ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ជិះឡានឈ្នួល​ពី​ខេត្ត មក​ដល់​ភ្នំ​ពេញ លួច​គេ​បាន​ច្រើន​ដង តែ​លើក​នេះ​ជាប់អន្ទា.ក់

1 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​រស់នៅ​ក្នុង​ខេត្តកំពង់ធំ ហើយ​កន្លង​មក​តែងតែ​ជិះ​រថយន្តឈ្នួល​

​រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​រស់នៅ​ក្នុង​ខេត្តកំពង់ធំ ហើយ​កន្លង​មក​តែងតែ​ជិះ​រថយន្តឈ្នួល​ពី​ផ្ទះ មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ភ្នំពេញ​បាន​សម្រេច​ជា​ច្រើ​លើក​រួច​មក​ហើយ ពុំ​ត្រូវ​ដែល​ស​មត្ថ​កិច្ច​ឃាត់ខ្លួន​បាន​ម្ដងណា​ឡើយ​ ។ លុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ ជិះ​រថយន្តឈ្នួល​ពី​ផ្ទះ​នៅ​ឯ​ខេត្តកំពង់ធំ​មក​ភ្នំពេញ​ដើម្បី​រក​លួច​ម៉ូតូ​ទៀត ហើយ​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង នៅ​ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោ​ធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប៉ុន្តែ​លើក​នេះ​ពិតជា​ស៊យ​ខ្លាំង​ណាស់​ត្រូវ​អស់លក្ខណ៍ ត្រូវ​កូនស្រី​ម្ចាស់​ម៉ូតូ​ដែល​កន្លង​មក​ធ្លាប់​រង​គ្រោះ​បាត់​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​រួច​មក​ហើយ​នោះ​ឃើញ​ទាន់ ស្រាប់តែ​ជនសង្ស័យ​ព្យាយាម​រត់គេច​ខ្លួន ។ ពេល​នោះ​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ហៅ​កម្លាំង​ប្រជា​ការពារ​តាម​វិទ្យុទាក់ទង​ឲ្យ​ទៅ​ជួយ​ដេញ​តាម​ឃាត់​បាន​ភ្លាម​ៗ និង​ឆែក​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ ក ម៉ូតូ​១​ដើម​ផង​ដែរ​។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​ផុ​ន វ៉ា​ន់​ឌី អាយុ​ជាង​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកំពង់ធំ គឺជា​មុខសញ្ញា​ចាស់ ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​៤​ទៅ​៥​ដង​មក​ហើយ ។ លើក​ចុង​ក្រោយ​និង​ជាប់អន្ទាក់​នេះ​បាន​លួច​ម៉ាក​ហុងដា​ឌ្រី​ម​ស​១២៥ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GX-7443 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ស្ដើង រឿង អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

បើ​តាម​ស្ត្រី​ឈ្មោះ​រឿង សុខ​ចាន់ អាយុ​៤២​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ​នៅផ្ទះ​ជាប់​កន្លែង​កើតហេតុ​នោះ​បាន​និយាយ​ថា គាត់​គឺជា​កូនស្រី​របស់​ម្ចាស់​ម៉ូតូ​ខាងលើ ហើយ​នៅ​មុន​ពេល​កើតហេតុ​ឪពុក​គាត់​បាន​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ រួច​បាន​ដាក់​ប៉ូវ​អ៊ី​ដេក​ក្បែ​នោះ​ដែរ ។ ក្រោយមក​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ទៅ​រក​ទិញ​នំ និង មី នៅផ្ទះ​គាត់​ហើយ​ទិញ​ហើយ​ទិញ​ទៀត​ចំនួន​៤​ដង ម្យ៉ាងទៀត​រាល់ពេល​ទៅ​ទិញ​នំ និង​មី​ម្ដង​ៗ​ក្រឡេក​មើល​ឆ្វេង​ស្ដាំ សព្វ​ទីកន្លែង​និង​មើល​ម៉ូតូ​ឪពុក​គាត់​ជា​ញឹកញាប់​ថែម​ទៀត​។

ស្ត្រី​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គាត់​មានការ​សង្ស័យ​មិន​ហ៊ាន​ដើរទៅ​ណា​នោះ​ទេ​ចាំ​មើល​ក្រែង​ជន​នោះ​គឺជា​ចោរ ព្រោះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ គាត់​ធ្លាប់​បាត់​ម៉ូតូ​អស់​២​គ្រឿង​រួច​មក​ហើយ​រកមុខ​ចោរ​មិន​ទាន់​ឃើញ​នៅឡើយ ។ លុះ​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ក្នុងផ្ទះ​ឪពុក​គាត់ រួច​ចាប់​កាន់​ដៃចង្កូត​និង​ក្បាល​ម៉ូតូ​ប្រុង​កាច់​សោ ក ម៉ូតូ ប៉ុន្តែ​គាត់​ទៅ​ទាន់ ជន​សង្ស័យ​​បាន​រត់​ចេញ ហើយ​ឪពុក​គាត់​ក៏​បាន​ហៅ​កម្លាំង​ប្រជា​ការពារ​ដេញ​តាម​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្ដង​។

គាត់​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ គាត់​បាន​បាត់​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​២​គ្រឿង​រួច​មក​ហើយ គឺ​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ បាត់​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ព​ណ៍​ខ្មៅ ។ លុះ​១​ខែ​ក្រោយមក​គឺ​នៅ​ក្នុង​ខែ​មិ​នា បាន​បាត់​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ខ្មៅ ហើយ​គាត់​ពុំ​ដឹង​ថា​ត្រូវ​ជនសង្ស័យ​រូប​នោះ​ជា​អ្នក​លួច ឬ ក៏​ជា​អ្នក​ផ្សេង​នោះ​ឡើយ​។

ក្រោយ​ពេល​ចាប់ខ្លួន​ប្រជាពលរដ្ឋ​សួរនាំ​ជនសង្ស័យ​ខាងលើ ហើយ​ជន​នេះ​បាន​និយាយ​ថា ខ្លួន​បាន​ជិះ​រថយន្តឈ្នួល​មក​ពី​ខេត្តកំពង់ធំ​ដើម្បី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​ភ្នំពេញ ហើយ​មាន​បំណង​ថា​ពេល​លួច​បាន​ខ្លួន​និង​ជិះ​យក​ទៅ​កាន់​ខេត្តកំពង់ធំ​វិញ​តែ​ម្ដង​។ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុងផ្ទះ​ខាងលើ ប៉ុន្តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​ប្រជា​ការពារ​ភូមិ​ឃាត់ខ្លួន ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​លួច​បាន​សម្រេច​៣​ទៅ​៤​ដង​រួច​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ