ខេត្តព្រៃវែង ៖ លោកយាយ លោកតា ២នាក់ប្ដីប្រពន្ធ ត្រូវបានបុរសម្នាក់ ដែលជាអ្នកជិតខាង ចូលទៅកាប់ដល់ក្នុងផ្ទះ ដោយសារតែរឿងគំនុំឈ្លោះគ្នាញឹកញយដងពេក ។
ករណីឃា.តកម្មនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្ទះជនរងគ្រោះ ដែលស្ថិតក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះ ដែលបាត់បង់ជីវិត រួមមាន ៖ ទី១.ឈ្មោះ ជេម យុទ្ធ ភេទប្រុស អាយុ៨៣ឆ្នាំ ត្រូវជាប្ដី ស្លា.ប់នៅហ្នឹងកន្លែង និងទី២.ឈ្មោះ ទេស ផល ភេទស្រី អាយុ ៧៦ឆ្នាំ ត្រូវជាប្រពន្ធ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកជនល្មើសមានឈ្មោះ ប៊ីន សុធី ភេទប្រុស អាយុ ៣៥ឆ្នាំ មានផ្ទះនៅជាប់គ្នានឹងផ្ទះជនរងគ្រោះ តែម្ដង ។
សមត្ថកិច្ច បានឲ្យដឹងថា តាមការសាកសួរនៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនល្មើស និងជនរងគ្រោះជាអ្នកជិតខាងគ្នា ហើយធ្លាប់ឈ្លោះគ្នាច្រើនដងមកហើយ ប៉ុន្តែមិនដែលឈានដល់ការប្រើប្រាស់អំពើហិ.ង្សានោះទេ ។
ប្រភពដដែលនេះ បានបន្តថា មុនពេលកើតហេតុ តាយាយ ២នាក់ប្ដីប្រពន្ធ កំពុងនៅក្នុងផ្ទះសុខៗ មិនបានឈ្លោះប្រកែកអ្វីជាមួយជនបង្កនោះទេ ប៉ុន្តែមិនដឹងយ៉ាងម៉េច សុខៗស្រាប់តែជនបង្ក ទាញកាំបិតផ្គាក់ពីផ្ទះរបស់ខ្លួន ចូលទៅកាប់លើយាយតាដល់ក្នុងផ្ទះ បណ្ដាលឲ្យត្រូវលោកតា ១កាំបិត ចំកញ្ចឹង.ក ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែកលោកយាយត្រូវជនបង្កកាប់ ១កាំបិត ចំកណ្ដាលក្បាល ដួលទៅលើដី ភ្លាមៗនោះ អ្នកស្រុកជិតខាងបានឃើញហេតុការណ៍ ក៏ស្រែកឆោឡោឡើង ធ្វើឲ្យជនបង្ក ភ័យក៏រត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះ លោកមេភូមិ បានទូរសព្ទប្តឹងទៅកម្លាំងនគរបាលស្រុក ចេញអន្តរាគមន៍ ស្ទាក់ចាប់ជនបង្កបានភ្លាមៗនៅតាមដងផ្លូវ ហើយក៏បញ្ជូនទៅឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ តែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ លោកយាយរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកយាយក៏បានស្លាប់បាត់បង់ជីវិត ទើបត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញ ប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យ ទាំង២នាក់យាយតា ដោយឡែកជនបង្ក សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ