ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអ្នកភូមិប្រទះឃើញនារីម្នាក់ត្រូវជនដៃដល់ចាក់ បណ្តាលឱ្យបាត់បង់ជីវិតក្នុងថ្លុកឈាមក្នុងបន្ទប់ជួលមួយកន្លែង បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពាក់ព័ន្ធនឹងករណីនេះដែរ គេមិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត និងតាមវែកមុខរកជនដៃដល់ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងបន្ទប់ជួលលេខមួយកន្លែង ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។ ចំណែកជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះស្នាក់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសារមានគ្នាចំនួន៥នាក់ មានឪពុក ម្តាយ និងប្អូនពីនាក់ទៀត ។ លុះដល់ម៉ោង៦ព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយ បាននាំគ្នាចេញទៅធ្វើការរោងចក្រ និងប្អូនប្រុសចេញទៅរៀន ។
តាមប្រភពខាងលើបានបន្តថា លុះនៅវេលាម៉ោង៧ព្រឹកថ្ងៃដដែល ស្រាប់តែអ្នកជិតខាងដែលនៅជិតនោះបានឮសំឡេងនារីរងគ្រោះស្រែក ក៏នាំគ្នារត់ទៅមើលឃើញនារីរងគ្រោះដេកដួលក្នុងថ្លុកឈាម និងមានឃើញស្នាមចាក់ជាច្រើនកាំបិត បន្ទាប់មកក៏នាំគ្នាយកនារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ប៉ុន្តែជាអកុសលនារីរងគ្រោះបាត់បាត់បង់ជីវិតទៅហើយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមវែកមុខជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ