រាជធានីភ្នំពេញ ៖ បុរសមានវិបត្តិម្នាក់ បានជិះម៉ូតូម៉ាក PCX មួយគ្រឿង ទៅលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយចង្វារ ទាំងកណ្ដាលយប់ តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣ សហការជាមួយខ្មែរអ៊ីស្លាម ចេញទូកទៅជួយស្រង់សង្គ្រោះទាន់ ។
ការធ្វើលោតទឹកនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារ ផ្នែកខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសដែលគិតខ្លីរូបនោះ ឈ្មោះ យ៉េត សុខរស់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកេងស្រែ ឃុំល្វា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូម៉ាក PCX ពាក់ស្លាកលេខភ្នំពេញ 1IF-0149 មួយគ្រឿង ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរជិតដល់កណ្ដាលស្ពាន ក៏បានឈប់ និងអង្គុយផឹកស្រាបៀរ ជិតអស់មួយដប រួចក៏ទុកទូរសព្ទកាបូប និងស្បែកជើងរួច ក៏លោតចុះទៅក្នុងទន្លេ តែម្ដង ។ ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅលើស្ពាន ។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីមានមនុស្សលោតទឹក កម្លាំងនគរបាលអង្គភាពការពារគោលដៅ ទី៣ ដែលប្រចាំការការពារស្ពានជ្រោយចង្វារ ក៏បានសហការជាមួយប្រជានេសាទ ជនជាតិខ្មែរអ៊ិស្លាម ចេញទូកទៅជួយស្រង់សង្គ្រោះទាន់។ ដោយសារតែជនរងគ្រោះមាឌធំ បន្ទាប់ពីស្រង់បានសន្លប់ដេកស្ដូកស្តឹង ហើយត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះទេ បានជាជិះម៉ូតូទៅលោតទឹកទាំងវ័យក្មេងបែបនេះ ៕


ចែករំលែកព័តមាននេះ