ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត​៖ ទោះប្រទេស​ធំ ឬ​តូច គ្រោះ​ធម្មជាតិ​​មិន​អាច​គ្រប់គ្រង​បាន តែ​​ការ​ជួយ​ពល​រដ្ឋគឺ​ត្រូវធ្វើ​ឱ្យ​បាន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ «ទោះ​ក្នុង​ប្រទេស​ធំ ឬ​តូច គ្រោះ​ធម្មជាតិ​យើង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ ប៉ុន្តែ​ការ​ជួយ​ប្រជាពលរដ្ឋ គឺ​អ្វី​ដែល​យើង​ត្រូវធ្វើ​ឱ្យ​បាន​។ សម្តេច​យកចិត្តទុកដាក់​ណាស់ ហើយ​បាន​បញ្ជា​អាជ្ញាធរ​គ្រប់​ផ្នែក និង​កងកម្លាំង​ទាំងអស់…

ខេត្តបន្ទាយមានជ័យ ​៖ «ទោះ​ក្នុង​ប្រទេស​ធំ ឬ​តូច គ្រោះ​ធម្មជាតិ​យើង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ ប៉ុន្តែ​ការ​ជួយ​ប្រជាពលរដ្ឋ គឺ​អ្វី​ដែល​យើង​ត្រូវធ្វើ​ឱ្យ​បាន​។ សម្តេច​យកចិត្តទុកដាក់​ណាស់ ហើយ​បាន​បញ្ជា​អាជ្ញាធរ​គ្រប់​ផ្នែក និង​កងកម្លាំង​ទាំងអស់ ព្រមទាំង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ក្នុង​ចលនា​មនុស្សធម៌​នេះ ទាំង​ក្នុង​ដំណាក់កាល​សង្គ្រោះ និង​ការ​ស្តារ​ឡើង​វិញ ហើយ​ដែល​នឹង​បន្ត​ជាប់​រហូត» ​។

ខាងលើ​នេះ​ជា​ប្រសាសន៍​របស់​លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​, នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោក​បាន​បន្ត​ថា​ ទោះ​តិច ឬ​ច្រើន អ្វី​ដែល​សំខាន់ គឺ​យើង​អាច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជា​អាទិភាព​ចម្បង​បំផុត​ពេល​គ្រោះ​ទឹកជំនន់ ហើយ​នៅ​ក្នុង​គ្រប់​គ្រោះ​មហន្តរាយ​ទាំងអស់ គឺ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​។

ក្នុង​ឱកាស​នោះ​ដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាមួយ​ការ​ជូនពរ​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ និង​អាច​ស្តារ​ជីវភាព​បាន​ប្រសើរ​ឡើង​វិញ​។

លោក​បាន​លើក​បញ្ជាក់​ថា ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​០៣ វិច្ឆិកា ក្នុង​នាម​ជា​មេដឹកនាំ​គំរូ សម្តេច​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​លោក​ពិតជា​សោកស្តាយ ដែល​មិន​អាច​មក​ចូលរួម​ផ្ទាល់ ដូចដែល​បាន​ធ្វើ​នៅ​ក្នុង​ដំណាក់កាល​សង្គ្រោះ កាលពី​ប្រហែលជា៣ ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ប៉ុន្តែ​បាន​ចាត់​តំណាង​ចូលរួម​ទៅ​កាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការ​អនុវត្ត​ជាប់​ជា​ប្រចាំ ព្រោះ​ការ​ចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ផ្ទាល់​ដៃ និង​ទាន់​ពេលវេលា នៅ​ក្នុង​ដំណាក់កាល​ស្តារ​ឡើង​វិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិន​អាច​ពន្យារពេល​បាន​។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ក្រុមការងារ​ខេត្ត ស្រុក ឃុំ និង​ក្រុមការងារ​ពាក់ព័ន្ធ នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​បាន​ទាន់​ពេលវេលា​បន្ទាន់​នេះ ដោយ​គ្មាន​ការ​យឺតយ៉ាវ រួម​ទាំង​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ និង​ស្បៀង ក្នុង​ដំណើរ​ទៅ​មក​ដោយ​សុវត្ថិភាព សម្រេច​បាន​តាម​ការ​គិតគូរ​យកចិត្តទុកដាក់​ល្អិតល្អន់​របស់ សម្តេច​តេ​ជោ ដែល​ខ្វល់​បារម្ភ​ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​បញ្ហា​តូច​ធំ​ទាំងអស់​។ ភាព​ជា​អ្នកដឹកនាំ​របស់ សម្តេច​តេ​ជោ គឺ​ការ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ដំណាក់កាល​លំបាក​បំផុត​។ ក្នុង​ភាព​ជា​មេដឹកនាំ​ដែល​ទទួលខុសត្រូវ ទោះបី​មានការ​ហត់នឿយ ប៉ុន្តែ​កម្លាំងចិត្ត​នៅ​ជាមួយ​ប្រជាពលរដ្ឋ​។ អ្វី​ដែល​សំខាន់​គឺ​ទឹកចិត្ត និង​សកម្មភាព​ជាក់ស្តែង​។ យុវជន​ស្ម័គ្រចិត្ត​ម្នាក់ ក៏​អាច​ជួយ​ជាតិ ដោយ​គ្រាន់តែ​ចំណាយ​ពេលវេលា និង​កម្លាំង ឬ​ប្រថុយ​គ្រោះថ្នាក់​ជួយ​ប្រជាពលរដ្ឋ​របស់​យើង​ក្នុង​គ្រា​លំបាក​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​, អាជ្ញាធរ​ដែនដី​, កងកម្លាំងប្រដាប់អាវុធ​, ក្រុម​យុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ពាក់ព័ន្ធ ក៏​ដូច​ជា​សប្បុរស​ជនជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាម​រយៈ​ការ​ចុះ​ជួយ​ផ្ទាល់​, តាម​រយៈ​សម្តេច​តេ​ជោ​, យន្តការ​កាកបាទក្រហម និង​យន្តការ​ផ្សេង​ៗ​ក្តី គឺ​បាន​បង្ហាញ​អំពី​កម្លាំង​រួបរួមសាមគ្គី​ជួយ​គ្នា​។

ជា​ពិសេស គឺ​អរគុណ​ប្រជាពលរដ្ឋ​ផ្ទាល់ ដែល​បាន​ចូលរួម​សហការ​ល្អ​នៅ​ចំពោះ​មុខ​វិបត្តិ​នេះ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ ក៏​បាន​ជួយ​គាំទ្រ​ស្មារតី​ដល់​កងកម្លាំង​យើង​ថែម​ទៀត​ផង​។ នេះ​ហើយ ជា​ស្មារតី​រួម​គ្នា ដែល​ជា​ជោគជ័យ​នៃ​និរន្តរភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ធ្វើ​ឱ្យ​ខ្មែរ​ត្រូវរ៉ូវ​គ្នា ដែល​ជា​បំណងប្រាថ្នា​របស់​សម្តេច​តេ​ជោ​។ ថ្នាក់ដឹកនាំ​នយោបាយ​បាន​បញ្ចប់សង្គ្រាម ប៉ុន្តែ​សង្គ្រាម​មិន​បញ្ចប់ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​រួម​គ្នា​ក្នុង​ធ្លុង​សាមគ្គី ជឿ​ទុកចិត្ត​គ្នា ស្រលាញ់​ជួយ​គ្នា​ដោយ​គ្មាន​រើសអើង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ