ថ្មីៗនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា ក្នុងមួយឆ្នាំប្រជាជនកម្ពុជាទាំងក្មេង និងចាស់កើតជំងឺមហារីកប្រមាណ២ម៉ឺនករណី និងបាត់បង់ជីវិតជិត១ម៉ឺន៤ពាន់នាក់ ក្នុងមួយឆ្នាំ ។

ជាការពិត នេះជាតួលេខគួរអោយកត់សម្គាល់ ពោលបើសម្លឹង១៥ឆ្នាំទៅមុខ នោះអ្នកជំងឺមហារីកទាំងក្មេង ទាំងចាស់ អាចបាត់បង់ជីវិតរហូតដល់២១ម៉ឺននាក់ ។ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងបន្តថា ក្នុងមួយថ្ងៃ អ្នកបាត់បង់ជីវិតដោយជំងឺមហារីក គឺ៣៨នាក់ ឬក្នុងរយៈពេល៤០នាទី គឺមានអ្នកជំងឺមហារីកម្នាក់ស្លា.ប់ ។ ម្ល៉េះហើយ បន្ទាប់ពីជំងឺមហារីកបានឆ.ក់យកជីវិតមនុស្សច្រើនដូច្នេះ ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យរួមគ្នាទប់ស្កាត់ កាត់បន្ថយកត្តាហានិភ័យជំងឺមហារីកនេះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីក ។

ថ្លែងនាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និងរួមចំណែកម្ខាងដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀតដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។
សម្តេចបវរធិបតីបានលើកឡើងថា ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣ ៖ ទី១-ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២-សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និងទី៣-កាត់បន្ថយកម្រិតចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយនៃចំណាយសរុបលើការថែទាំសុខភាព ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី បានលើកឡើងថា ក្រសួងសុខាភិបាលត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និងឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសុវត្ថិភាព ។
សម្តេចបវរធិបតី បានលើកឡើងថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ ។

សម្ដេចបវរធិបតីបានបញ្ជាក់ថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំង ឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ ខ្ញុំក៏សូមអំពាវនាវដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ» ។

លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកសាជាថ្មីដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាពជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាពឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ