អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្របានអះអាងដោយគ្មានមូលដ្ឋានថា វេជ្ជបណ្ឌិតកំពុងបំប៉ោងចំនួនករណីស្លាប់ដោយសារកូវីដ១៩ ដើម្បីទទួលបានប្រាក់បន្ថែម ខណៈពេលដែលករណីចូលមន្ទីរពេទ្យនិងការស្លាប់កើនឡើងទូទាំងប្រទេស។
លោកត្រាំបាននិយាយដោយមិនមានភ័ស្តុតាងណាមួយ នៅឯការជួបជុំមួយនៅ Waterford Township រដ្ឋ Michigan ថា «គ្រូពេទ្យរបស់យើងទទួលបានប្រាក់បន្ថែម ប្រសិនបើមាននរណាម្នាក់ស្លាប់ដោយសារកូវីដ។ តើអ្នកដឹងទេ? ខ្ញុំមានន័យថាគ្រូពេទ្យរបស់យើងគឺឆ្លាតណាស់» ។
មិនមានភ័ស្តុតាងណាមួយសម្រាប់ការអះអាងរបស់លោកប្រធានាធិបតីទេ ហើយសេចក្តីថ្លែងការណ៍នេះបង្ហាញពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលទៅលើបុគ្គលិកពេទ្យខណៈប្រទេសនេះប្រឈមនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១០០ឆ្នាំ។
គិតត្រឹមល្ងាចថ្ងៃសុក្រ ជនជាតិអាមេរិកជាង ៩០,០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺកូវីដ ដែលជាចំនួនខ្ពស់ប្រចាំថ្ងៃថ្មី ហើយយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៩២៩នាក់ ត្រូវបានគេរាយការណ៍។ នេះបើយោងតាមការរាប់ពីសាកលវិទ្យាល័យ Johns Hopkins ។
មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា មន្ទីរពេទ្យឬគ្រូពេទ្យ កំពុងបំប៉ោងចំនួនករណីស្លាប់ ឬ ករណីឆ្លងនោះទេ។ យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយក្នុងខែនេះមានការស្លាប់ ២០%បន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែមីនា ដល់ ថ្ងៃទី១ ខែសីហា ដែលច្រើនជាងការរំពឹងទុក។
សមាគមវេជ្ជសាស្ត្រអាមេរិច ដោយមិនបញ្ចេញឈ្មោះប្រធានាធិបតី បានថ្កោលទោសការអះអាងដែលថាគ្រូពេទ្យបំប៉ោងចំនួនអ្នកជម្ងឺកូវីដ ជាការមូលបង្កាច់ ធ្វើបាប និង មិនត្រឹមត្រូវជាទីបំផុត៕
ចែករំលែកព័តមាននេះ