ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​ជន​អធិការ​បតីអាល្លឺម៉ង់​អាណត្តិ​ថ្មី​ត្រូវ​សភា​បោះ​ឆ្នោត​ច្រាន​ចោល

1 ថ្ងៃ មុន

ទី​ក្រុង​ប៊ែឡាំង៖ នៅ​ទី​បំផុត​ បេក្ខ​ជន​អធិការ​បតី​អាណត្តិ​ថ្មី​នៅ​ប្រទេស​អាល្លឺម៉ង់​ លោក​ហ្វ្រ៊ីត​រីច​ មើស​ (Friedrich Merz) បាន​ទទួល​បរាជ័យ​ហើយ​បន្ទាប់​ពី​បញ្ជូន​បេក្ខ​ភាព​ទៅ​ឱ្យ​រដ្ឋ​សភា​អនុម័ត​ ប៉ុន្តែ​មិន​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​​​។ បរាជ័យ​លើក​នេះ​ជា​សេច​ក្ដី​អាម៉ាស់​ដ៏​ធំ​សម្រាប់​បេក្ខ​ជន​មក​ពី​គណ​បក្ស​អភិ​រក្ស​និយម​រូប​នេះ​…

ទី​ក្រុង​ប៊ែឡាំង៖ នៅ​ទី​បំផុត​ បេក្ខ​ជន​អធិការ​បតី​អាណត្តិ​ថ្មី​នៅ​ប្រទេស​អាល្លឺម៉ង់​ លោក​ហ្វ្រ៊ីត​រីច​ មើស​ (Friedrich Merz) បាន​ទទួល​បរាជ័យ​ហើយ​បន្ទាប់​ពី​បញ្ជូន​បេក្ខ​ភាព​ទៅ​ឱ្យ​រដ្ឋ​សភា​អនុម័ត​ ប៉ុន្តែ​មិន​បាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់​​​។ បរាជ័យ​លើក​នេះ​ជា​សេច​ក្ដី​អាម៉ាស់​ដ៏​ធំ​សម្រាប់​បេក្ខ​ជន​មក​ពី​គណ​បក្ស​អភិ​រក្ស​និយម​រូប​នេះ​ និង​​ជា​សញ្ញា​មិន​ល្អ​​​សម្រាប់​ប្រទេស​អាល្លឺ​ម៉ង់​។ ​នេះ​បើ​​តាម​​មតិ​ប្រជា​ជន​អាល្លឺម៉ង់​​​នៅ​ទី​ក្រុង​ហ្វ្រាង​ហ្វឺត (Frankfurt) ដែល​ចូល​រួម​ផ្ដល់​បទ​សម្ភាស​ឱ្យ​អ្នក​សារ​ព័ត៌​មាន​។

ជា​គោល​ការណ៍​ បើ​បេក្ខ​ជន​អធិការ​បតី​បញ្ជូន​ទៅ​សភា​មិន​បាន​ជោគ​ជ័យ​​ គណ​បក្ស​ឈ្នះ​ឆ្នោត​អាច​ស្នើ​បេក្ខ​ជន​ផ្សេង​ទៀត​នៅ​ពេល​ណា​ក៏​បាន​។ ​ឧប​មា​ថា​លោក​ហ្វ្រីត​រីច​​មើស​​ដក​ខ្លួន​ថយ​ ​គណ​បក្ស​ត្រូវ​ជ្រើស​រើស​បេក្ខ​ជន​ថ្មី។​​ គណ​បក្ស​របស់​លោក​ត្រូវ​ខិត​ខំ​ចរ​ចា​សា​ជា​ថ្មី​ជា​មួយ​គណ​បក្ស​ដទៃ​ទៀត​ដើម្បី​បង្គ្រប់​សំឡេង​​ លើក​លែង​តែ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ AfD​ ដែល​មិន​អាច​យក​ចូល​ទៅ​ក្នុង​កញ្ចប់​នយោបាយ​បាន​ទេ​ព្រោះ​មិន​ត្រូវ​ធាតុ​គ្នា​​។​

សម្រាប់​សម័យ​អន្តរ​កាល​នេះ ដោយ​សារ​មិន​ទាន់​ជ្រើស​រើស​បាន​អធិការ​បតី​ថ្មី លោ​កអូឡាហ្វ​សូល​ដែល​បាន​ផុត​អាណត្តិ និង​ប្រកាស​បញ្ចប់​តំណែង​​ជា​ផ្លូវ​ការ​ថ្ងៃ​នេះ​នឹង​បន្ត​កាន់​តំណែង​ជា​អធិការ​បតី​ស្ដី​ទី​ជា​បណ្ដោះ​អាសន្ន​​។ លោក​ហ្វ្រីត​រីច​មើស​ត្រូវ​ការ​​សំឡេង​គាំទ្រ​យ៉ាង​តិច​៣១៦​ពី​អ្នក​តំណាង​រាស្ត្រ​ក្នុង​ចំណោម​អាសនៈ​សរុប​៦៣០​។ ប៉ុន្តែ​ជាក់​ស្ដែង​លោក​ទទួល​បាន​៣១០​សំឡេង​។​ មាន​ន័យ​ថា​នៅខ្វះ​៦​សំឡេង​ទៀត​។

តាម​ពិត​ បើ​គេ​បូក​សរុប​ចំនួន​អ្នក​តំណាង​រាស្ត្រ​នៅ​ក្នុង​គណ​បក្ស​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​គួរ​ណាស់​លោក​ជាប់​ឆ្នោត​នៅ​សភា​​។ ប៉ុន្តែ​នៅ​ពេល​បោះឆ្នោត​ជាក់​ស្ដែង​អ្នក​តំណាង​រាស្ត្រ​យ៉ាង​១៨​រូប​​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​បោះ​ឆ្នោត​ប្រឆាំង​​នឹង​បេក្ខ​ភាព​របស់​លោក​មើស​។ ជា​បន្ត​ទៅ​ទៀត​នេះ រដ្ឋ​សភា​មាន​ពេល​១៤​ថ្ងៃ​ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី​ជ្រើស​រើស​លោក​មើស​​​ ឬ​បេក្ខ​ជន​ផ្សេង​។ មិន​ទាន់​បាន​អី​ផង គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ស្នើ​សុំ​ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​។

យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​អាល្លឺម៉ង់​ បេក្ខ​ជន​អធិការ​បតី​​អាច​បោះ​ឆ្នោត​ប៉ុន្មាន​ដង​ក៏​បាន​ដែរ​។ ប៉ុន្តែ​បើ​ក្នុង​រង្វង់​១៤​ថ្ងៃ​​គ្មាន​បេក្ខ​ជន​ណា​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​ទេ​ បេក្ខ​ជន​អធិការ​បតី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ឡើង​កាន់​អំណាច​​ដោយ​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​​​។ គេ​មិន​រំពឹង​ថា​សភា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់​ៗ​នេះ​ទេ។ នៅ​ពេល​នេះ គណ​បក្ស​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​កំពុង​តែ​មាន​អារម្មណ៍​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​នឹង​លទ្ធ​ផល​ឆ្នោត​កាល​ពី​ល្ងាច​មិញ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ ប៊ីប៊ី​ស៊ី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ