ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងបញ្ជាក់ថាបទឈប់បាញ់៣ថ្ងៃដែលលោកពូទីនបានប្រកាសជាឯកតោភាគីកាលពីសប្ដាហ៍មុននោះនឹងរក្សាទុកដដែល។ មានន័យថារុស្ស៊ីដឹងតែអនុវត្តហើយបទឈប់បាញ់នេះទោះបីអ៊ុយក្រែនអនុវត្ត ឬមិនអនុវត្តក៏ដោយចុះ។ ប៉ុន្តែរុស្ស៊ីសូមផ្ដាំ១ម៉ាត់ថាអ៊ុយក្រែនមិនត្រូវឆ្លៀតឱកាសវាយប្រហារនៅថ្ងៃនោះទេ (៨-១០ ឧសភា)។ បើដូច្នេះមែន រុស្ស៊ីសូមរក្សាសិទ្ធិវាយប្រហារអ៊ុយក្រែនវិញហើយ។
កាលពីថ្ងៃទី២៨ ខែឧសភា លោកពូទីនប្រកាសបទឈប់បាញ់៣ថ្ងៃដើម្បីអបអរសាទរខួប៨០ឆ្នាំនៃទិវាជ័យជម្នះលើរបបណាហ្ស៊ីអាល្លឺម៉ង់កាលពីអំឡុងសង្គ្រាមលោកលើកទី២។ គេមិនត្រូវភ្លេចទេថាអ៊ុយក្រែនទទួលស្វាគមន៍វត្តមានរបស់កងទ័ពអាល្លឺម៉ង់យ៉ាងកក់ក្ដៅបំផុត។ ប្រជាជនអ៊ុយក្រែនភាគច្រើនចាត់ទុកកងទ័ពអ៊ីទ្លែជាអ្នករំដោះពួកគេពីនឹមត្រួតត្រារបស់រុស្ស៊ី។
ហេតុនេះគេអាចសន្និដ្ឋានបានថាប្រវត្តិជម្លោះដ៏ជូរចត់រវាងអ៊ុយក្រែន និងរុស្ស៊ីមិនមែនទើបតែកើតមាននៅពេលនេះទេ។ ប៉ុន្តែបានកើតឡើងតាំងពីយូរមកហើយ។ ដូច្នេះ ទិវាជ័យជម្នះរបស់រុស្ស៊ីប្រហែលមិនមែនជាទីចាប់អារម្មណ៍របស់អ៊ុយក្រែនទេ។ វិមានក្រឹមឡាំងថ្លែងថាបទឈប់បាញ់រយៈពេលបីថ្ងៃ ឬស្មើនឹង៧២ម៉ោងនោះនឹងអនុវត្តពីថ្ងៃទី៨ដល់ទី១០ ខែឧសភា។
នៅអំឡុងពេលនោះ រុស្ស៊ីបានអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិទៅចូលរួមច្រើនណាស់។ សូម្បីតែប្រធានាធិបតីចិន លោកស៊ីជីនពីង និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកតូឡាម ក៏នឹងអញ្ជើញទៅចូលរួមផងដែរ។ រហូតមកដល់ពេលនេះ លោកហ្សេឡិនស្គី មិនបានប្រកាសទទួលយកបទឈប់បាញ់នេះទេ។ លោកនិយាយដោយខ្លីថាអ៊ុយក្រែនទទួលយកតែបទឈប់បាញ់រយៈពេល៣០ថ្ងៃ ឬយូរជាងនេះតែប៉ុណ្ណោះ។
ចំណុចមួយទៀតដែលគេចាប់អារម្មណ៍នៅត្រង់ថាលោកហ្សេឡិនស្គីព្រលយពាក្យថាបញ្ហាសន្តិសុខ និងសុវត្ថិភាពនៅលើទឹកដីរុស្ស៊ីត្រូវតែរុស្ស៊ីជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។ ការថ្លែងដូច្នេះដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់វិមានក្រឹមឡាំងដែលចង់ឱ្យទីក្រុងកៀវបញ្ជាក់ឱ្យបានច្បាស់ថាខ្លួននឹងមិនវាយប្រហារទីក្រុងម៉ូស្គូ ឬកន្លែងរៀបចំទិវាជ័យជម្នះទេ។
ចំពោះសំណួរថាតើរុស្ស៊ីនឹងធ្វើដូចម្ដេចបើអ៊ុយក្រែនមិនទទួលយកបទឈប់បាញ់បីថ្ងៃដែលប្រកាសដោយលោកពូទីននោះ? អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាជាការពិត បទឈប់បាញ់ដែលប្រកាសដោយលោកពូទីននឹងត្រូវរុស្ស៊ីអនុវត្តដោយឥតមានកែប្រែអ្វីទេ។ នោះជាថ្ងៃឈប់សម្រាកនៅរុស្ស៊ី។ កងទ័ពបានទទួលការណែនាំឱ្យផ្អាកផ្ទុះអាវុធនៅអំឡុងពេលនោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថាបើទីក្រុងកៀវមិនអនុវត្តបទឈប់បាញ់ ហើយវាយប្រហាររុស្ស៊ី ពេលនោះរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបជាបន្ទាន់ដោយសមាមាត្រ។ វិមានក្រឹមឡាំងទទួលស្គាល់ថារហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ផ្ដល់ចម្លើយដ៏ប្រាកដប្រជាថាខ្លួនទទួលយកបទឈប់បាញ់នេះទេ។ នេះបើតាមការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ