ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អេ​មី​រ៉ាត​អា​រ៉ាប់​រួម បន្ត​ពង្រីក​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន កសិកម្ម ថាមពល និង​ទេសចរណ៍

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូត នៃ​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ និង​បាន​សម្ដែង នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែល​ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង អេ​មី​រ៉ាត​អា​រ៉ាប់​រួម​-​កម្ពុជា ឱ្យ​កាន់តែ​រឹង​មាំ​។ បន្ថែម​លើ​នេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏​បាន​បញ្ជាក់​ថា ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ឯកឧត្តម នឹង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ជា​ច្រើន រួម​មាន ៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន កសិកម្ម ថាមពល និង​ទេសចរណ៍ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri និង​គណៈប្រតិភូ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ជា​ពិសេស​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ហើយ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​ទាំង​ពីរ​នឹង​ស្វែងរក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ។

ជាមួយ​គ្នា​នេះ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ភាព​ធន និង​បរិ​យា​ប័ន្ន​។ ជាក់ស្ដែង ក្នុង​វិស័យ​ថាមពល​ស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​នូវ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ចំនួន ៦២% នៃ​ការ​ប្រើប្រាស់​ថាមពល​សរុប និង​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បាន​ដល់ ៧០% ត្រឹម​ឆ្នាំ​២០៣០ ព្រមទាំង​បាន​បញ្ឈប់​ទាំងស្រុង​នូវ​ការ​បង្កើត​រោងចក្រ​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម ដោយ​ជំនួស​មក​វិញ​នូវ​គម្រោង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ទន្ទឹម​នោះ សម្ដេច​ធិ​បតី ក៏​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​កញ្ចប់ ដើម្បី​លើកទឹកចិត្ត និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ ហើយ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​អេ​មី​រ៉ាត​អា​រ៉ាប់​រួម សម្តេច​ធិ​បតី មាន​ជំនឿ​ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​កើនឡើង​បន្ថែម​ទៀត ។

សម្តេច​ធិ​បតី ក៏​បាន​លើកទឹកចិត្ត​ដល់​ឯកឧត្តម​ឯកអគ្គរាជទូត ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​បន្ត​ជំរុញ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វិស័យ​សក្ដានុពល​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ជាទី​បញ្ចប់ សម្ដេច​ធិ​បតី បាន​ជូនពរ ឯកឧត្តម​ឯកអគ្គរាជទូត ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ