ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិក និងអ៊ីរ៉ង់ ត្រូវរ៉ូវគ្នាបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រឡើងវិញ​

13 ម៉ោង មុន

មជ្ឈិមបូព៌ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៥ ខែមិថុនានេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបញ្ចប់សង្គ្រាមតំបន់ និងត្រៀមបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញនៅថ្ងៃសុក្រខាងមុខនេះ ដែលការប្រកាសនេះបានធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ ៥% ភ្លាមៗ និងធ្វើឱ្យទីផ្សារភាគហ៊ុនហក់ឡើងវិញយ៉ាងខ្លាំង។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីភាពជោគជ័យនេះ រួមទាំងបញ្ជាឱ្យបញ្ចប់ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ស្របពេលដែលបារាំង និងអង់គ្លេសត្រៀមដឹកនាំបេសកកម្មជួយសម្របសម្រួលផ្លូវទឹកឡើងវិញ។

ទោះជាយ៉ាងណា MoU នេះអាចនឹងជួបភាពរអាក់រអួល ដោយសារវាបានដាក់លក្ខខណ្ឌតម្រូវឱ្យបញ្ចប់សង្គ្រាមលើគ្រប់សមរភូមិ រួមទាំងការឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ផងដែរ ខណៈដែលអ៊ីស្រាអែលមិនបានចូលរួមក្នុងការចរចានេះឡើយ ហើយថែមទាំងបានបង្ហាញជំហរអវិជ្ជមាន ដោយប្រកាសថានឹងបន្តវត្តមានយោធានៅភាគខាងត្បូងលីបង់ «ដោយគ្មានកំណត់»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផ្លូវការនឹងត្រូវចុះហត្ថលេខានៅប្រទេសស្វីស ចំណែកឯបញ្ហាក្តៅគគុកពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានផ្អាកទុកដើម្បីជជែកគ្នានៅក្នុងកិច្ចចរចាបន្ទាប់ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ៕