ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍មិនថា ផ្លូវអាកាស ផ្លូវគោក ឫផ្លូវទឹកនោះទេ តែងតែកើតមានជារៀងរហូត ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរគ្មានការប្រុងប្រយ័ត្ន។
ជាក់ស្ដែង កាលពីថ្ងៃទី៣០ វិច្ឆិកា វេលាម៉ោង២០និង២០នាទីយប់ នៅផ្លូវទឹកឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទូកបំពាក់ម៉ាស៊ីនពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះ បណ្ដាលឲ្យស្ត្រីម្នាក់ធ្លាក់ទឹករហូតបាត់បង់ជីវិតយ៉ាងអាណោចអាធម។
សមត្ថកិច្ចឲ្យដឹងថា នៅយប់កើតហេតុនោះ មានទូកបំពាក់ម៉ាស៊ីនពីរគ្រឿង បានបើកលើផ្លូវទឹកទាំងយប់ងងឹត ក្នុងទិសដៅបញ្ច្រាសគ្នា ។ មកដល់ចំណុចកើតហេតុភូមិទី១ បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីម្ខាងធ្លាក់ទឹកបាត់បង់ជីវិត រីឯភាគីម្ខាងទៀតបើកគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចឲ្យដឹងថា ជនបង្កទំនងជាស្រវឹងស្រាហើយអាចបើកលឿនខុសពីធម្មតា ។ ដោយសារផ្លូវទឹកតូចចង្អៀត ហើយយប់ងងឹតមើលមិនឃើញទៀតនោះ បណ្ដាលឲ្យបុកគ្នាតែម្ដង។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឿង ធីលុង ភេទស្រី អាយុ២៥ឆ្នាំ (មិនទាន់មានប្ដី) រស់នៅភូមិទី១ឃុំកំពង់ហ្លួង ស្រុកក្រគរ មានស្នាមរយៈលើសៀតផ្កាខាងស្ដាំដូចកាប់នឹងកាំបិត។
ជនរងគ្រោះបើកទូកសំប៉ានដាក់ម៉ាស៊ីន ពេលបុកដំបូងអាចត្រឹមតែសន្លប់ប៉ុណ្ណោះ លុះពេលធ្លាក់ទឹកក៍ស្លាប់តែម្ដងទៅ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ចែករំលែកព័តមាននេះ