ម៉ាឡេស៊ី៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេស ចិន ដើម្បីសហការលើការអភិវឌ្ឍវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩។
យោងតាមកិច្ចព្រមព្រៀងជាធរមានក្នុងរយៈពេល ៥ឆ្នាំ ប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវបានផ្តល់សិទ្ធិជាអាទិភាពក្នុងការចាក់វ៉ាក់សាំងកូវីដ ដែលបង្កើតដោយប្រទេសចិន។ ប្រទេសទាំងពីរនឹងចែករំលែកចំណេះដឹងនិងជំនាញ និងជួយសម្រួលដល់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីជម្រុញការអភិវឌ្ឍន៍វ៉ាក់សាំងនៅក្នុងប្រទេសរបស់ពួកគេ។
រដ្ឋមន្រ្តីវិទ្យាសាស្ត្របច្ចេកវិទ្យានិងច្នៃប្រឌិតថ្មី លោក Khairy Jamaluddin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីចិន លោក Wang Zhigang នៅក្នុងពិធីចុះកិច្ចព្រមព្រៀងតាមអនឡាញ។
កិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ីនិងចិន ក្រោមកិច្ចព្រមព្រៀងនេះ នឹងត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងក្នុងខែតុលា ដើម្បីដោះស្រាយបញ្ហាប្រឈមក្រោយឆ្លងរាលដាល៕
ចែករំលែកព័តមាននេះ