ទីក្រុងម៉ូស្គូ៖ រុស្ស៊ីត្រូវបង្ខំចិត្តបិទព្រលានយន្តហោះជាច្រើនកន្លែងនៅទីក្រុងម៉ូស្គូដោយសារការវាយប្រហារពីសំណាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនកាលពីយប់មិញ។ អ៊ុយក្រែនចាប់ផ្ដើមសម្រុកវាយប្រហារទីក្រុងម៉ូស្គូអស់រយៈពេល២យប់ជាប់គ្នាគិតទាំងយប់មិញទៀត។ មិនដឹងថាតើពួកគេនឹងបន្តវាយប្រហាររហូតដល់ថ្ងៃរំលឹកខួប៨០ឆ្នាំនៃទិវាជ័យជម្នះនៅរុស្ស៊ីឬយ៉ាងណា។ អាកាសចរណ៍ស៊ីវិលរុស្ស៊ីថ្លែងថាព្រលានយន្តហោះធំៗទាំង៤កន្លែងនៅម៉ូស្គូត្រូវផ្អាកដំណើរការជាច្រើនម៉ោង។
អភិបាលទីក្រុងម៉ូស្គូ លោកសឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) បង្ហោះសារនៅលើបណ្ដាញសង្គមថាដ្រូនរបស់អ៊ុយក្រែនយ៉ាងតិច១៩គ្រឿងត្រូវបានបាញ់ទម្លាក់មុនពេលពួកគេហោះទៅវាយប្រហារគោលដៅចុងក្រោយ។ កម្ទេចកម្ទីរបស់ដ្រូនទាំងនោះធ្លាក់ទៅលើផ្លូវហាយវ៉េសំខាន់ៗនៃទីក្រុងម៉ូស្គូ។ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួស ឬស្លាប់ទេ។
អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ ប៉ុន្តែអភិបាលក្រុងខាគីវ (Kharkiv) ថ្លែងថារុស្ស៊ីក៏បានវាយប្រហារដោយដ្រូនទៅលើទីក្រុងនេះផងដែរកាលពីយប់មិញ ប៉ុន្តែមិនបណ្ដាលឱ្យរបួស ឬស្លាប់នរណាម្នាក់ទេ។ ចំណែកអភិបាលតំបន់អូដេសា (Odesa) លោកអូឡេ ឃីបផឺ (Oleh Kiper) ថ្លែងថាដ្រូនរបស់រុស្ស៊ីវាយប្រហារទីតាំងនេះបណ្ដាលឱ្យស្លាប់មនុស្សម្នាក់។
ក្រសួងការពារជាតិរុស្ស៊ីអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែន២៦គ្រឿងកាលពីយប់មិញ។ ក្រៅពីម៉ូស្គូ អភិបាលក្រុងដទៃទៀតរបស់រុស្ស៊ីដូចជាផឹនហ្សា និងវ៉ូរ៉ូណេស (Penza & Voronezh) ប្រកាសថាដ្រូនរបស់អ៊ុយក្រែនហោះទៅវាយប្រហារទីក្រុងរបស់ខ្លួនដូចៗគ្នា។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង អ៊ុយក្រែនឧស្សាហ៍វាយប្រហារចូលទីក្រុងម៉ូស្គូដោយប្រើប្រាស់យន្តហោះដ្រូន។ កាលពីខែមីនា ធ្លាប់សម្លាប់ជនស៊ីវិលរុស្ស៊ីបីនាក់។
មានដំណឹងថាអ៊ុយក្រែនវាយឆ្មក់ចូលតំបន់ខឺសសាជាថ្មី។ អ៊ុយក្រែនថ្លែងថាខ្លួនវាយប្រហារទីបញ្ជាការដ្រូនរបស់រុស្ស៊ីនៅខឺសកាលពីថ្ងៃអាទិត្យ។ នៅខឺសដដែល មន្ត្រីរដ្ឋាភិបាលរុស្ស៊ីអះអាងថាស្ថានីយអគ្គិសនីនៃទីក្រុងរីល (Rylsk) ដាច់ភ្លើងកាលពីថ្ងៃចន្ទបន្ទាប់ពីអ៊ុយក្រែនវាយប្រហារ។ ស្ថានីយផ្គត់ផ្គង់ភ្លើងអគ្គិសនី២កន្លែងនៅរីលក៏រងការខូចខាតផងដែរ។ ហេតុការណ៍ផ្ទុះនោះបណ្ដាលឱ្យមនុស្សជំទង់២នាក់រងរបួសដោយសារអំបែងគ្រាប់ខ្ទាតត្រូវ៕
ចែករំលែកព័តមាននេះ