ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ គេសង្កេតឃើញប្រជាកសិករជាច្រើននាក់បាននាំគ្នាយកដើមដំឡូងមីទៅដាំជួសជុលនៅក្នុងចម្ការរបស់ខ្លួន ក្រោយពេលមេឃបង្អុរភ្លៀងជាច្រើនមេ បន្ទាប់ពីរាំងស្ងួតហួតហែងអស់រយ:ពេលយ៉ាងយូរ បណ្តាលឱ្យដំណាំដាំដុះដូចជា ពោតក្រហម ដំឡូងមី និងដំណាំផ្សេងៗទទួលរងការងាប់ខូចខាតអស់ជាច្រើន ។


បើតាមការរៀបរាប់កសិករម្នាក់ ឈ្មោះ ផល្លី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ៖ កាលពីប៉ុន្មានខែមុនគាត់បានឃើញកសិករជាច្រើននាក់ រស់នៅក្រុងប៉ៃលិន បានសម្រុកនាំគ្នាដាំពោតក្រហម និងដំឡូងមី ខណ:ដែលរូបគាត់មិនទាន់ហ៊ានដាំនោះទេ ព្រោះព្រួយបារម្ភពីអាកាសធាតុក្តៅខ្លាំងលុះបន្ទាប់ពីពួកគេដាំរួច ខណ:ពេលដែលដំណាំទាំងឡាយកំពុងតែដុះលូតលាស់យ៉ាងល្អ ស្រាប់តែផ្ទៃមេឃក្តៅខ្លាំង ហើយថែមទាំងរាំងភ្លៀងអស់រយ:ពេលយ៉ាងយូរ បណ្តាលឱ្យដំណាំដាំដុះនៅក្នុងចម្ការងាប់អស់ជាបណ្តើរៗ ដែលធ្វើឱ្យអ្នកដាំពោតខ្លះ២ទៅ៤ហិកតា និងអ្នកដំណាំដំឡូងមី ខ្លះ៥ទៅ១០ហិកតា ទទួលរងការងាប់ខាតបង់ដើមទុនអស់ជាច្រើន។ តែរហូតមកដល់ពេលនេះ គាត់ឃើញមេឃធ្លាក់ភ្លៀងជាច្រើនមេក៏ចាប់ផ្តើមទិញដើមដំឡូងមីពីឈ្មួញដោយ១បាច់ (ចំនួន១០ដើម) តម្លៃ៨០០០រៀល ហើយជួលកម្មករឱ្យចូលទៅដាំតែម្តង ។
ក្នុងការដាំនេះគាត់គិតថ្លៃឈ្នួលឱ្យកម្មករចំនួន៣០ម៉ឺនរៀល ក្នុង១ហិកតា ដោយដាំបានជាង១ហិកតា នៅខ្វះដើមដំឡូងមីកំពុងរកទិញបន្ថែមទៀត ដើម្បីដាំឱ្យទាន់ពេលវេលាផងដែរ ៕








ចែករំលែកព័តមាននេះ