ខេត្តកណ្តាល ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតប និងបំភ្លឺ ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិ.ង្សារវាងអ្នកសារព័ត៌មានប្រហែល១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែល៤០នាក់ ។
ករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) និងប្រើហិ.ង្សា កើតហេតុកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។
កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន ៖
១.ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (អ្នកបើកកន្លែងជល់មាន់) (ឃាត់ខ្លួន) ។
២.ឈ្មោះ ទី ភារម្យ ហៅពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង (គេចខ្លួន) ។
បើតាមផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា លទ្ធផល នៃការស្រាវជ្រាវនៅថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែងជល់មាន់ បានលួចទៅបើកលេងនៅទីតាំងខាងលើ ហើយអ្នកសារព័ត៌មាន ក៏បានចុះទៅដល់ជួបជាមួយក្រុមអ្នកលេងល្បែងជល់មាន់ ហើយទារលុយពីអ្នកបើកចំនួន ៥០០,០០០រៀល ក្នុង០១រថយន្ត ចំណែកអ្នកបើកល្បែងឱ្យត្រឹម ២០០,០០០រៀល ក្នុង០១រថយន្ត ដោយជជែកមិនត្រូវគ្នា ទើបឈានទៅដល់ការប្រើហិ.ង្សាដាក់គ្នា ដោយអ្នកលេងល្បែងម្នាក់ ត្រូវបានអ្នកសារព័ត៌មាន យកមួកសុវត្ថិភាព ទៅវាយចំក្បាល និងវាយម៉ូតូបណ្តាល ឱ្យខូចខាត ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយឈ្មោះ ជាវ គឹមលាង គេហទំព័រគ្រុឌ០១ មានស្នាក់ការនៅរាជធានីភ្នំពេញ ។
តាមការបំភ្លឺរបស់ឈ្មោះ ស៊ិន វឿន ភេទប្រុស អ្នកទៅលេងជល់មាន់ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ គាត់បានឃើញក្រុមអ្នកកាសែត ជិះរថយន្តចំនួន០៣គ្រឿង មានម៉ាកព្រុស (Prius) ចំនួន០២គ្រឿង និង០១គ្រឿងទៀតមិនស្គាល់ម៉ាក បានចតនៅមុខច្រកចូលកន្លែងជល់មាន់។ លុះបានបន្តិចមកឈ្មោះ ជាវ គីមលាង រហ័សនាមគ្រុឌ០១ ជាចាងហ្វាងគេហទំព័រ គ្រុឌ០១ Krud 01 NEWS ដែលពាក់អាវយឺតដៃវែង ពណ៌ស ស្លៀកខោ ពណ៌ខ្មៅ ពាក់ស្បែកជើងកីឡា (ប៉ាត់តា) ពណ៌ប្រផេះ បានស្រែកសួរអ្នកលេងល្បែងជល់មាន់ថា “អ្នកណាជាអ្នកដោះស្រាយរឿងលុយ” ពេលនោះ មានបុរសម្នាក់ បានទៅជួបថា ឱ្យលុយចំនួន ២០០,០០០រៀល ក្នុង ០១ឡាន តែឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា “អញចាងហ្វាងប៉ុណ្ណឹងដែរ យក២០០,០០០រៀល ទៅធ្វើអី ទាល់តែ ០១ឡាន ៥០០,០០០រៀល បានអ.ញយក” ។
អ្នកទៅលេងជល់មាន់ ប្រាប់បន្តថា បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរសព្ទមកធ្វើការថតឡាយ ស្រែកថា លោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយក៏មានការដេញវាយគ្នាតែម្ដង ។
ដោយឡែក ចម្លើយសារភាព ឈ្មោះ យូ ពៅ អ្នកបើកទីតាំងល្បែង បានបញ្ជាក់ថា ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទីព្រឹក ឈ្មោះ ពេទ្យ បានទូរសព្ទមកខ្លួនឱ្យរៀបចំសង្វៀនជល់មាន់នៅទីតាំងខាងលើ ពេលនោះខ្លួន បានទៅដឹកសម្ភារៈមករៀបចំធ្វើជាសង្វៀនជល់មាន់ មានដូចជាកៅស៊ូតង់ប្រក់ដំបូល ខ្សែគោព័ទ្ធជុំវិញបាញ់ថ្នាំក្រហម និងដាក់កៅអីសម្រាប់អង្គុយមើល។ រហូតដល់ម៉ោងប្រហែល ១២:០០នាទីថ្ងៃត្រង់ ទើបមានអ្នកយកមាន់មកជល់បណ្ដើរៗ និងចរចាគ្នា តខ្នាយផ្លែដែក ហើយឈ្មោះ យូ ពៅ ក៏បានចេញទៅយកទឹកមករៀបចំដាក់លក់។ លុះបានបន្ដិចក្រោយមក ក៏មានអ្នកសារព័ត៌មានមួយក្រុមចូលទៅថតឡាយ ធ្វើឱ្យអ្នកទៅលេងមាន់ជល់រត់ចេញអស់។ ខណៈនោះ រូបខ្លួនបានជិះម៉ូតូមកដល់ផ្លូវបេតុង ស្រាប់តែមានរថយន្ដអ្នកសារព័ត៌មាន០២គ្រឿង ជិះមកកៀរឱ្យដួល ឈប់បិទមុខ-ក្រោយ រួចបានវាយទៅលើរូបខ្លួនចំនួន០៣ដៃ ។
ករណីខាងលើនេះ ជនសង្ស័យដែលជាអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ជំនាញបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកជម្លោះរវាងអ្នកសារព័ត៌មាន ប្រើអំពើហិ.ង្សា និងកំហែងយកប្រាក់ ទៅលើក្រុមអ្នកលេងល្បែ.ងខុសច្បាប់ កម្លាំងជំនាញ កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ