រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រទេសឥណ្ឌាជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់។
ការស្នើវ៉ាក់សាំងកូវីដ ១៩ ពីឥណ្ឌាធ្វើឡើងនាជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា លោកជំទាវ Devyani Uttamkhobragade នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ នេះ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងយ៉ាងដូច្នេះថា «នៅក្នុងជំនួបពិភាក្សាកាលពីព្រឹកមិញនេះផងដែរ តាមរយៈលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជាយើង ដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីមិត្តចិនអាចនឹងមិនគ្រប់គ្រាន់» ។
សម្តេចបានបញ្ជាក់ថា សំណើខាងលើនេះ ត្រូវបានធ្វើឡើង ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ ។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីសប្តាហ៍មុនថា មហាមិត្តចិនបានផ្តល់ជាជំនួយដល់កម្ពុជានូវវ៉ាក់សាំងកូវីដ ១៩ លើកដំបូង ចំនួន ១ លាន ដូស។ ហើយសម្តេចបានប្រកាសកាលពីថ្ងៃម្សិលមិញនេះដែរថា «ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ» ៕
ចែករំលែកព័តមាននេះ