ទីក្រុងកៀវ៖ ដ្រូនរបស់អ៊ុយក្រែនសម្រុកហោះទៅវាយប្រហារទីក្រុងម៉ូស្គូជាបន្តបន្ទាប់ជាប់ថ្ងៃទីបីហើយគិតទាំងយប់មិញទៀត។ គ្មានសញ្ញាណា១ដែលថាអ៊ុយក្រែននឹងបន្ធូរដៃទេ។ រហូតដល់ថ្ងៃរំលឹកទិវាជ័យជម្នះនៅប្រទេសរុស្ស៊ីនាថ្ងៃទី៩ខែឧសភាខាងមុខនេះក៏មិនទាន់ដឹងយ៉ាងម៉េចផងព្រោះហ្សេឡិនស្គីប្រកាសរួចហើយថាគាត់មិនគាំទ្របទឈប់បាញ់បីថ្ងៃដែលប្រកាសជាឯកតោភាគីដោយលោកពូទីនទេ។
ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយនេះធ្វើឱ្យអាជ្ញាធររុស្ស៊ីបង្ខំចិត្តបិទដំណើរការព្រលានយន្តហោះសំខាន់ៗទាំង៤នៅទីក្រុងម៉ូស្គូឈានចូលដល់ថ្ងៃទី៣។ រុស្ស៊ីក៏កំពុងប្រញឹកដៃក្នុងការរៀបចំទទួលភ្ញៀវអន្តរជាតិសំខាន់ៗដែលអញ្ជើញចូលរួមទិវាជ័យជម្នះនៅទីលានក្រហមនៃទីក្រុងម៉ូស្គូផងដែរ។
ថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីអ៊ែរ៉ូផ្លូត (Aeroflot) សម្រេចចិត្តលុបចោលជើងហោះហើរជាង១រយខ្សែដែលត្រូវហោះចេញ-ចូលទីក្រុងម៉ូស្គូ។ ចំណែកជើងហោះហើរជាង១៤០ខ្សែទៀតត្រូវពន្យារពេលចេញដំណើរ។ អភិបាលក្រុងម៉ូស្គូ លោកសឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) ថ្លែងថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីអាចទប់ស្កាត់ដ្រូន៩គ្រឿងរបស់អ៊ុយក្រែនដែលប្រុងហោះចូលទីក្រុងម៉ូស្គូ។
នេះមិនមែនជាលើកទី១ទេដែលអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារទីក្រុងម៉ូស្គូ។ គ្រាន់តែថាលើកនេះអ៊ុយក្រែនវាយប្រហារជាច្រើនថ្ងៃជាប់ៗគ្នាប្រហែលជាវាយរហូតដល់ថ្ងៃរំលឹកទិវាជ័យជម្នះតែម្ដងដើម្បីជាសារនយោបាយប្រាប់ទៅរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ មិនតែប៉ុណ្ណោះ គេគិតថាការវាយប្រហារជាច្រើនថ្ងៃជាប់គ្នានេះក៏ដើម្បីរំខានការរៀបចំរំលឹកខួបផងដែរ។
ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែនលើកចុងក្រោយនេះក៏អាចធ្វើឱ្យប្រជាជនរុស្ស៊ីមិនសូវស្រណុកចិត្តប៉ុន្មានដែរ។ អ៊ុយក្រែនអាចយកឱកាសនេះដើម្បីបំបាក់មុខលោកពូទីនដែលអញ្ជើញសុទ្ធតែភ្ញៀវពិសេសៗទៅចូលរួមទិវាជ័យជម្នះរួមទាំងប្រធានាធិបតីចិនផងដែរ។ នៅថ្ងៃសុក្រសប្ដាហ៍នេះ គេរំពឹងរុស្ស៊ីនឹងពង្រឹងសន្តិសុខជាតិដល់កម្រិតខ្ពស់បំផុតដើម្បីត្រៀមទទួលស្វាគមន៍ឥស្សរជនបរទេសសំខាន់ៗ។
ថ្នាក់ដឹកនាំចិន និងប្រេស៊ីលនឹងអញ្ជើញទៅដល់ម៉ូស្គូនៅយប់នេះ។ លោកហ្សេឡិនស្គីបញ្ជាក់រួចហើយថាបញ្ហាសន្តិសុខនៅលើទឹកដីរុស្ស៊ីទុកឱ្យរុស្ស៊ីជាអ្នកទទួលខុសត្រូវ។ អ៊ុយក្រែនមិនអាចធានាសុវត្ថិភាព និងសន្តិសុខរបស់ភ្ញៀវដែលចូលរួមពិធីនោះទេ។ អ៊ុយក្រែនបាននិយាយបញ្ចុះបញ្ចូលទៅគណៈប្រតិភូបរទេសដែលត្រូវរុស្ស៊ីអញ្ជើញទៅចូលរួមនោះគួរណាស់លុបចោលគម្រោងនេះវិញ ហើយដកខ្លួនថយជាបន្ទាន់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
អ៊ុយក្រែនវាយប្រហារមួយលើកនេះធ្វើឱ្យប៉ះពាល់វិស័យអាកាសចរណ៍របស់រុស្ស៊ីយ៉ាងខ្លាំង។ មិនថានៅម៉ូស្គូ, សេនភីថឺបួក, សូជី ឬទីកន្លែងដទៃទៀតទេសុទ្ធតែរងផលប៉ះពាល់ទាំងអស់។ និយាយដោយត្រួសៗ ជើងហោះហើរមិនក្រោម៣៥០ខ្សែទេដែលរងការរំខាន។ អ្នកដំណើរ៦ម៉ឺននាក់ក៏ត្រូវខកជើង ឬត្រូវរង់ចាំជាច្រើនថ្ងៃ។ នេះបើយោងតាមសមាគមមគ្គុទ្ទេសក៍ទេសចរណ៍រុស្ស៊ី៕
ចែករំលែកព័តមាននេះ