មករា ២០២១នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា មានការចែកចាយវីដេអីឃ្លីបខ្លីមួយ ទាក់ទងនឹងករណីរថយន្តមួយគ្រឿង បានដឹកទុយោទឹកដាក់ទទឹងខុសបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់រថយន្ត ដើម្បីធ្វើការផាកពិន័យ និងណែនាំ ប៉ុន្តែបែរជាត្រូវម្ចាស់រថយន្តមិនសហការ និងថែមទាំងសួរសមត្ថកិច្ចថា តើខ្ញុំខុសអី ?
ជុំវិញករណីខាងលើនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្តីបំភ្លឺឆ្លើយតបជាបឋម ជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម ដោយផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដ ដូចខាងក្រោម ៖
ទី១- ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង ៖
-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
-ការបាំងភ្នែកអ្នកបើកបរ ឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន
-ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀត ដែលអាចជៀសវាងបាន
-ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ ។
ទី២- គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ ។
ទី៣- ក្នុងគ្រប់ករណី នៃការផ្ទុកវត្ថុផ្សេងៗ ដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ ។
ទី៤- ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រ ពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក ។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប) ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ ។
ប្រសិនអ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាចឃាត់ពិន័យ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០,០០០រៀល ចំពោះរថយន្តធុនស្រាល និង ៣០០,០០០រៀល ចំពោះរថយន្តធុនធ្ងន់ ។
ទោះជាយ៉ាងណា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ ៕
ចែករំលែកព័តមាននេះ