ខេត្តប៉ៃលិន ៖ ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីប្រទេសជិតខាងចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសប្រទេសថៃ ទើបកាលពីវេលាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាពការងារនៅតាមច្រកទ្វារអន្តរជាតិព្រំ និងច្រករបៀង ដើម្បីក្តាប់ស្ថានការឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពផងដែរ។
បើតាមប្រភពព័ត៌មានពីលោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថា ៖ កាលពីយប់មិញ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈខេត្តប៉ៃលិន បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានការ ច្រកទ្វារព្រំដែនកម្ពុជាថៃ ជាពិសេសច្រករបៀង ដែលមានពលករឆ្លងដែនជាញឹកញាប់ ខណៈច្រកទ្វារអន្តរជាតិ ខាងភាគីថៃមិនអនុញ្ញាតឱ្យឆ្លងកាត់នោះឡើយ បានតែរថយន្តដឹកទំនិញប៉ុណ្ណោះ ។ លោកបន្តទៀតថា កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ ការឆ្លងដែនរបស់ប្រជាពលករខ្មែរមកពីទឹកដីប្រទេសថៃ ចូលក្នុងស្រុកកំណើតវិញ មានការស្ងប់ស្ងាត់ជាងមុន ពោលគឺអត់មានឆ្លងដែនតាមច្រករបៀងដូចពីមុននោះទេ។
លោកបញ្ជាក់ទៀតថា នៅពេលឃើញមានពលករឆ្លងដែនចូលមកក្នុងទឹកដីខ្មែរ ខាងអាជ្ញាធរខេត្តប៉ៃលិន បានឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បើសិនជាមានសភាពធម្មតា ទើបអនុញ្ញាតឱ្យបន្តទៅស្រុកកំណើតរៀងៗខ្លួន។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ អ្នកដែលឆ្លងដែនមកទឹកដីខ្មែរតាមច្រករបៀងព្រំដែនកម្ពុជាថៃ មានជាង២០នាក់ កំពុងទទួលធ្វើចត្តាឡីស័ក។ លោកបន្ថែមទៀតថា បើចង់ដឹងច្បាស់ ឱ្យទាក់ទងសួរនាំទៅខាងមន្ទីរសុខាភិបាលខេត្ត ព្រោះខាងមន្ទីរ ក្តាប់តួលេខប្រជាពលរដ្ឋឆ្លងដែនទាំងនោះបានច្បាស់លាស់ជាង។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាឡែស យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកបានប្រគល់ភារកិច្ចខាងលើនេះឱ្យទៅអ្នកនាំពាក្យហើយ ដោយខាងលោកអត់ដឹងប៉ុន្មាននាក់នោះដែរ៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ