ទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីលោកត្រាំប្រកាសថាឈប់វាយប្រហារមូលដ្ឋានរបស់ក្រុមហ៊ូទីនៅប្រទេសយេម៉ែនតទៅទៀតហើយបន្ទាប់ពីហ៊ូទីសន្យាឈប់រំខានកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ក្រុមហ៊ូទីចេញមុខបដិសេធការអះអាងនេះ។ ហ៊ូទីថាខ្លួនមិនមែនចុះចាញ់ ឬអស់ផ្លូវដើរទេដែលសុខចិត្តបញ្ចប់បញ្ហាជាមួយអាមេរិក។ តាមពិតអាមេរិកទៅវិញទេដែលសម្រេចចិត្តដកខ្លួនថយដោយឯកឯង។
នៅក្នុងឱកាសជួបគ្នាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោកម៉ាកខានី (Mark Carney) នៅវិមានពងក្រពើ (Oval Office) នៃសេតវិមានកាលពីយប់មិញ លោកត្រាំប្រកាសប្រាប់អ្នកសារព័ត៌មានថាក្រុមហ៊ូទីប្រាប់លោកច្បាស់ណាស់ថាពួកគេលែងចង់ច្បាំងគ្នាជាមួយអ្នកណាទាំងអស់។ មានន័យថាពួកគេសូមត្រឹមតែមួយរួចខ្លួនប៉ុណ្ណោះ។ លោកនិយាយតែប៉ុណ្ណឹងដោយឥតបានបញ្ជាក់លម្អិតថាតើភាគីទាំង២បាននិយាយអ្វីខ្លះ ឬក៏បានសន្យាធ្វើសម្បទានអ្វីខ្លះទេ។
យោងតាមលោកត្រាំ, ក្រុមហ៊ូទីបានទៅអង្វរអាមេរិកឡើងទន់ឆ្អឹងថាសូមឈប់វាយប្រហារមូលដ្ឋានរបស់ពួកគេតទៅទៀត។ យើងឈប់វាយប្រហារនាវាដឹកទំនិញរបស់អាមេរិកទៀតហើយចាប់ពីពេលនេះតទៅ។ កិច្ចព្រមព្រៀងបញ្ចប់បញ្ហារវាងអាមេរិក និងហ៊ូទីកើតមានឡើងស្របពេលដែលអ៊ីស្រាអែលចាប់ផ្ដើមពង្រីកសមរភូមិយោធានៅតំបន់ហ្កាហ្សា និងចាប់ផ្ដើមវាយបកទៅមូលដ្ឋានរបស់ហ៊ូទីនៅយេម៉ែន។
លោកត្រាំថ្លែងថាលោកនឹងចងចាំពាក្យពេចន៍របស់ក្រុមហ៊ូទីទុកជាអនុសារនៅត្រង់ចំណុចដែលពួកគេសន្យាថាមិនរំខាននាវាដឹកទំនិញនៅសមុទ្រក្រហមតទៅទៀត។ ទោះជាយ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់របស់ហ៊ូទីបានចេញសារនយោបាយនៅពេលក្រោយមកទៀតច្រានចោលចំណុចខ្លះដែលពួកគេយល់ថាលោកត្រាំនិយាយពន្លើសការពិត។ លោកមហាមេត អាប់ឌុល សាឡាម (Mohammed Abdul Salam) ដែលជាប្រធានក្រុមអ្នកចរចាហ៊ូទីថ្លែងថាអ្នកដែលផ្លាស់ប្ដូរជំហរគឺអាមេរិក។ ចំណែកហ៊ូទីនៅតែរក្សាជំហរយ៉ាងរឹងមាំដដែល។
ទោះជាយ៉ាងណាក្ដី គេដឹងថាភាគីទាំង២បានឯកភាពគ្នាបញ្ចប់ជម្លោះពិតមែន។ ប្រទេសអូម៉ង់ដែលជាអ្នកសម្របសម្រួលនៅក្នុងរឿងនេះថ្លែងថាអាមេរិក និងហ៊ូទីយល់ព្រមបញ្ចប់បញ្ហាគ្រប់យ៉ាង និងឈប់ប៉ះពាល់គ្នាតទៅទៀតចាប់ពីពេលនេះតទៅ។ កិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីអាមេរិកបើកយុទ្ធនាការវាយប្រហារយ៉ាងខ្លាំងលើក្រុមហ៊ូទីអស់៧សប្ដាហ៍។
លោកអាប់ឌុល សាឡាមបញ្ចាក់ថាក្រុមរបស់លោកបញ្ចប់បញ្ហាតែជាមួយអាមេរិកប៉ុណ្ណោះ។ ចំណែកការវាយប្រហារទៅលើអ៊ីស្រាអែលនឹងត្រូវហ៊ូទីបន្តធ្វើដូចភ្លៀងរលឹមដើម្បីបង្ហាញការសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ ម៉្យាងទៀត ហ៊ូទីត្រូវការជម្រះបញ្ជីជាមួយអ៊ីស្រាអែលដែលបាញ់មីស៊ីលដាក់មូលដ្ឋានរបស់ខ្លួននៅយេម៉ែន។ ខាងលើនេះជាការដកស្រង់ប្រភពពីប៊ីប៊ីស៊ី និងរ៉យទ័រ៕
ចែករំលែកព័តមាននេះ