ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាណិតណាស់! អតីតសិស្សឆ្នើម និទ្ទេស A មួយរូប ជំនួស​ឱ្យ​ការ​អង្គុយ​ក្នុង​ថ្នាក់​មហាវិទ្យាល័យ បែរជា​ត្រូវ​ដេក​ប្រយុទ្ធ​នឹង​ជំងឺ​នៅ​លើ​គ្រែ

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជា​រឿង​ដ៏អាណិតបំផុត សម្រាប់​ធនធានមនុស្ស​ដ៏​កម្រ​ប្រចាំ​ខេត្តមណ្ឌលគិរី ដោយ​ប្អូនប្រុស​ឈ្មោះ ងិ​ន អ៉ី​យាន អតីត​សិស្ស​ឆ្នើម​លំដាប់​និទ្ទេស A បច្ចុប្បន្ន​កំពុង​តែ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​។

ដោយ​ក្តី​អាណិតអាសូរ នា​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ លោក សាន់ ដា​រិ​ទ្ធិ អភិបាលរង​ខេត្តមណ្ឌលគិរី និង​លោក អាន សុ​ឃី​ម នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បាន​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​ប្អូនប្រុស​។​ក្នុង​ឱកាស​នោះ ក្រុមការងារ​បាន​នាំ​នូវ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត និង អ្នកឧកញ៉ា អ៉ឹ​ង ស៊ី​តាត​វី​រៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត ។ ថ្នាក់ដឹកនាំ​បាន​បញ្ជាក់​ថា​រាល់​ធនធានមនុស្ស​ឆ្នើម​របស់​ខេត្ត គឺ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ​។

ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​ការ​ចំណាយ​លើ​ការ​ព្យាបាល ថ្នាក់ដឹកនាំ និង​សប្បុរសជន​បាន​រួម​គ្នា​ឧបត្ថម្ភ​នូវ​ថវិកា​និង​ស្បៀងអាហារ ដោយ​រដ្ឋបាល​ខេត្តមណ្ឌលគិរី អង្ករ ១០០ គីឡូក្រាម អ្នកឧកញ៉ា អ៉ឹ​ង ស៊ី​តាត​វី​រៈ ថវិកា ១ ០០០ ០០០ រៀល​កាកបាទក្រហម​ខេត្ត អង្ករ ៣០​គីឡូក្រាម គ្រឿង​ឧបភោគបរិភោគ ១​ឈុត​ធំ និង​ថវិកា ៣០០ ០០០ រៀល លោក សាន់ ដា​រិ​ទ្ធិ អភិបាលរង ខេត្ត​ថវិកា ២០០ ០០០ រៀល លោក ទាវ សំណាង ថវិកា​ចូលរួម ១០០ ០០០ រៀល​។

លោក សាន់ ដា​រិ​ទ្ធិ បាន​លើកទឹកចិត្ត​ប្អូនប្រុស ងិ​ន អ៉ី​យាន ឱ្យ​មាន​ស្មារតី​រឹង​មាំ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ (​ជំងឺ សួត​និង​ជំងឺថ្លើម​) កុំ​បាក់ទឹកចិត្ត​ឡើយ និង​ត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​ឆាប់​បានជា​សះស្បើយ វិល​ត្រឡប់​មក​បន្ត​ក្តី​ស្រមៃ​ដ៏​ត្រចះត្រចង់ និង​ធ្វើ​ជា​សសរទ្រូង​ដ៏​រឹង​មាំ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ​វិញ​៕