ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​០៣​ភូមិ ក្នុង​ឃុំ​កំពង់​អំ​ពឹ​ល ស្រុក​រំដួល ទទូច​ចង់បាន​អគ្គិសនី​ប្រើប្រាស់

3 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​០៣​ភូមិ គឺ​ភូមិ​ស្វាយ​រលំ ភូមិ​ច្រេស និង​ភូមិ​ត្រសក់ ក្នុង​ឃុំ​កំពង់​អំ​ពឹ​ល ប្រមាណ​ជិត​៣០០​គ្រួសារ គ្មាន​អគ្គិសនី​ប្រើប្រាស់​ទេ បាន​សំណូមពរ​យ៉ាង​ទទូច…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​០៣​ភូមិ គឺ​ភូមិ​ស្វាយ​រលំ ភូមិ​ច្រេស និង​ភូមិ​ត្រសក់ ក្នុង​ឃុំ​កំពង់​អំ​ពឹ​ល ប្រមាណ​ជិត​៣០០​គ្រួសារ គ្មាន​អគ្គិសនី​ប្រើប្រាស់​ទេ បាន​សំណូមពរ​យ៉ាង​ទទូច សូម​ឲ្យ​អាជ្ញាធរ​មេត្តា ជួយ​ដោះស្រាយ​ស្នើ​សុំ​ទៅ​លោក​ប្រធាន​អគ្គិសនី​កម្ពុជា សាខា​ខេត្តស្វាយរៀង ឲ្យ​ចុះ​មក​ពិនិត្យ និង​ត​បណ្តាញ​អគ្គិសនី ឲ្យ​ប្រជាពលរដ្ឋ​ទាំង​០៣​ភូមិ បាន​ប្រើប្រាស់​ផង​។
បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយ​រលំ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នៅ​ភូមិ​ស្វាយ​រលំ ឃុំ​កំពង់​អំ​ពឹ​ល គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទេ ពួក​គាត់​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឃុំ ជា​ច្រើន​លើក​ហើយ មិន​ទាន់​បាន គឺ​គេ​ប្រាប់​ថា ជិត​បាន​ហើយ​ៗ ពួក​គាត់​ខំ​យក​បង្គោល​មក​ដាំ និង​ទិញ​ខ្សែភ្លើង​ទុក សម្រាប់​ត​អគ្គិសនី រយៈពេល​០៣​បួន​ឆ្នាំ​មក​ហើយ រហូត​បង្គោល​ពុក​ដួល​រលំ​អស់​ខ្លះ​ហើយ ខ្សែភ្លើង​ទុក​ចោល​យូរ​កណ្តុរ​កាត់​អស់ នៅ​តែ​មិន​ទាន់​ឃើញ​ខាង​អគ្គិសនី មក​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​ប្រើប្រាស់​ទៀត ។

ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ទួល​ច្រេស និង​ភូមិ​ត្រសក់ ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​តាម​ដងផ្លូវ​ថ្នល់ គេ​បាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត ដែល​គេ​មាន​ជីវភាព​ធូរធារ គេ​ដាំ​បង្គោល និង​រាយ​ខ្សែភ្លើង ត​បណ្តាញ​អគ្គិសនី បាន​ប្រើប្រាស់ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​លទ្ធភាព ដាំ​បង្គោល​ផង ទិញ​ខ្សែភ្លើង តទៅ​ឆ្ងាយ ចម្ងាយ​៥០០​ទៅ​៦០០​ម៉ែត្រ​នោះ​ទេ ហើយ​នៅ​ថ្លៃ​សុំ​ត​ភ្ជាប់ និង​ឈ្នួល មន្ត្រី​អគ្គី​ស​នី ឲ្យ​មក​ត​ភ្ជាប់​ឲ្យ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដូច្នេះ​មាន​តែ​រង់ចាំ​អគ្គិសនី គេ​ត​បណ្តាញ​មក​ដល់​ផ្ទះ ទើប​អំពាវ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​សម្រួល និង​ដោះស្រាយ ។

ប្រជាពលរដ្ឋ​ខាងលើ បាន​អំពាវនាវ និង​ស្នើ​សុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ នៅ​ភូមិ​ស្វាយ​រលំ ឃុំ​កំពង់​អំ​ពឹ​ល​ស្រុក​រំដួល ។

ទាក់ទិន​ករណី​នេះ ដែរ​លោក ហែម ស៊ី​ណា អភិបាលស្រុក​រំដួល បាន​មាន​ប្រសាសន៍​ថា ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ គឺ​ចង់បាន​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ខ្លាំង​ណាស់ គឺ​ចង់បាន​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់​មូលដ្ឋាន ហើយ​លោក​បាន​ស្នើ​សុំ​ទៅ​លោក​ប្រធាន​អគ្គិសនី​កម្ពុជា សាខា​ស្វាយ​រៀង ពីរ​បី​លើក​រួច​ហើយ ប៉ុន្តែ​ខាង​មន្ត្រី​អគ្គិសនី ឲ្យ​ធ្វើ​ផែនការ​ឆ្នាំ តាម​គោល​ការ​វិនិយោគ មុន​ក្រោយ គង់តែ​ដល់​ទេ គេ​ឲ្យ​រង់ចាំ​។ ចំណែក​ប្រជាពលរដ្ឋ ដែល​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ គាត់​រង់ចាំ​យាង​អន្ទះសា ។

លោក​បន្ត​ទៀត​ថា បញ្ហា​ខ្លះ គឺ​ពាក់​ព​ន្ធ័​ភូមិសាស្ត្រ ភូមិ​ខ្លះ​នៅ​ឆ្ងាយ​ពី​គ្នា ភូមិ​ខ្លះ​នៅ​កៀក​គ្នា លំនៅ​ឋាន​មួយ​ចំនួន នៅ​ឆ្លា​យ​ពី​ផ្លូវ ។

ដោយឡែក​បើ​តាម​លោក សេង ប៊ុ​ន​ណាត ប្រធាន​អគ្គិសនី​កម្ពុជា សាខា​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា នៅ​តំបន់​គោលដៅ​ខ្លះ ត្រូវ​ឲ្យ​អាជ្ញាធរ​លើក​ផែនការ​ឆ្នាំ ដើម្បី​វិនិយោគ ពេល​ណា​គម្រោង​ទៅ​ដល់ ខាង​អគ្គិសនី នឹង​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​សំណើរ ។

លោក ឡឹ​ក សេរី​រតនា ប្រធាន​ចែកចាយ​បណ្តាញ​អគ្គិសនី សាខា​ខេត្តស្វាយរៀង ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា អគ្គិសនី​កម្ពុជា​សាខា​ខេត្តស្វាយរៀង បាន​ផ្តល់​អគ្គិសនី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទាំង​៣​ភូមិ ក៏​ប៉ុន្តែ​មិន​ទាន់​គ្រប់​ខ្នង​ផ្ទះ មាន​ដូច​ខាងក្រោម ៖

១. ភូមិ​ត្រសក់ ៖ អគ្គិសនី​ស្វាយ​រៀង​បាន​ភ្ជាប់​ចរន្ត ជូន​អតិថិជន​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​បាន​ចំនួន ៧៤​គ្រួសារ​។ ចំពោះ​ទីតាំង​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ គឺ​បាន​សាងសង់ បណ្តាញ​បណ្តាញ​រួចរាល់​ហើយ​។ នៅ​ពេល ដែល​ដាក់​ដំណើរការ ក្រុមការងារ នឹង​ជូនដំណឹង​ជូន​ប្រជាពលរដ្ឋ ។

២. ភូមិ​ស្វាយ​រលំ ៖ អគ្គិសនី​ស្វាយ​រៀង បាន​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​បាន​ចំនួន ៦៥​គ្រួសារ​។ ចំពោះ​ទីតាំង​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ អគ្គិសនី​ស្វាយ​រៀង​នឹង​ចុះ​ពិនិត្យ​សិក្សា​បន្ថែម ។

៣. ភូមិ​ទួល​ច្រេស ៖ អគ្គិសនី​ស្វាយ​រៀង បាន​ភ្ជាប់​ចរន្ត ជូន​អតិថិជន​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​បាន​ចំនួន ៧០​គ្រួសារ​។ ចំពោះ​ទីតាំង​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ អគ្គិសនី​ស្វាយ​រៀង​នឹង​ចុះ​ពិនិត្យ​សិក្សា​បន្ថែម ៕

អត្ថបទសរសេរ ដោយ