ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានចាប់ផ្តើមដង្ហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់នៅល្ងាចថ្ងៃច័ន្ទកាលពីម្សិលមិញ ដើម្បីស្នើសុំឱ្យអាល្លឺម៉ង់ពិនិត្យមើលបញ្ហារបស់ព្រះមហាក្សត្រថៃ ដែលគង់នៅក្នុងប្រទេសអាល្លឺម៉ង់។
ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រមូលផ្ដុំគ្នានៅផ្លូវបំបែក Samyan ប្រហែលម៉ោង ៥ ល្ងាច ហើយចាប់ផ្តើមដង្ហែរក្បួននៅលើផ្លូវរ៉ាម៉ាទី៤ ទៅកាន់ស្ថានទូតអាល្លឺម៉ង់នៅផ្លូវសាថន។
ពួកគេបាននិយាយថា ពួកគេដាក់ញត្តិទៅរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈស្ថានទូត ដើម្បីពិនិត្យមើលថាតើព្រះមហាក្សត្របានរំលោភលើអធិបតេយ្យភាពរបស់អាល្លឺម៉ង់ ដោយប្រើអំណាចរបស់ព្រះអង្គនៅលើទឹកដីអាល្លឺម៉ង់ឬយ៉ាងណា។
ស្ថានទូតអាល្លឺម៉ង់នៅថ្ងៃច័ន្ទ បានចេញសេចក្តីថ្លែងការណ៍មួយដែលបានសរសេរកាលពីថ្ងៃអាទិត្យ ដោយសង្កត់ធ្ងន់លើតម្រូវការនៃការប្រមូលផ្តុំដោយសន្តិវិធីដោយក្រុមបាតុករនិងការពារទីតាំងរបស់ខ្លួនដោយរដ្ឋាភិបាលក្រោមសន្ធិសញ្ញា Vienna។
ស្ថានទូតបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលញត្តិនិងបញ្ជូនវាទៅទីក្រុងប៊ែរឡាំង ក្នុងលក្ខខណ្ឌដែលវាត្រូវបានបញ្ជូនតាមលក្ខណៈសន្តិភាព។
ការជួបជុំនេះបានបញ្ចប់នៅម៉ោងប្រហែល ៩យប់ បន្ទាប់ពីសហប្រធានម្នាក់បានប្រាប់ក្រុមអ្នកតវ៉ាថា ឯកអគ្គរដ្ឋទូតបាននិយាយថាលោកនឹងបញ្ជូនលិខិតរបស់ពួកគេទៅរដ្ឋាភិបាលអាល្លឺម៉ង់៕
ចែករំលែកព័តមាននេះ