រាជធានីភ្នំពេញ ៖ អ្នកប្រដាល់មិនតិចភាគរយទេដែលរអ៊ូ និងថ្ងូរថា ជីវិតអ្នកប្រដាល់ល្អតែមើល ។ បើទោះជាកីឡាករខ្លាំងល្បីឈ្មោះ និងធ្លាប់ឈ្នះពានបានប្រាក់កម្រៃរាប់ពាន់ដុល្លារក៏ច្រើនតែលើកឡើងថា ប្រាក់រង្វាន់ដែលខ្លួនទទួលបាន គឺបានពីក្អែកចែកតាវ៉ៅ មិនសល់សម្រាប់បំពេញតម្រូវការនោះទេ ។
ប៉ុន្តែបើក្រឡេកទៅមើលកីឡាករវ័យក្មេង៣រូបនេះវិញបែរជាអះអាងថា ខ្លួនមានកំណើត ដោយសារប្រដាល់ និងត្រូវគេឃើញសន្សំលុយដែលបានពីការប្រដាល់ ច្នៃទិញដី ទិញផ្ទះនិងធ្វើឱ្យជីវភាពរស់នៅបានល្អប្រសើរជាងមុនចូលប្រដាល់ទៀតផង។
ការកត់សម្គាល់នេះ គឺបន្ទាប់ពីគេឃើញអ្នកប្រដាល់មិនតិចនាក់ទេរអ៊ូថា មានជីវភាព ខ្វះខាត និងរមែងអះអាងថា ការចាប់អាជីព ប្រដាល់មិនសូវសមប្រកបដូចអាជីពផ្សេង ដោយអ្នកខ្លះថា បើទោះជាតម្លៃនៃការប្រកួត បានខ្ពស់ជាងមុន និងល្អប្រសើរជាងមុន ក៏កីឡាករភាគច្រើននៅតែយល់ថា ប្រាក់ដែលទទួលបានគឺមិនសល់ ព្រោះមុនប្រកួតត្រូវខ្ចីបុលគេយកមកបំប៉ន និងហេតុផលត្រូវជូនគ្រូ ជូនអ្នកផ្គូផ្គង និងឱ្យអ្នកនេះអ្នកនោះដែលមានឥទ្ធិពលនៅក្នុងអាជីពប្រដាល់គឺសល់តិចតួច ។
ក្នុងនោះហេតុផលឡើងប្រកួតមិនសូវបានញឹក និងហេតុផលឈឺខ្លួនត្រូវចាយលុយមើលខ្លួនផង សុទ្ធតែជាមូលហេតុធ្វើឱ្យកីឡាករប្រដាល់ទាំងឡាយ មិនអាចរស់នៅបានសមរម្យព្រោះតែការប្រដាល់ ។ យ៉ាងណាក៏ដោយក្រឡេកទៅមើលអ្នកលេងគុនខ្មែរវ័យក្មេង៣រូបនេះវិញ បែរជាមានប្រាក់សមល្មម ក៏ដូចជាសន្សំសំចៃ ទិញបានដី ផ្ទះ ក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារ ដែលអាចកែច្នៃជីវិតរបស់ខ្លួនឱ្យមើលទៅរស់នៅបានល្អមិនថ្ងូរដូចកីឡាករទាំងឡាយនោះផង ។ កីឡាករវ័យក្មេងទាំង៣នាក់នោះ គឺ ៖
ទី១-ឈិត សេរីវណ្ណថង ៖ អ្នកប្រដាល់រូបនេះបានប្រាប់អ្នកសារព័ត៌មានថា ខ្លួនស្គាល់ប្រាក់ពាន់ដោយសារការប្រដាល់ និងថា មានតែការប្រដាល់ប៉ុណ្ណោះ ទើបធ្វើឱ្យលោករស់នៅបានសមរម្យ បើធៀបនឹងស្ថានភាពខ្លួនដែលខ្វះចំណេះដឹងខ្ពស់ និងមិនដឹងទៅធ្វើការអ្វីបានចំណូលច្រើន ។
លោកថា មានថ្ងៃនេះដោយ សារប្រដាល់ ហើយបើនិយាយពីទ្រព្យសម្បត្តិ ឬរបស់ដែលសន្សំលុយពីប្រដាល់ទិញនោះ រួម មានដីមួយកន្លែងក្បែរផ្ទះតម្លៃជាង១ម៉ឺនដុល្លារ។ ក្រៅតែដីមួយប្លង់នេះ គឺមានម៉ូតូប៉ុន្មានគ្រឿង ទៀតដែរ។
ទី២-ឃីម បូរ៉ា ៖ អ្នកប្រដាល់រូបនេះត្រូវគេកត់សម្គាល់ថា មានឱកាសបានក្លាយជាមន្ត្រីកងរាជអាវុធហត្ថដោយសារតែទំនាក់ទំនងនិង កេរ្តិ៍ឈ្មោះជាអ្នកប្រដាល់ ។ ប្អូនប្រុសកីឡាករ ឃុន ឌីម៉ា រូបនេះ ក៏មិនធម្មតាដែរ ប្រាក់វ៉ៃ បានមានប្រពន្ធទុកដាក់បានល្អ ខណៈភរិយា របស់គេក៏មានរបរលក់សាច់ជ្រូកបន្ទាប់បន្សំទៀត ។
បូរ៉ាធ្លាប់ប្រាប់ថា ប្រាក់សន្សំបានពី ប្រដាល់នេះ គឺបានធ្វើផ្ទះថ្មតម្លៃខ្ទង់២ម៉ឺនដុល្លារ ឯណោះ ស្របពេលជីវភាពគ្រួសារក៏ធូរធារល្មមនាពេលបច្ចុប្បន្ននេះ។
ទី៣-លន បញ្ញា ៖ អ្នកប្រដាល់ដែលមានដើមកំណើតមកពីខេត្តព្រៃវែង រូបនេះក៏បានពង្រឹងជីវភាពឱ្យមើលទៅបានល្អផងដែរ បើ ទោះជាលោកគឺជាក្មេងកំព្រា ម្ដាយ ឪពុក និង មានចំណេះដឹងមិនសូវខ្ពង់ខ្ពស់ ។ លុយដែល បញ្ញាឈ្នះពីខ្សែក្រវាត់៣គ្រឿងកន្លងទៅនេះ ត្រូវគេឃើញសន្សំយកទៅទិញដីឡូត៍បាន២ប្លង់ តម្លៃខ្ទង់២ម៉ឺនដុល្លារ ថ្វីដ្បិតតែលោកបង់រួចខ្លះ និងរំលស់ខ្លះក្ដី ។ ក្រៅពីនេះ កូនសិស្សលោក ធន់ សុភា រូបនេះ ឈ្នះម៉ូតូបានឲ្យប្អូន និងទិញ ម៉ូតូ ក៏ដូចជារបស់មានតម្លៃមួយចំនួនទៀតសម្រាប់ខ្លួនឯងផងដែរ។
គួររំលឹកថា បច្ចុប្បន្ន កីឡាករលន បញ្ញា មានខ្សែក្រវាត់៣គ្រឿង គឺខ្សែក្រវាត់ Wurk នៅអាស៊ីអាគ្នេយ៍ ខ្សែក្រវាត់ប្រាក់ ISI នៅ PNN និងខ្សែក្រវាត់ស្រាបៀរកម្ពុជានៅ CNC ។ ខ្សែក្រវាត់ទាំង៣គ្រឿងនេះ គឺលោក ធន់ សុភា តែងតែទៅឲ្យទឹកផ្ទាល់៕
ចែករំលែកព័តមាននេះ