ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងនាំយកសត្វខ្លាធំចំនួន៤ក្បាលពីប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ កម្ពុជា​នឹង​នាំ​យក​សត្វ​ខ្លាធំ​ចំនួន​៤​ក្បាល​មក​ពី​ប្រទេស​ឥណ្ឌា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ចិញ្ចឹម ។ នេះ​បើ​តាម​នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ហៅ​កាត់ WA (Wildlife…

រាជធាន​ភ្នំពេញ ៖ កម្ពុជា​នឹង​នាំ​យក​សត្វ​ខ្លាធំ​ចំនួន​៤​ក្បាល​មក​ពី​ប្រទេស​ឥណ្ឌា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ចិញ្ចឹម ។ នេះ​បើ​តាម​នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ហៅ​កាត់ WA (Wildlife Alliance) ។

កញ្ញា​បណ្ឌិត ស៊ូ​វ​ណ្ណា ហ្គោ​ន​ឡែ​ត (Suwanna Gauntlett) នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ហៅ​កាត់ WA (Wildlife Alliance) បាន​បញ្ជាក់​ថា សត្វ​ខ្លាធំ ដែល​គ្រោង​នាំ​មក​កាន់​កម្ពុជា​ក្នុង​ជំហាន​ទី​១ នេះ​គឺ​មាន​ឈ្មោល​ចំនួន​១​ក្បាល និង​ញី​ចំនួន​៣​ក្បាល ហើយ​បើ​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​ថែទាំ និង​អភិរក្ស​ខ្លាធំ​ចំនួន​៤​ក្បាល​ដែល​នឹង​មក​ដល់ គឺ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​នឹង​បង្កើន​ការ​ផ្ដល់​ជូន​ដល់​១១​ក្បាល​បន្ថែម ។

សត្វ​ខ្លាធំ​ទាំង​៤​ក្បាល​នឹង​លែង​ក្នុង​តំបន់​ស្នូល​នៃ​ជួរ​ភ្នំក្រវាញ​ដែល​ត្រូវ​បានការ​ពារ និង​ចាត់​ទុក​ថា មាន​សុវត្ថិភាព​បំផុត​ក្នុង​ការ​ស្តារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា​ឡើង​វិញ ។ សត្វ​ខ្លាធំ​ដែល​គ្រោង​លែង​ក្នុង​តំបន់​ស្នូល​នៃ​ជួរ​ភ្នំក្រវាញ​នឹង​ផ្តល់​ការ​គាំទ្រ​ការ​ត្បា​តរបស់​ឧ​ទ្យា​នុ​រក្ស​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដូច​ជា ការ​បំពាក់​វិទ្យុទាក់ទង​លើកសត្វ​ខ្លា ការ​តាមដាន​ដំណើរ​សត្វ​ខ្លា ពី​ផ្កាយ​រណប​ហើយ​ទិន្នន័យ​ដែល​ប្រមូល​បាន គឺ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រសួងបរិស្ថាន​បាន​រៀបចំ​ដំឡើង​កាមេរ៉ា​ស្វ័យប្រវត្តិ​ចំនួន​៤១០​គ្រឿង នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ដើម្បី​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​នូវ​របាយ​ការ​ចំនួន​សត្វព្រៃ ដែល​ជា​ចំណី​សត្វ​ខ្លា​ឱ្យ​បាន​ជាក់លាក់ ។

គម្រោង​ស្តារ​សត្វ​ខ្លាធំ ឬ​ខ្លាដំបង​នេះ គឺជា​គម្រោង​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឥណ្ឌា ដោយ​ផ្អែក​លើ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ពីរ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ជា​ការ​បោះ​ជំហាន​ទៅ​មុខជា​ប្រវត្តិសាស្ត្រ សម្រាប់​ការ​អភិរក្ស​សត្វ​ខ្លាធំ​នៅ​កម្ពុជា ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តី​ពី​ការ​គ្រប់គ្រង​សត្វព្រៃ និង​យុទ្ធសាស្ត្រ​ស្ដារ​សត្វ​ខ្លាធំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ លោកស្រី​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រគល់​សត្វ​ខ្លាធំ​នេះ​អាច​នឹង​ធ្វើ​ឡើង​អំឡុង​ពេល​ខែវិច្ឆិកា ឬ​ខែធ្នូ​ខាង​មុខ ។

យ៉ាងណា​ក្តី ការ​ប្រគល់​ខ្លា​មក​កម្ពុជា​នេះ វា​អាច​ពន្យារពេល​យូរ​ជាង​នេះ​បន្ថែម​ទៀត​ក៏​អាច​ថា​បាន អាស្រ័យ​ទៅ​លើ​អាកាសធាតុ និង​កត្តារួម​ផ្សំ​មួយ​ចំនួន​ទៀត ។ បើ​តាម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា បាន​បញ្ជាក់​ប្រាប់​ថា ការ​ប្រគល់​សត្វ​ខ្លាធំ​នេះ គឺ​ជំ​ហ៊ាន​ទី​១ ដែល​ប្រទេស​អ្នកស្រី​ឱ្យ​កម្ពុជា ហើយ​បើ​គម្រោង​នេះ​ទទួល​ជោគជ័យ​ប្រទេស​ឥណ្ឌា​នឹង​ធ្វើការ​បង្កើន​ការ​ផ្ដល់​ជូន​ដល់​១១​ក្បាល​បន្ថែម​ទៀត ។

លោក ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា ការ​នាំ​សត្វ​ខ្លាធំ​មក​កម្ពុជា​គឺ​នឹង​នាំ​មក​នូវ​សារៈ​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ក្នុង​នេះ​ក្រៅពី​ស្តារ​សត្វព្រៃ​ដែល​បាត់បង់​ហើយ នៅ​អាច​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍​សម្រាប់​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ថែម​ទៀត ។ សម្រាប់​គម្រោង​ស្តារ​សត្វ​ខ្លាធំ​ឡើង​វិញ​នេះ បន្ទាប់​ពី​បាត់​វត្តមាន​ពី​ទឹកដី​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០៧ ដោយ​ការ​បរ​បា​.​ញ់ ដើម្បី​ពាណិជ្ជកម្ម​ឆ្អឹង និង​ស្បែក ។ វត្តមាន​របស់​វា​ធ្លាប់​បាន​រក​ឃើញ នៅ​តាម​តំបន់​មួយ​ចំនួន​ដូច​ជា​ភូមិភាគ​ឦសាន និរតី និង​ខាងជើង​ប្រទេស​កម្ពុជា ។

ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WA បាន​រៀបចំ​ដី​ព្រៃ​ទំហំ​៩០​ហិ​កតា ស្ថិត​ក្នុង​ដែន ជម្រក​សត្វព្រៃ​តា​តៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ដោយ​មាន​របង​ដែក ទ្រុង​ដែក អាង​ទឹក និង​សត្វព្រៃ​សម្រាប់​ជា​ចំណី​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ ដែល​គ្រោង​ទទួល​ពី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា មុន​លែង​ចូល​តំបន់​ស្នូល​នៃ​តំបន់ការពារធម្មជាតិ ។
សូម​បញ្ជាក់​ថា ខ្លាធំ ឬ ខ្លាដំបង ជា​ប្រភេទ​ដែល​មាន​មាឌធំ​ជាងគេ​បំផុត ក្នុង​ចំណោម​អំបូរ​ឆ្មា និង​ងាយស្រួល​ចំណាំ ដោយសារ​វា​មាន​សម្បុរ​ក្រហម លឿង ឬ​ត្នោត​ខ្ចី មាន​ឆ្នូត​បង្កង់​ពណ៌​ក្រមៅ កាត់​ទទឹង​ដងខ្លួន ។ នៅ​ផ្ន​ក​ខាងក្រោម​ចង្កា និង​បំពង់ក​មាន​ពណ៌​ស ខណៈ​កន្ទុយ​មាន​សម្បុរ​ខ្មៅ​ជា​កង់​ៗ និង​ខ្មៅ​ផ្នែក​ខាង​ចុង ។ ចំពោះ​លក្ខណៈ​ជីវសាស្ត្រ គឺ​វា​អាច​រស់នៅ​ក្នុង​ជម្រក គ្រប់​ប្រភេទ​ដែល​មានទឹក ចំណី និង​ម្លប់​គ្រប់គ្រាន់ ព្រោះ​វា​ជា​សត្វ​ចាញ់​កម្ដៅថ្ងៃ ។

នៅ​ពេល​ថ្ងៃ​ក្តៅ​ខ្លាំង គឺ​វា​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​ដេក​ត្រាំ​ទឹក ។ វា​មាន​ភាព​ស្ទាត់ជំនាញ​ក្នុង​ការ​ហែល​ទឹក ហើយ​វា​មិន​ឡើងដើមឈើ​ទេ បើសិន​មិន​ចាំបាច់ ។ ខ្លាធំ​អាច​ចាប់​ចំណី​បាន ចាប់ពី​សត្វ​តូច​រហូត​ដល់​សត្វ​ធំ និង​អាច​បង្កាត់​ពូជ​បាន​គ្រប់​រដូវ និង​អាច​បង្កើតកូន​បាន​ពី​១-៧​ក្បាល បន្ទាប់​ពី​ពពោះ​រយៈពេល​ប្រហែល​១០០​ថ្ងៃ ។ វា​អាច​មាន​អាយុ​រហូត​ដល់​២៥​ឆ្នាំ​ក្នុង​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ