ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ បានសម្រេចចុះផ្អាកទីតាំងអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងយីហោ«ចំប៉ាពេជ្រ»ដែលមានទីតាំងនៅក្បែរសាលាស្រុកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-19 ។
ក្រោយការសម្រេចបញ្ជាឲ្យផ្អាកទីតាំងអាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋានមានរយៈពេលមួយថ្ងៃរួចមក ។ នៅថ្ងៃទី១០ ខែធ្នូ នេះ អាជ្ញាធរខេត្តក្រោមការដឹកនាំពីមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានតម្រូវឲ្យបុគ្គលិកសណ្ឋាគារនិងភោជនីយដ្ឋាន ទាំងអស់យ៉ាងតិចជាង៦០នាក់ យកសំណាកទៅពិនិត្យរកមេរោគកូវីដ-19 និងតម្រូវឲ្យអ្នកទាំងអស់នោះធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់សណ្ឋគារចំប៉ាពេជ្រនោះទាំងអស់ ។ នេះបើយោងតាមការប្រកាស់ព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ។
នៅក្នុងសេចក្តីប្រកាស់ព័ត៌មានរបស់មន្ទីរសុខាភិបាលដដែលនោះបានឲ្យដឹងថា ដោយសារតែមានភ្ញៀវម្នាក់ ឈ្មោះអិត កុម៉ាល អាយុ៣៥ឆ្នាំ ដែលបានទៅហាង Zendo បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ ហើយលទ្ឋផលពិនិត្យសំណាកផ្តល់ដោយវិទ្យាសា្ថនប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ នេះគឺវិជ្ជមាន វីរ៉ុសកូវីដ-19។
ហើយគាត់បានមកស្នាក់នៅនិងពិសារអារហារនៅក្នុងសណ្ឋាគារ ចំប៉ាពេជ្រ ក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២ ០។ ពេលនោះ គាត់បានជួបជាមួយបុគ្គលិកសណ្ឋាគារផ្ទាល់ចំនួន១០នាក់ និងមិនផ្ទាល់ចំនួន៥២នាក់ ព្រមទាំងជួបផ្ទាល់ និងមិនផ្ទាល់ជាមួយនិងភ្ញៀវ ដែលបានមកស្នាក់នៅនិងពិសារអាហារនៅសណ្ឋាគារចំប៉ាពេជ្រ ជាច្រើននាក់ទៀតផងដែរ។
ទន្ទឹមនិងការបង្ការការឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មន្ទីរសុខាភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបានទៅស្នាក់នៅឬពិសារអារហារនៅសណ្ឋាគារចំប៉ាពេជ្រ ក្នុងស្រុកស្នួល ឬបានជួបជាមួយបុគ្គលិកសណ្ឋាគារចំប៉ាពេជ្រ នៅចន្លោះតាំងពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ត្រូវទំនាក់ទំនងបន្ទាន់មកមណ្ឌលសុខភាព ឬអាជ្ញាធរ ដើម្បីធ្វើការតាមដានសុខភាពរបស់ខ្លួន។
ចែករំលែកព័តមាននេះ