បន្ទាយមានជ័យ ៖ ករណីនេសាទខុសច្បាប់ ប្រើឧបករណ៍ឆក់នាពេលបច្ចុប្បន្ន បានធ្វើឲ្យអ្នកស្រុករិះគន់លើអាជ្ញាធរ និងសមត្ថកិច្ច ខណៈត្រីតាមបឹងបួរ និងអូរតូចធំកាន់តែក្រទៅៗ ។
ឃើញជាក់ស្តែង បុរសម្នាក់បានប្រើឧបករណ៍ឆក់ និងម្នាក់ចាំរើសត្រី និងអន្ទង់ដែលឆក់បានទាំងកណ្តាលថ្ងៃ នៅតាមអូរជិតព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ពេលប្រាប់ថា របរបែបហ្នឹងវានិងហិនហោចដល់សត្វក្នុងទឹក បុរសអ្នកឆក់ត្រីរូបនេះ និយាយបែបសឿងបឿងថា បើមិនរកគ្មានអ្វីហូបហើយថា ខ្វះអី អ្នករករបរឆក់ដូចជា គាត់ពោលគេចែវទូកឆក់តាមអូរព្រំដែនស្ទើររាល់យប់ ។
អ្នកភូមិខាងលើ២នាក់ សុំមិនបញ្ចេញឈ្មោះ ប្រាប់ថា អ្នកប្រើឧបករណ៍ឆក់ត្រីកន្លងមកកើតមានទាំងយប់ទាំងថ្ងៃ ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់ ។ ពួកគាត់ថា មិនដឹងទៅរាយការណ៍ប្រាប់អ្នកណា ម្យ៉ាងខ្លាចគេស្អប់គេលួចធ្វើបាបនៅពេលណាមួយ ។ ដោយឡែកអ្នករកត្រីមួយក្រុម ដែលតែងតែចល័តរកត្រីតាមស្រុក និងរហូតឆ្លងខេត្តនិយាយថា ត្រីពិបាករកណាស់ឆ្នាំនេះ ព្រោះអ្នកភូមិប្រាប់ពួកគាត់ថា បច្ចុប្បន្នសំបូរអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ (ឆក់)ច្រើនពេក ។
ប្រភពដដែលបន្តថា ក្រុមអ្នកឆក់ គេរកស៊ីតែពេលយប់ពេលថ្ងៃគេសម្ងំដេក ។ អ្នកស្រុកបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែទប់ស្កាត់អ្នកប្រើឧបករណ៍ខុសច្បាប់ផង ព្រោះវា និងហិនហោចដល់សត្វដែលរស់នៅក្នុងទឹកទាំងអស់ដោយពួកគាត់បញ្ជាក់ថា រាល់សត្វដែលនៅក្នុងទឹកក្រោយប៉ះ និងចរន្តឆក់ហើយ រត់រួច គឺមិនអាចបន្តពូជដូចជា ពង ឬកូនបានឡើយ ៕
ចែករំលែកព័តមាននេះ