បេះដូងនៃក្តីស្រឡាញ់ និងចែករំលែក ផុសឡើង ប្រឆាំងកូវីដ១៩
- ភ្នំពេញ
ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋ រយៈពេល…
ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋ រយៈពេល…
ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងឆ្នាំកន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋ រយៈពេល ៧ខែ ជូនទៅក្រសួងសុខាភិបាល។ នោះគឺបៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន ១០លានរៀល/ខែ ត្រូវបង់ពន្ធ ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០០.០០០រៀល/ខែ សរុប ៧ខែ ចំនួន ៦៣.៦៣៩.០០០ រៀល។
នៅថ្ងៃទី២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អាស្រ័យ ដោយកូវីដ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង សម្តេច សូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀត ជូនទៅក្រសួង សុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្ត ជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង។
គេនៅចាំបានថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្ម័គ្រចិត្ត បរិច្ចាគប្រាក់ខែរបស់សម្តេច ចំនួន ៧ខែ គិតចាប់ពីខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមជាវិភាគទាន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រាក់ខែនាយករដ្ឋមន្ត្រី មានចំនួន ១០លានរៀល ក្នុង ១ខែ ខណៈដែលរដ្ឋមន្ត្រី ទទួលបានប្រាក់ខែ ៥លានរៀល ក្នុង ១ខែ។
ជាបន្តបន្ទាប់ កាលណោះ ចលនាសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជន បាន កើតឡើង ដោយមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ និងមន្ត្រីនានា នៅតាមក្រសួងស្ថាប័នរដ្ឋ ព្រមទាំងអភិបាល អភិបាលរង រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ប្រធានរដ្ឋសភា តំណាងរាស្ត្រ ជាដើម បានប្រកាសបរិច្ចាគប្រាក់ខែ ដើម្បីចូលរួមប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
នៅពេលនេះទៀត ក្នុងរលកថ្មី នៃចលនាសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ ប្រជាជនកម្ពុជាយើង ក៏បានកើតឡើងម្តងទៀត គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀត ជូនទៅ ក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏មានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ និងមន្ត្រីរាជការជាបន្តបន្ទាប់ បានប្រកាស ពីការបរិច្ចាគប្រាក់ខែ ជូនក្រសួងសុខាភិបាល ជាហូរហែ។
ដើម្បីចូលរួមវិភាគទាន ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ គឺកាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បានព្រះរាជទាន ព្រះរាជទ្រព្យ សរុបចំនួន ៣០ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ឬកូវីដ១៩។
ចលនាសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ប្រជាជន បានកើតឡើងជាបន្តបន្ទាប់ ដោយមានសប្បុរសជន បានចូលរួមវិភាគទានរាប់ម៉ឺនសែន និងចូលដល់ខ្ទង់លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល សម្រាប់ចូលរួមទប់ស្កាត់ការរាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ។ ជាសរុប កាលណោះ រាជរដ្ឋាភិបាល ទទួលបានថវិកាជំនួយពីសប្បុរសជនប្រមាណ ២០លានដុល្លារ ដោយមិនទាន់គិតពីការបរិច្ចាគប្រាក់ខែរបស់មន្ត្រីរាជការជាច្រើនផ្សេងទៀតទេ។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ឱ្យបានយ៉ាងហោចណាស់ ១០លាននាក់ ដែលត្រូវការវ៉ាក់សាំង រហូត ២០លានដូស ( ម្នាក់ ចាក់ ២ដូស )។ តែតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយនេះ កម្ពុជានឹងទិញវ៉ាក់សាង ចំនួន ១លានដូស សម្រាប់ចាក់ជូនប្រជាជន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាព ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បានចូលរួមបរិច្ចាគថវិកាតាមតិច តាមច្រើនជាបន្តបន្ទាប់។ ព្រះកុរណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏បានចូលរួមព្រះរាជទានព្រះរាជទ្រព្យ រហូតដល់ ១លានដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ លើកនេះ រាជរដ្ឋាភិបាល ទទួលបានជាង ៥៧លានដុល្លារអាមេរិ។
ចលនាផុសផុលរបស់មហាជននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថា ជាខឿនការពារសុខភាពប្រជាជនកម្ពុជា បន្ទាប់ពីចលនាចូលរួមដូចគ្នា បានកើតឡើងជាខឿនការពារជាតិ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក្នុងពេលកម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃ។
នៅពេលនេះទៀត ក្នុងនាមជាអ្នកដឹកនាំ ជាគំរូ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តកាត់បៀវត្សទាំងអស់ ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងកូវីដ១៩។ កូវីដ១៩ ដែលបន្តអូសបន្លាយ មិនទាន់ដឹងទីបញ្ចប់ បើទោះបីជា ដំណឹងនៃការមកដល់វ៉ាក់សាំងរបស់ចិន ក្នុងជំហ៊ានដំបូង ៣០ម៉ឺនដូស នឹងមកដល់ភ្នំពេញ នៅដើមខែកុម្ភៈខាងមុខនេះក៏ដោយ។
សម្រាប់ការចំណាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នៅពេលនេះ គឺការពិនិត្យសុខភាព និងការធ្វើតេស្តអ្នកដំណើរ ចូលមកកម្ពុជាតាមយន្តហោះ និងតាមផ្លូវគោក នៅព្រំដែនថៃ ព្រមទាំងការធ្វើចត្តាឡីស័ក។ ក្រៅពីនោះ ក៏មានការចំណាយលើការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័ក ដែលមានជីវភាពក្រីក្រ។
ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ក៏ជាបន្ទុករបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង សុខាភិបាល បន្ថែមលើការចំណាយលើឧបករណ៍សម្ភារៈ និងបរិក្ខារពេទ្យ ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ។ ក្រៅពីនេះ ក៏នៅមានការចំណាយលើប្រាក់ឧបត្ថម្ភក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងការពារដទៃទៀត។
យ៉ាងណាក៏ដោយ រាល់ការចំណាយទាំងអស់ ដែលរាជរដ្ឋាភិបាល បានផ្តល់ការគ្រប់គ្រងដោយផ្ទាល់ដល់គណៈកម្មការ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរតែជាការចំណាយចំគោលដៅ និងដោយតម្លាភាព ត្រឹមត្រូវ ព្រោះថា ថវិកាជំនួយរាប់លានដុល្លារកន្លងមក ជាប្រាក់ឧបត្ថម្ភពីសប្បុរសជន ប្រជាពលរដ្ឋ រួមទាំងជាប្រាក់ខែរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ជាដើម។
ដូច្នេះដើម្បីឲ្យការបរិច្ចាគធនធាន ជាលុយសុទ្ធ និងជាប្រាក់ខែ ទាំងពេលមុន និងបន្តដល់ពេលនេះ បង្កើតបានជាចលនាសាមគ្គីភាព ក្នុងខឿនការពារសុខភាពរបស់ ប្រជាជនកម្ពុជា គួរតែបន្តស្ថិតនៅក្នុងស្មារតីប្រជាជាតិខ្មែរយើង ចាប់តាំងពីប្រជាជន រហូតដល់ថ្នាក់ដឹកនាំ។ តែសំខាន់ជាងនេះទៀត ការប្រើប្រាស់ធនធានទាំងនោះ ក៏គួរតែចំគោលដៅ និងដោយតម្លាភាព ដើម្បីឲ្យស័ក្តិសមនឹងការខិតខំប្រឹងប្រែងគៀងគរជំនួយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ៕ ដោយ៖ មុត ស្រីពៅ
ចែករំលែកព័តមាននេះ