ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅកាន់ខេត្តមួយ ស្ទើរតែមិនបន្សល់ដាននោះ ត្រូវបាត់បង់ជីវិតហើយ ក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធដាក់លើកម្លាំងប្រដាប់អាវុធធ្វើការឡោមព័ន្ធ នៅចំណុចភ្នំខៀវ ព្រំប្រទល់ខេត្តស្ទឹងត្រែង ជាប់នឹងខេត្តក្រចេះ ។
ករណីផ្ទុះអាវុធបាញ់តដៃ ក្នុងការហ៊ុំព័ទ្ធមួយរបស់សមត្ថកិច្ចនេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ នៃខេត្តក្រចេះ ។
តាមប្រភពព័ត៌មានបានអោយដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះ អ៊ា ណារ៉េន បានប្រដាប់ដោយអាវុធ ២ដើម ជាប់ខ្លួន ពួនសំងំលាក់ខ្លួន នៅក្នុងតំបន់ភ្នំខៀវ ជាតំបន់មានព្រៃស្មុគស្មាញ ។
ប្រភពព័ត៌មានដដែល បានអោយដឹងថា បើទោះបីជាធ្លាក់ក្នុងការហ៊ុំព័ទ្ធកម្លាំងប្រដាប់អាវុធចម្រុះក៏ដោយ ក៏ខ្មាន់កាំភ្លើង មិនព្រមប្រគល់ខ្លួនមកឲ្យសមត្ថកិច្ចចាប់ខ្លួនងាយៗឡើយ ។
ទោះជាយ៉ាងណា សមត្ថកិច្ចបានដាក់ពង្រាយកម្លាំងអស់ជាងមួយសប្តាហ៍មកហើយ មានទាំងកម្លាំងសមត្ថកិច្ចមកពីភ្នំពេញ កម្លាំងនគរបាន និងយោធាខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សរុបជាងរយនាក់ បានកំណត់គោលមុខសញ្ញាច្បាប់ ដោយបែងចែកកម្លាំងជា០៣ក្រុម ហ៊ុំព័ទ្ធជាស្នែងក្របី ដើម្បីខ្ទប់ផ្លូវ មិនអោយជនល្មើសរត់គេចខ្លួនចេញបានជាបន្តទៀតទេ ។
ខ្មាន់កាំភ្លើងដែលមានល្បិចខ្ពស់ត្រូវគេបញ្ជាក់ថា ជាអតីតមន្ត្រីយោធា ដែលមានអាវុធជាប់ខ្លួនប្រកបដោយគ្រោះថ្នាក់ និងជាមនុស្សធ្លាប់ធ្វើសកម្មភាពប្លន់បាញ់សម្លាប់ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំមុន ថែមទៀតនោះ ទើបជននេះតដៃ បានផ្ទុះអាវុធបាញ់រះមួយប្រាវ មកលើសមត្ថកិច្ចចម្រុះ អស់គ្រាប់ចំនួន ០១ប៉ង់ បំណងរំដោះខ្លួនគេចចេញពីការឡោមព័ទ្ធ ក៏ត្រូវកម្លាំងប្រដាប់អាវុធបាញ់តបតវិញដើម្បីការពារខ្លួន បណ្តាលឲ្យជនដៃដល់ស្លាប់ នៅក្បែរអូរមួយកន្លែងក្បែរជើងភ្នំ ក្នុងខេត្តក្រចេះ ។
សូមបញ្ជាក់ថា ព័ត៌មានខាងលើនេះ កោះសន្តិភាពទទួលបានជាបឋម ពីអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តក្រចេះ និងស្ទឹងត្រែង ។ (ព័ត៌មានលម្អិតកោះសន្តិភាពនឹងផ្សាយជូនជាបន្ត..)
គួរជម្រាបដែរថា កាលពីវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី៣០ ធ្នូ ២០២០ មានករណីឃាតកម្ម ផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី០១ដើម ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 និងរថយន្តម៉ាក FORD RAPTOR F150 ពណ៌ស ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ជានាយរងការិយាល័យនគរបាលកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ ។
បន្ទាប់ពីបង្កហេតុ ក្រុមជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ។ សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែល សកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញ យកទៅប្លុងចោល នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ ជាបក្ខពួកជនដៃដល់ ដែលបានរត់គេចដល់ខេត្តបាត់ដំបង ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ