រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា បានបន្តចុះអនុវត្តទប់ស្កាត់បទល្មើស Online Scams ក្នុងមូលដ្ឋាន និងបានឃាត់ជនបរទេស០៦នាក់ រួមវត្ថុតាងមួយចំនួន ពាក់ព័ន្ធបទល្មើស អនឡាញស្គេម ។
ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបន្តការចុះត្រួតពិនិត្យអគារជួលការស្នាក់នៅដ៏ធំមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្របតាមអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត Online Scams ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅតាមបណ្តាទីតាំងផ្តល់ការស្នាក់នៅតូចធំនានាទាំងអស់ ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជន យកប្រទេសកម្ពុជា ជាជម្រកសម្រាប់ប្រព្រឹត្តិបទល្មើស Online Scams នោះឡើយ ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះឆែកតាមបន្ទប់ឃើញជនជាតិវៀតណាមចំនួន៦នាក់ រួមមានទូរសព្ទ៨គ្រឿង និងកុំព្យូទ័រចំនួន៣គ្រឿង, ចំពោះកុំព្យូទ័រ ត្រូវជនសង្ស័យកាច់បំបាក់បំផ្លាញភស្តុតាង ។
បច្ចុប្បន្ន នគរបាលបានបញ្ជូនជនបរទេសទាំង០៦នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕






ចែករំលែកព័តមាននេះ