រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃការជួយសង្គ្រោះ និងការងារស្តារឡើងវិញ ជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ព្រំដែនចំនួន៦ ដែលរងផលប៉ះពាល់ ។
ជាក់ស្តែងក្រសួងមហាផ្ទៃ បានប្រកាសនៅលើបណ្តាញសង្គម នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះថា ៖ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាន ល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ តាមរបាយការណ៍បានឱ្យដឹងថា ៖
-ខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់ អាចចូលស្នាក់នៅក្នុងផ្ទះបាន ។
-ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។
-ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
-ខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់(CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
-ខេត្តពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី ។
-ខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះពិនិត្យ និងផ្ដល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ ៕
ចែករំលែកព័តមាននេះ