រាជធានីភ្នំពេញ ៖ នៅទីបំផុតកីឡាល្បុក្កតោកម្ពុជាត្រូវបានដាក់បញ្ចូលជាវិញ្ញាសាផ្លូវការមួយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាមួយការរំពឹងនឹងទទួលបានមេ
ដាយច្រើនពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍មួយនេះទៀតផង ។ សំណួរបានចោទឡើងថា តើកីឡាល្បុក្កតោកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្ដើមមេដាយឱ្យបានច្រើនក្នុងនាមជាម្ចាស់ផ្ទះនិងជាម្ចាស់ក្បាច់គុន។
យោងតាមការបញ្ជាក់ សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានត្រៀមខ្លួនយ៉ាងដុតដៃដុតជើង ខណៈដែលការត្រៀមខ្លួននេះ គឺមិនមែនគ្រាន់តែជាការត្រៀមខ្លួនដើម្បីស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់អង្គការយូនីស្កូផងដែរ ។
លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា ដើម្បីសម្រួច
គោលដៅឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ប្រភេទកីឡាគុនល្បុក្កតោមានការងារច្រើនណាស់ដែលត្រូវធ្វើបន្តទៀត ពីព្រោះគុនល្បុក្កតោគឺជាអត្តសញ្ញាណជាតិ ព្រលឹងជាតិទាំងមូល ។
លោកថា ក្នុងការដាក់ប្រភេទកីឡាប្រពៃណីជាតិកម្ពុជាក្នុងស៊ីហ្គេម ២០២៣នេះមានការលំបាកបន្តិច ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសមួយចំនួនហ្វឹកហាត់គុនល្បុក្កតោ ដើម្បីឱ្យមានការប្រកួតប្រជែង ទើបកម្ពុជាអាចរៀបចំការប្រកួតទៅបាន ។ លោកបញ្ជាក់ថាយើងត្រូវទៅបង្រៀនគេអំពីច្បាប់ បទបញ្ជានៃការប្រកួត ដើម្បីឲ្យគេចេះពីបច្ចេកទេសក្នុងការប្រកួតប្រជែងជាមួយយើង ។
ចាប់ពីពេលនេះតទៅ យើងត្រូវត្រៀមរៀបចំបទបញ្ជាការប្រកួត ក្នុងកម្រិតអន្តរជាតិ ដោយពិនិត្យលើគោលការណ៍លើប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់អន្តរជាតិ ក៏ដូចជាគោលការណ៍នៃការប្រកួតស៊ីហ្គេម ។ ទាំងអស់នេះ លោកថាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារតែនេះគឺជាវិញ្ញាសាថ្មីនៅស៊ីហ្គេម ហើយទម្រាំតស៊ូមតិដើម្បីឱ្យស៊ីហ្គេមទទួលយក ក៏មិនមែនជារឿងងាយស្រួលនោះដែរ ។ ក្នុងនោះសម្រាប់ការហ្វឹកហាត់ និងសម្រាំងកីឡាករ ក៏ត្រូវបានត្រៀមខ្លួនយ៉ាងល្អខុសពីមុនផងដែរ ដោយមានផែនកីឡាការិនី និងផែនកីឡាករផ្នែកសម្ដែង និងប្រយុទ្ធជាដើម ដែលអាចឱ្យកម្ពុជាជឿជាក់ថា កីឡាករផ្នែកនេះគឺមានធនធានពិតប្រាកដសមជាកីឡាប្រពៃណីរបស់ខ្មែរលើឆាកអន្តរជាតិ ។
លោកថា បើនិយាយពីការត្រៀមខ្លួន គឺត្រៀមខុសពីមុនដូចមេឃ និងដី ហើយកីឡាករម្នាក់ៗគ្រប់វិញ្ញាសាក៏ត្រូវបានសម្រាំងយកមកបណ្ដុះដោយយកចិត្តទុកដាក់ ដើម្បីពង្រឹងសមត្ថភាពឱ្យក្លាយជាធនធានលើឆាកអន្តរជាតិនោះផងដែរ ។ ដ្បិតថា ល្បុក្កតោ គឺជាកីឡាប្រចាំជាតិកម្ពុជា ហើយក្នុងនាមជាម្ចាស់កីឡាអាចមានប្រៀបជាង ប៉ុន្តែមិនអាចប្រហែសបានទេ។ ដូច្នេះហើយទើបសហព័ន្ធបានប្រមូលផ្ដុំនូវអ្នកមានសមត្ថភាពឱ្យមកធ្វើជាគ្រូបង្វឹក និងជាកីឡាករកាន់តែច្រើនសម្រាប់ការត្រៀមខ្លួន។
លោកអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោបន្ថែមថា សហព័ន្ធទើបទទួលបានដំណឹងពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ស្តីអំពីការរៀបចំកិច្ចប្រជុំក្នុងកម្រិតអាស៊ីអាគ្នេយ៍ ដើម្បីផ្សព្វផ្សាយពីប្រភេទកីឡាគុនល្បុក្កតោរបស់យើងទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជាលទ្ធផលប្រទេសមួយចំនួនទទួលយកការហ្វឹកហាត់គុនល្បុក្កតោ ដូចជាប្រទេសវៀតណាម ហ្វីលីពីន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាជាដើម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
នៅឆ្នាំ២០២២ កម្ពុជានឹងរៀបចំការប្រកួត Pre-SEA Games(មុនការប្រកួតផ្លូវការ)ដែលឲ្យតែប្រភេទកីឡាថ្មីត្រូវរៀបចំការប្រកួត Pre-SEA Games នេះ ដែលជាគោលការណ៍របស់ស៊ីហ្គេម។ អ្វីដែលជាកង្វល់របស់យើងបច្ចុប្បន្ន គឺគុណភាពកីឡាករ កីឡាការិនីរបស់យើង ដែលយើងគឺជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន គឺយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តប្រកបដោយឆន្ទៈមោះមុត ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រួចគោលដៅក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ លោកក៏ទទូចឱ្យអ្នកគាំទ្របន្តលើកទឹកចិត្តដល់សហព័ន្ធ ក៏ដូចជាកីឡាករទាំងអស់នៅក្នុងវិស័យនេះផងដែរ ដើម្បីជំរុញឱ្យល្បុក្កតោកម្ពុជា កាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែង ៕
ចែករំលែកព័តមាននេះ