ខេត្តរតនគិរី ៖ ស្ត្រីឈឺពោះឆ្លងទន្លេចំនួនពីរនាក់ទៀតហើយ ដែលត្រូវបានកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ យករថយន្តស៊ីរ៉ែនជួយដឹកទៅសម្រាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយប្រកបដោយសុវត្តិភាព ។
ការបញ្ជូនស្រី្តឈឺពោះឆ្លងទន្លេទៅកាន់មណ្ឌលសុខភាពនោះ តាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ ។ ស្ត្រីឈឺពោះឆ្លងទន្លេទីមួយឈ្មោះ សេវ ថ្កា អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយ នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចភូមិដធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ។ ស្ត្រីឈឺពោះឆ្លងទន្លេទីពីរឈ្មោះ សល់ ព្រិន អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយ រស់នៅភូមិទេនសុស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
តាមប្រភពពីមណ្ឌលសុខភាពថា ស្ត្រីដែលឈឺពោះឆ្លងទន្លេទីមួយ បានប្រសូតកូនប្រុស នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃដដែល ដោយសុវត្ថិភាពដែលជាកូនទី១ ឬដំបូង ។ ឯស្ត្រីឈឺពោះឆ្លងទន្លេទីពីរនោះ ក៏បានប្រសូតបានកូនស្រីនៅវេលាម៉ោង១៧និង២០នាទី ជាកូនទី១ ឬដំបូងដូចគ្នា នៅថ្ងៃដដែលដោយសុវត្ថិភាពដែរ ។
សូមបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវនេះ ពីរថ្ងៃជាប់គ្នាហើយដែលមានស្ត្រីឈឺពោះឆ្លងទន្លេហើយត្រូវបានកម្លាំងអធិការស្រុកអូរយ៉ាដាវបានដឹកយកទៅសម្រាលនៅមណ្ឌលសុខភាពប្រសូតបានដោយសុវត្ថិភាព ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅវេលាម៉ោង១៥និង២០នាទីរសៀល នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្ត្រីម្នាក់ក៏បានឈឺពោះឆ្លងទន្លេឈ្មោះ សេវ ភិ អាយុ២៥ឆ្នាំ ជនជាតិដើមភាគតិចចារាយរស់នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយបានប្រសូតទារក(កូនប្រុស)នៅវេលាម៉ោង១០និង៤៥នាទីយប់ ជាកូនទី៥ប្រកបដោយសុវត្តិភាព ៕
ចែករំលែកព័តមាននេះ