ខេត្តពោធិ៍សាត់៖ អតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល។ ពិធីប្រគល់ និងទទួលដីសម្បទាននេះ បានប្រារព្ធធ្វើ នៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
របាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ដីសម្បទានសង្គមកិច្ច នៅពោធិ៍សាត់ មាន ០៣ទីតាំង៖ ទី១ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ចំនួន២.២៨៦ហិកតា បានឈួសឆាយ សម្រាប់ដំណើរការសាងសង់ផ្ទះ និងដីកសិកម្ម សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ អស់ផ្ទៃដីចំនួន ២៤៦ហិកតា អនុវត្តតាមបទបញ្ជាលេខ ០១បប អស់ផ្ទៃដី ៨០៧ ហិកតា និងអនុវត្តតាមលិខិតបង្គាប់ការរបស់សាលាខេត្តអស់ផ្ទៃដីចំនួន ៦៧៧ហិកតា។ នៅសល់ផ្ទៃដី ៥៥៦ហិកតា ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋស្ទើរអស់ទាំងស្រុង។
ជាមួយគ្នានេះ យើងបានធ្វើបច្ចុប្បន្នភាពដីជាក់ស្ដែង មានប្រជាពលរដ្ឋសង់លំនៅដ្ឋាន និងយកដីអាស្រ័យផលនៅលើដីសម្បទានសង្គមកិច្ចចំនួន ៥៦០ គ្រួសារ ស្មើនឹងផ្ទៃដីជាង១.៤៨៤ ហិកតា។
របាយការណ៍បន្តថា ទីតាំងដីសម្បទានសង្គមកិច្ចទី២ នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញមានចំនួន ៥០៨ ហិកតា ជាដីបម្រុងទុករបស់កងទ័ព និងទី៣នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែងមានចំនួន ២.៥៨៨ ហិកតា ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋអស់ជាង ២.១៦៦ ហិកតា, ដីនៅសល់ជាង ៤២១ហិកតា ត្រូវទទួលការរំលោភកាន់កាប់ពីប្រជាពលរដ្ឋស្ទើរអស់ទាំងស្រុង។ បានធ្វើបច្ចុប្បន្នភាព ដីជាក់ស្ដែង (ច្រកព្រាលនិងដំណាក់កន្សែង) មានប្រជាពលរដ្ឋសង់លំនៅដ្ឋាន និងយកដីអាស្រ័យផលនៅលើដីសម្បទានសង្គមកិច្ចចំនួន ៧៦១ គ្រួសារ ស្មើនឹង៨១៨ក្បាលដី សរុបផ្ទៃដីជាង២.១៦៦ហិកតា។
លោកអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន បានឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី យកដី ដែលបម្រុងទុករបស់ខេត្ត ឈួសឆាយផ្លូវមេនិងព្រំព័ទ្ធជុំវិញលើផ្ទៃដីសរុប ៧៩៥ ហិកតា នៅចំណុចដំណាក់ត្រយឹង ចម្ងាយពីទីរួមខេត្តប្រមាណ ៦៥គ.ម ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ដើម្បីបែងចែកដល់អតីតយុទ្ធជនក្រីក្រ នៅខេត្តពោធិ៍សាត់ ចំនួន ៦២៨ គ្រួសារ នាថ្ងៃនេះ។ ក្នុងមួយគ្រួសារ ទទួលបានដីទំហំ ៧០ម x ១៥០ម ស្មើនឹងមួយហិកតា ០៥អា។
ចំណែកលោក នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា ជាការពិតណាស់ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងសមិទ្ធផលសង្គមនានាដែលមានដូចសព្វថ្ងៃនេះ គឺបានមកដោយសារមហាពលីកម្មញើសឈាមរបស់វីរៈអតីតយុទ្ធជន និងប្រជាជនយើង តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលយើងជំនាន់នេះ និងជំនាន់ក្រោយ ប្ដេជ្ញាថែរក្សាការពារឲ្យបានគង់វង្សជារៀងរហូត។
លោកបន្តថា ការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ជាការគិតគូរខ្លាំងណាស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបូរណភាពទឹកដី រហូតអ្នកខ្លះបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធ និងអ្នកខ្លះរបួសពិការរហូតមកដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត បន្តអនុវត្តអនុសាសន៍ទាំង ១៤ចំណុចរបស់សម្ដេចតេជោ, ស្រាវជ្រាវបច្ចុប្បន្នភាពដល់ផ្ទះអតីតយុទ្ធជន ពិសេសយោធិនពិកាដែលមានជីវភាពទីទ័លក្រ ( មានដីអត់ផ្ទះ អត់ដីអត់ផ្ទះ និងរស់នៅលើដីសាធារណៈ )។ ឯកឧត្តមសូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ក្រោយពេលទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលនេះទៅ សូមកុំយកទៅលក់ ត្រូវរៀបចំភូមិដ្ឋាន ផ្ទះសម្បែង ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីរស់នៅជួបជុំក្រុមគ្រួសារតទៅថ្ងៃអនាគត។
ការប្រគល់ដីសម្បទានសង្គមកិច្ច ជូនបងប្អូនអតីតយុទ្ធជននាពេលនេះ ធ្វើឡើងដោយការចាប់ឆ្នោត ដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នា។ ក្នុងឱកាសនោះ មួយគ្រួសារៗ ក៏ទទួលបានអង្ករ ២៥គ.ក្រ ភួយ០១ កន្ទេល០១ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។ ជំនួយនេះ ផ្តល់ជូនបងប្អូនអតីតយុទ្ធជនទាំង ៦២៨ គ្រួសារផងដែរ៕ ដោយ៖ សែម សុគន្ធ
ចែករំលែកព័តមាននេះ