ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ទទួល​បាន​​លទ្ធ​ផល​​ល្អ​​​នៅ​អូឡាំពិក​ក្រុង​ឡុង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​​ ​នៅ​ព្រឹក​ថ្ងៃចន្ទ​ទី​២០ សីហា នេះ​ ​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា​ នឹង​ធ្វើ​សន្និសីទ​​សារ​ព័ត៌​មាន​មួយ​បង្ហាញ​ពី​លទ្ធ​ផល​​ជុំ​វិញ​​ការ​បញ្ជូន​កីឡា​ករ​​ កីឡា​ការិនី ឱ្យ​ទៅ​ចូល​រួម​​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​​​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ដែល​ទើប​បញ្ចប់​​ទៅ​នា​​ពេល​ ថ្មីៗ​នេះ ។ ទោះ​ជា​លទ្ធ​ផល​ផ្លូវ​ការ​​កម្ពុជា​មិន​បាន​ទទួល​មេដាយ​​មាស​ ប្រាក់​ និង​សំរឹទ្ធិ ដូច​ក្នុង​​ការ​ប្រកួត​​ស៊ី​ហ្គេម

រាជធានីភ្នំពេញ ៖​​ ​នៅ​ព្រឹក​ថ្ងៃចន្ទ​ទី​២០ សីហា នេះ​ ​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា​ នឹង​ធ្វើ​សន្និសីទ​​សារ​ព័ត៌​មាន​មួយ​បង្ហាញ​ពី​លទ្ធ​ផល​​ជុំ​វិញ​​ការ​បញ្ជូន​កីឡា​ករ​​ កីឡា​ការិនី ឱ្យ​ទៅ​ចូល​រួម​​ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំពិក​​​នៅ​ទី​ក្រុង​ឡុង ប្រទេស​អង់​គ្លេស ដែល​ទើប​បញ្ចប់​​ទៅ​នា​​ពេល​ ថ្មីៗ​នេះ ។ ទោះ​ជា​លទ្ធ​ផល​ផ្លូវ​ការ​​កម្ពុជា​មិន​បាន​ទទួល​មេដាយ​​មាស​ ប្រាក់​ និង​សំរឹទ្ធិ ដូច​ក្នុង​​ការ​ប្រកួត​​ស៊ី​ហ្គេម​​កន្លង​មក ប៉ុន្តែ​មន្ត្រី​កម្ពុជា​អះ​អាង​​ថា កីឡា​ករ​កីឡា​ការិនី​កម្ពុជា​​បាន​ទទួល​ស្នា​ដៃ​ល្អ​ពី​ការ​​ប្រកួត​នេះ។

កញ្ញា​​ ហែមថុន វិទិនី ជា​កីឡា​ការិនី ផ្នែក​ហែល​ទឹក​​បាន​ប្រាប់​កោះ​សន្តិ​​ភាព​ដូច​​ការ​បញ្ជាក់​​របស់​មន្ត្រី​​ថ្នាក់​ដឹក​​នាំ​របស់​គណៈ​កម្មា​ធិការ​​ជាតិ​អូឡាំ​ពិក​​កម្ពុជា​​ដែរ​ថា កីឡា​ករ​​ កីឡា​ការិនី ដែល​ចេញ​​ទៅ​ប្រកួត​ក្នុង​​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​នៅ​​ទី​ក្រុង​ឡុង​ មាន​ចំនួន​៦​រូប ស្មើ​នឹង​៦​វិញ្ញា​​សា ។ កីឡា​ករ កីឡា​ការិនី ទាំង​​នោះ​រួម​មាន រូប​នាង ដែល​ប្រកួត​​ហែល​ទឹក​​សេរី​ក្នុង​រយៈចម្ងាយ​៥០​ម៉ែត្រ​នារី លោក​ហែមថុន ពន្លឺ ហែល​ទឹក​​សេរី​ក្នុងរយៈចម្ងាយ​​៥០​ម៉ែត្របុរស លោក​ជាង​ សាម៉ន រត់​ប្រណាំង​៨០០​ម៉ែត្របុរស កញ្ញា​ចាន់ សីហា រត់​ចម្ងាយ​​២០០​ម៉ែត្រនារី លោក​ឃឹម វឌ្ឍនៈ​មុន្នី ប្រកួត​ផ្នែក​​យូដូ​បុរស និង​​កញ្ញាសន ដាវីន ប្រកួត​លើ​វិញ្ញា​សា​តេ​ក្វាន់​ដូនារី ។ កីឡា​ករ​ កីឡា​ការិនី ទាំង​៦​រូប​នេះ ​បាន​ទៅ​​កាន់ទី​ក្រុង​ឡុង​ កាល​ពី​​ថ្ងៃទី២៣ កក្កដា និង​ត្រឡប់​មក​​ដល់​ប្រទេស​កម្ពុជា​​វិញ​នៅ​ល្ងាច​ថ្ងៃទី​១៧ សីហា​ ។

កីឡា​ការិនី​រូប​នេះ​និយាយ​​ថា ក្រៅ​ពី​វិញ្ញា​សា​រត់​ប្រណាំង​របស់​កីឡា​ករ​ជាង​ សាម៉ន និង​កញ្ញា​ចាន់ សីហា ដែល​មិន​​អាច​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​ខ្លួន​នៅ​ស៊ី​ហ្គេម​ កាល​ពី​ឆ្នាំ​​២០១១ គឺ​វិញ្ញា​សា​ផ្សេង​ទៀត​​ កីឡា​ករ​​ កីឡា​ការិនី​កម្ពុជា សុទ្ធ​​តែ​​ធ្វើ​បាន​ល្អ ។ ជាក់​ស្តែង​​នៅ​ក្នុង​ការ​ប្រកួត​​អូឡាំពិក​​នៅ​ទី​ក្រុង​ឡុង​​​នេះ​​នាង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ក្រុម​ជម្រុះ​​ ហើយ​ប្រើ​​តែ​រយៈ​ពេល​៣០,៤៤​វិនាទី​ដែល​ល្អ​ជាង​​កាល​ស៊ី​ហ្គេម​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ប្រើ​ពេល​ដល់​៣១,៤៥​​វិនាទី ។ ដោយ​ឡែក​​កីឡា​ករ ហែមថុន ពន្លឺ វិញ ក៏​បំបែក​ឯតទគ្គ​​កម្ម​ចាស់​របស់​ខ្លួន​បាន​ដែរ ដោយ​​​​ប្រើ​​ពេល​តែ​២៧,៥​​វិនាទី គឺ​តិច​ជាង​កាល​​ប្រកួត​ហែល​ទឹក​នៅ​ឥណ្ឌូណេស៊ី​​កាល​ពី​ឆ្នាំ​មុន​​ ។​

ដូច​គ្នា​នេះ​ដែរ កីឡា​ការិនី​សន ដាវីន ម្ចាស់​មេដាយ​​ប្រាក់​តេ​ក្វាន់​ដូ​នៅ​ស៊ី​ហ្គេម​​ប្រទេស​ឥណ្ឌូណេស៊ី​​​​ ​ថ្វី​ដ្បិត​​តែ​ត្រូវ​ធ្លាក់​​ក្រោម​ដៃ​​ម្ចាស់​មេដាយ​​មាស​ស៊ី​ហ្គេម​​មក​ពី​ម៉ិច​ស៊ីកូ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អូឡាំពិក​​នោះ ប៉ុន្តែ​​នាង​អាច​ធ្វើ​​បាន​ល្អ​ជាង​ការ​ប្រកួត​​កាល​ពី​ឆ្នាំ​មុន​​ឆ្ងាយ​ណាស់ ។ នាង​ចាញ់​ពិន្ទុ​កីឡា​ការិនី​​ម៉ិច​ស៊ីកូ​តែ​៣​ទល់​នឹង​២​ គឺ​ប្រផិត​​ប្រផើយ​បំផុត​​ ខណៈដែល​ការ​ប្រកួត​​ផ្នែក​យូដូ​របស់​កីឡា​ករ​ឃឹម វឌ្ឍនៈមុន្នី ក៏​ទទួល​​បាន​លទ្ធ​ផល​ល្អ​ជាង​ការ​ប្រកួត​របស់​​លោក​នៅ​អន្តរ​ជាតិ​​លើក​ចុង​ក្រោយ​ដូច​គ្នា ។

តាម​រយៈ​ការ​បញ្ជាក់​នេះ បើទោះ​​ជា​កីឡា​ករ​​កីឡា​ការិនី​​កម្ពុជា​មិន​ទទួល​បាន​ជ័យ​ជម្នះ​​ ប៉ុន្តែ​ក៏​មាន​ន័យ​ថា លទ្ធ​ផល​ដែល​កម្ពុជា​​ធ្វើ​បាន​​ជា​ផ្លែ​ផ្កា​វិជ្ជ​​មាន​ល្អ​​ប្រសើរ​ជាង​មុន​ ។ អ្វី​ដែល​សំខាន់​​គឺ​បាន​ធ្វើ​​ឱ្យ​ពិភព​លោក បាន​ស្គាល់​ទង់​ជាតិ​ខ្មែរ​​ និង​ពី​សក្តានុពល​របស់​កីឡា​​កម្ពុជា​​នៅ​​លើ​ឆាក​​អន្តរជាតិ ៕ ​​