ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់បានលេបថ្នាំបញ្ចប់ជីវិត ដោយសារខឹងឪពុកម្ដាយតែងឈ្លោះប្រកែកគ្នាជាញឹកញាប់ធ្វើឱ្យនាងខ្មាស់អ្នកជិតខាងទើបសម្រេចចិត្តបែបនេះ ។ ហេតុការណ៍ភ្ញាក់ផ្អើល កើតឡើងកាលពីលាម៉ោង៣ទៀបភ្លឺថ្ងៃទី៦ ធ្នូ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។ នេះបើតាមការបញ្ជាក់បឋមពីសមត្ថកិច្ច ។
ប្រភពពីសមត្ថកិច្ចបានដឹងថា នារីរងគ្រោះឈ្មោះ គុយ វី ណា អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិក ពេទ្យឯកជន មានទីលំនៅនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថា កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ នាងបានត្រឡប់ពីធ្វើការនៅក្រុងបានលុងមកហូបបាយពេលល្ងាចជួបជុំសមាជិកគ្រួសារដូចសព្វដង ហើយនាងមិនបានចូលដេកទេ ដោយឃើញនៅសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ។
លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺឈានចូល ថ្ងៃទី៦ ខែធ្នូ ម្ដាយបានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើងស្មានតែមាន ចោរ ចូល លួច គាស់ផ្ទះ ក៏បានដាស់ប្តីត្រូវជាឪពុកនារីរងគ្រោះងើបមើល ។ ប៉ុន្តែមិនបានឃើញមានអ្វីទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញនារីនោះដេកនៅលើក្ដារ មាន អាការៈដង្ហក់ និងក្អួតចង្អោរ បាត់មាត់បាត់ក ។ ភ្លាមៗនោះ ក៏បានរកឡានអ្នកភូមិ ដឹកបញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។
ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់ ពេទ្យ អកុសល្យនារីនោះក៏បានដាច់ខ្យល់បាត់ទៅហើយ។ ក្រោយពេលមក បានបញ្ជូនមកដល់ផ្ទះវិញ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំង ប៉ុស្ដិ៍រដ្ឋបាល ឃុំល្បាំង២ បានធ្វើ កោសល្យវិច័យលើសព និង សាកសួរ ក្រុមគ្រួសារនៅ កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់ឱ្យសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចផងដែរ ៕
ចែករំលែកព័តមាននេះ