ទីក្រុងប៉ារីស៖ លោកដូណាល់ត្រាំថ្លែងកាលពីយប់មិញថាអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងដំណាក់កាលដំបូងដើម្បីបិទបញ្ចប់សង្គ្រាម។ ប៉ុន្តែសេចក្ដីលម្អិតផ្សេងៗមិនត្រូវគេបញ្ចេញឱ្យដឹងជាសាធារណៈទេ។ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសបារាំងដើម្បីចូលរួមកិច្ចប្រជុំជីប្រាំពីរ លោកបញ្ជាក់ថាបានចុះហត្ថលេខារួចរាល់អស់ហើយ។ លោកថ្លែងបន្ថែមថាអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន នឹងចូលរួមពិធីចុះហត្ថលេខាជាផ្លូវការនៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រសប្ដាហ៍នេះ។

តាមរយៈកិច្ចព្រមព្រៀងនេះ ច្រកសមុទ្រហ័រម៉ូសនឹងបើកដំណើរការឡើងវិញ ហើយនឹងបន្តសុពលភាពបទឈប់បាញ់រយៈពេល៦០ថ្ងៃដើម្បីទុកពេលឱ្យប្រទេសទាំង២ចរចាគ្នាដោះស្រាយបញ្ហាពិបាកៗដូចជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។ សភាពការណ៍ធូរស្រាលជាងមុនធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះចាប់តាំងពីថ្ងៃទី១០ ខែមីនាមក។ កិច្ចព្រមព្រៀងនេះជាការវិវត្តដ៏សំខាន់បំផុតដើម្បីឈានទៅរកការដោះស្រាយជម្លោះដែលសម្លាប់មនុស្សយ៉ាងតិច៧ពាន់នាក់ ភាគច្រើននៅអ៊ីរ៉ង់ និងលីបង់ ហើយធ្វើឱ្យតម្លៃសាំង និងហ្គាសហក់ឡើងខ្ពស់។

មន្ត្រីរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់សុទ្ធតែនិយាយដូចៗគ្នាថាកិច្ចព្រមព្រៀងនេះនឹងផ្ដល់ប្រយោជន៍សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់ព្រោះអាមេរិកនឹងលុបចោលទណ្ឌកម្ម ហើយនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រើប្រាស់សាច់ប្រាក់រាប់សិបពាន់លានដុល្លារដែលបានពីការលក់ប្រេង និងដែលត្រូវបានបង្កកទុកនៅក្នុងធនាគារ។ មិនតែប៉ុណ្ណោះ ក្រុមសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រពែក្សសន្យារៃអង្គាសថវិកាឱ្យបាន៣០០ពាន់លានដុល្លារដើម្បីកសាងប្រទេសអ៊ីរ៉ង់ឡើងវិញ។

មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថាជាថ្នូរត្រឡប់មកវិញ អ៊ីរ៉ង់ត្រូវបំពេញទៅតាមការទាមទាររបស់អាមេរិកថាខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរទេ ហើយត្រូវឈប់ផ្ដល់ជំនួយទៅឱ្យក្រុមយុទ្ធជនមួយចំនួនដែលជាកូនចៅរបស់ខ្លួនដូចជាក្រុមហេសបូឡាជាដើម។ បើមិនដូច្នេះទេ អ៊ីរ៉ង់មិនអាចទទួលបានអត្ថប្រយោជន៍ដូចរៀបរាប់ខាងលើឡើយ។ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនឹងប្រកាសជាសាធារណៈនៅអំឡុងពេលពីរថ្ងៃខាងមុខនេះ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ