រាជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវនៃផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋកម្ពុជាដែលគ្រោងនឹងធ្វើក្នុងខែកុម្ភៈខាងមុខនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ជាថ្មី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងត្រូវធ្វើឡើងតាមស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំឡើយ ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ ហើយក្រុមមនុស្សដែលនឹងទទួលការចាក់វ៉ាក់សាំងមុនគេនោះគឺ «ក្រុមអាទិភាព» ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា នាពេលបច្ចុប្បន្ននេះក្រសួងបានកំពុងមមាញឹកក្នុងការរៀបចំពិធីសារសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជា កិច្ចការបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការត្រៀមទទួលយកវ៉ាក់សាំង ក៏ដូចជា ការរៀបចំទទួលក្រុមអាទិភាពដែលនឹងចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩ មុនគេ ។
លោកស្រីបានបញ្ជាក់ច្បាស់ៗថា «ការចាក់វ៉ាក់សាំំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ»។ លោកស្រីអ្នកនាំពាក្យរូបនេះបានបន្តថា វ៉ាក់សាំងការពារកូវីដ ១៩ ដែលនឹងយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការណ៍ «៣ការពារ» របស់រាជរដ្ឋាភិបាលនោះ គឺ ការពារ តាមរយៈការ ពាក់ម៉ាស់ លាងដៃ និងគម្លាត់សុវត្ថិភាពបុគ្គល និងវិធានការណ៍ «៣កុំ» គឺកុំទៅកន្លែងណាដែល មានមនុស្សច្រើនពេក, កុំទៅកន្លែងណាដែលបិទជិតឈឹង និងប្រើម៉ាស៊ីនត្រជាក់យូរ គ្មានខ្យល់ចេញចូល និងកុំចាប់ដៃ កៀកក ជាដើម។
លោកស្រីបានបន្ថែមថា នៅពេលបងប្អូនដែលបងប្អូនបានរករស់នៅធម្មតា ត្រូវធ្វើយ៉ាងណាកុំភ្លេចការប្រកាន់ភ្ជាប់នូវវិធានការ៣ការពារ និង៣កុំឲ្យបានជាប់បំផុត ។
សូមរម្លឹកថាលោកតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា សម្តេចគឺជាបុគ្គលដំបូងគេដែលនឹងចាក់វ៉ាក់សាំងកូវីដ ១៩ នៅពេលដែលវ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់មហាមិត្តចិន នឹងដឹកមកដល់ស្រុកខ្មែរ នាខែកុម្ភៈខាងមុខនេះ ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជាត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ចំនួន៥០ម៉ឺននាក់មុនចូលឆ្នាំខ្មែរនាខែមេសាខាងមុខ ដែលក្នុងនោះត្រូវផ្តោតទៅលើអ្នកបម្រើសេវាជួរមុខ រួមទាំងអ្នកបោសសម្រាមផងដែរ ៕
ចែករំលែកព័តមាននេះ