ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​ប៏​ណ្ណ អង្គភាព​សារព័ត៌មាន​ចំនួន២

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន​ពីរ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន​ពីរ ក្រោយ​ពី​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ។

នៅ​ក្នុង​សេចក្ដីសម្រេច ប្រការ​១ ៖ លុប​ប្រកាស​លេខ​០៧២ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឱ្យ​លោក ជាវ គឹ​ម​លាង កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ចុះ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៦ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២០២ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជា​ម្ចាស់​សហគ្រាស​គេហទំព័រ​គ្រុឌ​01 ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ឈ្មោះ «kruth01» មាន​អាសយដ្ឋាន​ទីស្នាក់ការ​ស្ថិត​នៅផ្ទះ​លេខ​២០២ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ និង​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​។

សេចក្ដីសម្រេច​មួយទៀត ប្រការ​១៖ លុប​ប្រកាស​លេខ ០៣៩ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឱ្យ លោក ទុ​យ រិ​ទ្ធី កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០៧៣៤៧១៣ (០១) ចុះ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៥ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១៤០៤ ផ្លូវ​លេខ​៤១០ ភូមិ​២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ម្ចាស់​សហគ្រាស​សារព័ត៌មាន ខេ​ភី សូ​សល​ញូ​ស៍ ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ឈ្មោះ «khmerpostnews» អាសយដ្ឋាន​ទីស្នាក់ការ​ស្ថិត​នៅផ្ទះ​លេខ ១៤២៤ ផ្លូវ​លេខ​៤១០ ភូមិ​២ សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារ ព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ និង​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៩ ដដែល​នេះ អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជម្រាប​ជូន​អង្គភាព​សារព័ត៌មាន ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​ចូល​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ សូម​ចូលខ្លួន​មក​បំភ្លឺ​ជា​បន្ទាន់ ។

គួរ​ជម្រាប​ផង​ដែរ​ថា «​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​ម្ចាស់​ទីតាំង​បញ្ជូន​ទៅ​តុលាការ ក្រោយ​អ្នកលេង​ជល់​មាន់​ផ្ទុះ​ហិ​.​ង្សា​ជាមួយ​អ្នកកាសែត​មួយ​ក្រុម​» នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤​នេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឆ្លើយ​តប និង​បំភ្លឺ ស្តី​ពី​កិច្ច​ប្រតិបត្ដិការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​បញ្ជល់មាន់​) និង​ប្រើ​ហិ​.​ង្សា​រវាង​អ្នក​សារព័ត៌មាន​ប្រហែល​១០​នាក់ ជិះ​រថយន្ត​០៣​គ្រឿង និង​អ្នកលេង​ជល់​មាន់​ប្រហែល​៤០​នាក់ ។

ករណី​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) និង​ប្រើ​ហិ​.​ង្សា កើតហេតុ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ចំការ​ស្វាយ ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ រួម​មាន ៖
១.​ឈ្មោះ យូ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម (​អ្នក​បើក​កន្លែង​ជល់​មាន់​) (​ឃាត់ខ្លួន​) ។
២.​ឈ្មោះ ទី ភារ​ម្យ ហៅ​ពេទ្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្ដព្រៃវែង (​គេចខ្លួន​) ។

បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា លទ្ធផល នៃ​ការ​ស្រាវជ្រាវ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់ បាន​លួច​ទៅ​បើក​លេង​នៅ​ទីតាំង​ខាងលើ ហើយ​អ្នក​សារព័ត៌មាន ក៏​បាន​ចុះ​ទៅ​ដល់​ជួប​ជាមួយ​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់ ហើយ​ទារ​លុយ​ពី​អ្នក​បើក​ចំនួន ៥០០,០០០​រៀល ក្នុង​០១​រថយន្ត ចំណែក​អ្នក​បើក​ល្បែង​ឱ្យ​ត្រឹម ២០០,០០០​រៀល ក្នុង​០១​រថយន្ត ដោយ​ជជែក​មិន​ត្រូវ​គ្នា ទើប​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិ​.​ង្សា​ដាក់​គ្នា ដោយ​អ្នកលេង​ល្បែង​ម្នាក់ ត្រូវ​បាន​អ្នក​សារព័ត៌មាន យក​មួក​សុវត្ថិភាព ទៅ​វាយ​ចំ​ក្បាល និង​វាយ​ម៉ូតូ​បណ្តាល ឱ្យ​ខូចខាត ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា ក្រុម​អ្នក​សារព័ត៌មាន ដឹកនាំ​ដោយ​ឈ្មោះ ជាវ គឹ​ម​លាង គេហទំព័រ​គ្រុឌ​០១ មាន​ស្នាក់​ការ​នៅ​រាជធានី​ភ្នំពេញ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ស៊ិ​ន វឿ​ន ភេទ​ប្រុស អ្នក​ទៅ​លេង​ជល់​មាន់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​បានឃើញ​ក្រុម​អ្នកកាសែត ជិះ​រថយន្ត​ចំនួន​០៣​គ្រឿង មាន​ម៉ាក​ព្រុស (Prius) ចំនួន​០២​គ្រឿង និង​០១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ចត​នៅ​មុខ​ច្រកចូល​កន្លែង​ជល់​មាន់​។ លុះ​បាន​បន្តិច​មក​ឈ្មោះ ជាវ គី​ម​លាង រហ័ស​នាម​គ្រុឌ​០១ ជា​ចាងហ្វាង​គេហទំព័រ គ្រុឌ​០១ Krud 01 NEWS ដែល​ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ស ស្លៀកខោ ពណ៌​ខ្មៅ ពាក់​ស្បែកជើង​កីឡា (​ប៉ាត់​តា​) ពណ៌​ប្រផេះ បាន​ស្រែកសួរ​អ្នកលេង​ល្បែង​ជល់​មាន់​ថា “​អ្នក​ណា​ជា​អ្នក​ដោះស្រាយ​រឿង​លុយ​” ពេល​នោះ មាន​បុរស​ម្នាក់ បាន​ទៅ​ជួប​ថា ឱ្យ​លុយ​ចំនួន ២០០,០០០​រៀល ក្នុង ០១​ឡាន តែ​ឈ្មោះ ជាវ គី​ម​លាង មិន​ព្រមយក ក៏​បាន​ស្រែក​ឡូឡា​ថា “​អញ​ចាងហ្វាង​ប៉ុណ្ណឹង​ដែរ យក​២០០,០០០​រៀល ទៅ​ធ្វើ​អី ទាល់តែ ០១​ឡាន ៥០០,០០០​រៀល បាន​អ​.​ញយ​ក​” ។

អ្នក​ទៅ​លេង​ជល់​មាន់ ប្រាប់​បន្ត​ថា បន្ទាប់​មក​ក្រុម​អ្នកកាសែត​បាន​ដក​ទូរ​សព្ទ​មក​ធ្វើការ​ថត​ឡាយ ស្រែ​កថា លោកស្នងការ​មើល​ផង មាន​កន្លែង​បើក​លេង​ជល់​មាន់នៅ​ស្រុក​ល្វាឯម ហើយ​ក៏​មានការ​ដេញ​វាយ​គ្នា​តែ​ម្ដង ។

ដោយឡែក ចម្លើយ​សារភាព ឈ្មោះ យូ ពៅ អ្នក​បើក​ទីតាំង​ល្បែង បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក ឈ្មោះ ពេទ្យ បាន​ទូរ​សព្ទ​មក​ខ្លួន​ឱ្យ​រៀបចំ​សង្វៀន​ជល់​មាន់នៅ​ទីតាំង​ខាងលើ ពេល​នោះ​ខ្លួន បាន​ទៅ​ដឹក​សម្ភារៈ​មក​រៀបចំ​ធ្វើ​ជា​សង្វៀន​ជល់​មាន់ មាន​ដូច​ជា​កៅស៊ូ​តង់​ប្រក់​ដំបូល ខ្សែ​គោ​ព័ទ្ធ​ជុំវិញ​បាញ់ថ្នាំ​ក្រហម និង​ដាក់​កៅអី​សម្រាប់​អង្គុយ​មើល​។ រហូត​ដល់​ម៉ោង​ប្រហែល ១២:០០​នាទី​ថ្ងៃត្រង់ ទើប​មាន​អ្នក​យក​មាន់​មក​ជល់​បណ្ដើរ​ៗ និង​ចរចា​គ្នា ត​ខ្នាយ​ផ្លែ​ដែក ហើយ​ឈ្មោះ យូ ពៅ ក៏​បាន​ចេញ​ទៅ​យក​ទឹក​មក​រៀបចំ​ដាក់​លក់​។ លុះ​បាន​បន្ដិច​ក្រោយមក ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ចូល​ទៅ​ថត​ឡាយ ធ្វើ​ឱ្យ​អ្នក​ទៅ​លេង​មាន់​ជល់​រត់​ចេញ​អស់​។ ខណៈនោះ រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវ​បេតុង ស្រាប់តែ​មាន​រថយន្ដ​អ្នក​សារព័ត៌មាន​០២​គ្រឿង ជិះ​មក​កៀរ​ឱ្យ​ដួល ឈប់​បិទមុខ​-​ក្រោយ រួច​បាន​វាយ​ទៅ​លើ​រូប​ខ្លួន​ចំនួន​០៣​ដៃ ។

ករណី​ខាងលើ​នេះ ជនសង្ស័យ​ដែល​ជា​អ្នក​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​បញ្ជល់មាន់​) ជំនាញ​បាន​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ចំណែក​ជម្លោះ​រវាង​អ្នក​សារព័ត៌មាន ប្រើ​អំពើ​ហិ​.​ង្សា និង​កំហែង​យក​ប្រាក់ ទៅ​លើ​ក្រុម​អ្នកលេង​ល្បែ​.​ង​ខុសច្បាប់ កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ