រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៦ មករា បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២១ នៅលើទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានក្លិបចំណុះឱ្យសហព័ន្ធកីឡាវាយសីមកពីតាមបណ្ដាខេត្តនិងរាជធានីចំនួន១៥ចូលរួម ក្នុងនោះមានប្រតិភូកីឡាចំនួន៤៣នាក់ កីឡាករចំនួន១១៤នាក់ កីឡាការិនីចំនួន២៥នាក់ សរុបចំនួន១៨២នាក់។
យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតចំពោះលទ្ធផលបច្ចេកទេស ក្លិបកីឡាវាយសីក្រសួងមហាផ្ទៃជាអ្នកដណ្ដើមបានមេដាយច្រើនជាងគេក្នុងនោះមេដាយមាស
ចំនួន៣គ្រឿង និងមេដាយប្រាក់ចំនួន១គ្រឿង។
បន្ទាប់មកក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្លិបវាយសីខេត្តសៀមរាបដណ្ដើមបានមេដាយចំនួន៣គ្រឿងដូចគ្នាគឺមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ខណៈក្លិបកីឡាវាយសីការពារអាកាស និងក្លិបកីឡាវាយសីខេត្តកំពង់ចាមដណ្ដើមបានមេដាយមាស១គ្រឿងដូចគ្នា។
លោកឧត្តមសេនីយ៍ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា ការប្រកួតរយៈពេល៣ថ្ងៃមកនេះបានប្រព្រឹត្តទៅយ៉ាងរលូន ក៏ដោយសារតែបានការសហការយ៉ាងល្អពីប្រធានប្រតិភូ គ្រូបង្វឹកនិងកីឡាករកីឡាការិនី ដែលបានគោរពវិន័យ បទបញ្ជាបច្ចេកទេសត្រឹមត្រូវ ហើយសម្រាប់ចៅក្រមនិងអាជ្ញាកណ្ដាល ប្រកាន់ខ្ជាប់នូវយុត្តិធមមិនលំអៀង ទើបធ្វើឱ្យដំណើរការប្រកួតប្រព្រឹត្តទៅបានល្អតាំងពីដើមដល់ចប់។
លោកឧត្តមសេនីយ៍ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីទាំងអស់ដែលមិនទទួលបានជ័យលាភីកុំឱ្យមានការអាក់អន់ស្រពន់ចិត្ត ព្រោះថាការប្រកួតតែងតែមានចាញ់និងឈ្នះ ហើយការចាញ់ឈ្នះនេះទៀតមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ជាបន្តទៀត ។
ម្យ៉ាងវិញទៀតសហព័ន្ធកីឡាវាយសីកម្ពុជាក៏កំពុងតែត្រូវការជាចាំបាច់ក្នុងការស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗសម្រាប់ត្រៀមដណ្ដើមយកមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ។ លោកបានកត់សម្គាល់ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំថ្វីដៃប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ