ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ៖ លោក ស៊ុន ចាន់​ថុ​ល ពន្យល់​​ឧបនាយករដ្ឋមន្ត្រី​វៀតណាម

3 អាទិត្យ មុន
  • ភ្នំពេញ

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បាន​ពន្យល់​អំពី​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ប្រាប់​លោក ឡេ មិ​ញ ខៃ (Lee Minh Khai) នៅ​ពេល​ជួប​គ្នា

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បាន​ពន្យល់​អំពី​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ប្រាប់​លោក ឡេ មិ​ញ ខៃ (Lee Minh Khai) នៅ​ពេល​ជួប​គ្នា នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៩ ស្តី​ពី​អនាគត​របស់​អាស៊ី ។

លោក ស៊ុន ចាន់​ថុ​ល ដែល​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ធ្វើការ​ពន្យល់ លម្អិត​បន្ថែម​អំពី​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ថា គម្រោង​នេះ ជីក​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់​ទុក​ស្រាប់ ហើយ​ធ្លាប់​បាន​ប្រើប្រាស់​តាំងពី អាណាចក្រ​ហ្វូ​ណ​ន​មក​ម្ល៉េះ​។

ចំពោះ​គម្រោង​នេះ លោក​បាន​លើក​ឡើង​ថា កម្ពុជា បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អស់​រយៈ ពេល​២៦​ខែ ដោយ​មានការ​ចូលរួម​ពី​ជំនាញការ​បច្ចេកទេស​ជាន់ខ្ពស់​សរុប​ចំនួន​៤៨​នាក់ ដែល​ក្នុង​នោះ​មាន​កម្រិត​ជំនាញ​ជា​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​វិទ្យាសាស្ត្រ ចំនួន​១១​នាក់ វិស្វករ​ជាន់ខ្ពស់​លំដាប់​ពិភពលោក ចំនួន​៣០​នាក់ និង​កម្រិត​វិស្វករ ចំនួន​៧​នាក់ ដែល​សុទ្ធ​សឹង​ដែល​មាន​ជំនាញ និង​បទ​ពិ​សោ​ន៍​ជា​ច្រើន​ឆ្នាំ​លើ​វិស្វកម្ម​សំណង់​ផ្លូវទឹក វិស្វកម្ម បូម​ស្តារ​ព្រែកជីក ការ​រចនា​ប្លង់​សាងសង់​ផ្លូវទឹក វិភាគ​ជល​សាស្ត្រ បរិស្ថាន សេដ្ឋកិច្ច​សង្គម និង​គ្រប់​ទិដ្ឋភាព​ជំនាញ​បច្ចេកទេស លើ​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ​។

លោក​បាន​បន្ត​ថា ផ្លូវទឹក​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវទឹក ចំនួន​៣​កន្លែង ស្ថិត​នៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ ការ​ជ្រៀតចូល​នៃ​ទឹក ប្រៃ​ទៅ​ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប ដែល​ត្រូវ ហូរ​ចេញ​ទៅ​សមុទ្រ​បាន​ផង​ដែរ ដែល​មិន​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​លើ​ផ្នែក​បរិស្ថាន ក្នុង​ប្រទេស ឬ​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ឆ្លង​ដែន ទៅ​ប្រទេស​ជិតខាង​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ​គម្រោង​នេះ នឹង​ជួយ​រក្សា​លំនឹង​ចីរភាព​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​បង្កើត​ជម្រក ចម្រុះ​គ្រប់​ប្រភេទ​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ការ​កកើត​នៃ​ពពួក​វា​រី​សត្វ​-​រុក្ខជាតិ និង​មច្ឆា ជាតិ​គ្រប់​ប្រភេទ កាត់​បន្ថយ​ទឹកជំនន់​នៅ​ខេត្ត​ចំនួន​៥ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​ការពារ​មិន​ឱ្យ​មាន​ទឹកជំនន់​ពី​ប្រទេស​កម្ពុជា ហូរ​ចូល​ប្រទេស​វៀតណាម​។

លោក​បាន​បន្ថែម​ថា ជាក់ស្តែង តាម​ការ​សិក្សា​យ៉ាង​លម្អិត​បាន​បង្ហាញ​ថា បច្ចុប្បន្ន​ទឹក​ហូរ ពី​ទន្លេមេគង្គ​ទៅ​សមុទ្រ​មាន ប្រមាណ​៨០០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី (8000m3/s) ចំពោះ​ទន្លេបាសាក់ មាន​ទំហំ​១៤០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី (1400m3/s) ចំណែក​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន នឹង​ប្រើប្រាស់​ទឹក​ត្រឹមតែ​៥​ម៉ែត្រគូប ក្នុង​មួយ​វិនាទី (5m3/s) តែ​ប៉ុណ្ណោះ ឬ​ប្រមាណ ០,០៥៣%​។

នា​ឱកាស​ជំនួប​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​រំលេច​ឡើង​រួម​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា​របស់​រដ្ឋាភិបាល បើ​ទោះបី​ពិភពលោក កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ដែល​មាន​លក្ខណ​:​កាន់តែ​ស្រួចស្រាល និង​មិន​ប្រាកដប្រជា​ក៏​ដោយ​។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​ទាំង​ពីរ ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​បង្ហាញ​ការ​តាំងចិត្ត និង​ស្នើ​ឱ្យ​មានការ​ចូលរួម ពី​ភាគី​មិត្ត​វៀតណាម ធ្វើ​យ៉ាងណា​សម្រេច​ទិស​ដៅ​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ដល់ ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ