ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃប្រកាសថាគ្រឿងញៀនប្រភេទកញ្ឆាដែលរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ពេលអន្តរកាលនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីគ្រឿងញៀនខុសច្បាប់ត្រឹមចុងឆ្នាំ២០២៤។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីដំណាំកញ្ឆាត្រូវបានអនុញ្ញាតឱ្យជក់កម្សាន្តអារម្មណ៍។ ថៃជាប្រទេសទី១នៅទ្វីបអាស៊ីដែលដាក់ចេញវិធានការឱ្យប្រើកញ្ឆាដោយស្របច្បាប់។ ប៉ុន្តែបន្ទាប់ពីមើលឃើញអំពីផលវិបាកកាន់តែច្រើនឡើងៗ រដ្ឋាភិបាលក៏ចាប់ផ្ដើមរឹតបន្តឹងឡើងវិញ។

ការជួញដូរកញ្ឆាចាប់ផ្ដើមរីកដុះដាលខ្លាំងដោយមានហាងលក់កញ្ឆា និងជក់កញ្ឆារាប់ម៉ឺនកន្លែង។ គេប៉ាន់ស្មានថាទំហំនៃការជួញដូរកញ្ឆានឹងកើនឡើងដល់១២០០លានដុល្លារត្រឹមឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីថៃបានបង្ហោះនៅលើទ្វីតថឺថាលោកចង់ឱ្យក្រសួងសុខាភិបាលពិនិត្យឡើងវិញទៅលើទិដ្ឋភាពច្បាប់ និងដាក់បញ្ចូលកញ្ឆាទៅក្នុងបញ្ជីគ្រឿងញៀនខុសច្បាប់។ ក្រសួងគួរពន្យល់ឱ្យច្បាស់ថាកញ្ឆាអាចប្រើប្រាស់សម្រាប់តែវិស័យសុខាភិបាល និងការស្រាវជ្រាវវេជ្ជសាស្ត្រតែប៉ុណ្ណោះ។

ឆ្នាំ២០១៨ ថៃអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយគ្មានទោសពៃរ៍អ្វីទេ។ ក្រោយមកនៅឆ្នាំ២០២២ថៃអនុញ្ញាតឱ្យជក់កម្សាន្តសប្បាយដើម្បីទាក់ទាញអ្នកទេសចរបរទេស។ លោកសេដ្ឋាបង្ហោះសារនៅលើទ្វីតថឺក្រោយកិច្ចជំនួបពិសេស១រវាងរដ្ឋាភិបាលជាមួយស្ថាប័នដែលធ្វើការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ លោកសន្យាថានឹងចាត់វិធានការក្ដៅទៅលើគ្រឿងញៀនខុសច្បាប់។ លោកក៏បានបញ្ជាទៅមន្ត្រីក្រោមឱវាទដើម្បីបញ្ជូនលទ្ធផល និងការវិវត្តថ្មីនៃគ្រឿងញៀននៅក្នុងរង្វង់៩០ថ្ងៃទៀត។

លោកសេដ្ឋាថ្លែងថាគ្រឿងញៀនជាចំណោទបញ្ហាដ៏ធំ១ដែលបំផ្លាញអនាគតរបស់ប្រទេសជាតិ។ យុវជនក្មេងៗមិនទាន់បានអីផងធ្លាក់ខ្លួនក្លាយជាអ្នកញៀនថ្នាំបាត់ទៅហើយ។ យើងត្រូវតែចាត់ការឱ្យបានឆាប់រហ័ស ត្រូវរឹបអូសគ្រឿងញៀនពីពួកឈ្មួញ ហើយពង្រីកសេវាព្យាបាល និងបន្សាបអ្នកញៀនថ្នាំ។ លោកក៏បានស្នើសុំឱ្យអាជ្ញាធរកំណត់និយមន័យឡើងវិញត្រង់ចំណុចដែលថាតើអ្វីទៅដែលហៅថាការកាន់កាប់គ្រឿងញៀនខុសច្បាប់ទៅតាមនិយមន័យនៃច្បាប់គិតចាប់ពីការកាន់កាប់គ្រឿងញៀនតិចតួចរហូតដល់ថ្នាំញៀនត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។ ធ្វើដូច្នេះដើម្បីងាយស្រួលចាត់ការទៅតាមផ្លូវច្បាប់។

តាមពិត មិនមែនទើបតែពេលនេះទេដែលរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកសេដ្ឋាចង់ចាត់ការទៅលើគ្រឿងញៀនប្រភេទកញ្ឆា។ រដ្ឋាភិបាលធ្លាប់បានជំរុញឱ្យរៀបចំច្បាប់ស្ដីពីការប្រើប្រាស់កញ្ឆាត្រឹមចុងឆ្នាំ២០២៤នេះដើម្បីហាមឃាត់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ហើយអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែវិស័យសុខាភិបាល និងការស្រាវជ្រាវវេជ្ជសាស្ត្រ។

គេមិនទាន់ដឹងច្បាស់ថាតើកញ្ឆានឹងត្រូវដាក់បញ្ចូលជាគ្រឿងញៀនខុសច្បាប់នៅពេលណាពិតប្រាកដទេ និងថាតើត្រូវចាត់ការបែបណានៅដំណាក់កាលដំបូង។ អ្នកខ្លះគិតថាវាជាចំណាត់ការដែលនាំឱ្យខាតច្រើនជាងចំណេញព្រោះវានឹងប៉ះពាល់សេដ្ឋកិច្ច និងសង្គម។ អ្នកដែលកំពុងឆ្ងាញ់មាត់នឹងកញ្ឆាក៏ត្រូវបាត់បង់ឱកាសជក់កញ្ឆាសម្រាប់ការកម្សាន្តសប្បាយតទៅទៀតដែរ។ បើទុកជាពួកគេរកឱកាសជក់នាពេលអនាគតក៏ត្រូវជក់ទាំងខុសច្បាប់ ហើយជក់ដោយលួចលាក់ថែមទៀត។

ក្រោយពេលរដ្ឋាភិបាលអនុញ្ញាតឱ្យដាំ និងប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ម្ចាស់កសិដ្ឋានជាច្រើនដូរពីដាំដំណាំផ្សេងមកដាំកញ្ឆាវិញព្រោះវាជាដំណាំត្រូវប៉ាន់។ អ្នកម្ចាស់ហាងលក់ និងជក់កញ្ឆានឹងរងផលប៉ះពាល់ខ្លាំងរហូតដល់បិទទ្វារហាងតែម្ដង។ អ្នកខ្លះទៀតយល់ថាបើគេស្រាវជ្រាវទៅឃើញថាកញ្ឆាប៉ះពាល់សុខភាពខ្លាំងជាងស្រា និងបារីអាហ្នឹងគួរតែបិទដែរ។ ប៉ុន្តែបើប៉ះពាល់តិចតួចទេគួរតែដាក់ស្រា និងបារីទៅក្នុងបញ្ជីគ្រឿងញៀនខុសច្បាប់ដែរដើម្បីឱ្យមានយុត្តិធម៌ទាំងអស់គ្នា៕
ភ្ញៀវទេសចរបរទេសសម្រុកទៅថៃដើម្បីចូលហាងជក់កញ្ឆា




ចែករំលែកព័តមាននេះ